អ្នកចាំទី ញ៉ែម ស្លៃម៉ាន របស់​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​ក្នុង​វគ្គ​ជើង​ឯក​ថ្នាក់​ខេត្ត​នៃ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) គឺ​ភ្នំពេញហ្គាឡាក់ស៊ី បាន​​ក្លាយ​ជា​​កីឡាករ​រក្សា​សំណាញ់​ទី​មិន​អោយ​​ចូល​គ្រាប់​បាល់​ (Clean Sheets)បាន​២លើក​មុន​កីឡាករ​ដទៃ ស្រប​ពេល​ដែល​ក្រុម​របស់​ខ្លួន​​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ។

អ្នកចាំទី ញ៉ែម ស្លៃម៉ាន ក្នុង​ជម្រើស១១នាក់ដំបូង​ជាមួយ​ភ្នំពេញហ្គាឡាក់ស៊ី

២ប្រកួត​កន្លង​មក​របស់​ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី បាន​យក​ឈ្នះ​លើ​​ក្រុម​ខេត្ត​កែប ដោយ​លទ្ធផល ៦-០ ប្រចាំ​សប្ដាហ៍​ទី២ លើ​ទីលាន​​វិទ្យាល័យ ច្បារអំពៅ នៃ​ពូល A ខណៈ​នៅ​សប្ដាហ៍​ទី៣ ក្រុម​​នៅ​រាជធានី​ភ្នំពេញ នេះ​​បន្ត​យក​ឈ្នះ​លើ​ក្រុម​​ម្ចាស់​ផ្ទះ​ខេត្ត​កំពត ដោយ​លទ្ធផល ១-០ លើ​ទីលាន​វិទ្យាល័យ​ព្រះរាជសម្ភារ។ កាល​ពី​ប្រកួត​សប្ដាហ៍​ទី១ ក្រុម​ដឹកនាំ​ដោយ​លោក​គ្រូ ណុប ញ៉ក់ សម្រាក​សិន។

អត្ថបទពាក់ព័ន្ធ៖Hun Sen Cup៖ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ចាយកាតច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី៤

ដូច្នេះ​ការ​បង្ហាញ​ខ្លួន​២​ប្រកួត​កន្លង​មក​របស់​អ្នកចាំទី ញ៉ែម ស្លៃម៉ាន បាន​រក្សា Clean Sheets ទាំង​២​លើក។ កីឡាករ​រូប​នេះ​​មាន​វ័យ​៣៤​ឆ្នាំ​ទៅ​ហើយ ដោយ​គេ​ធ្លាប់​ជា​សមាជិក​របស់​ក្រុម​ខេត្ត​ត្បូងឃ្មុំ មុន​ផ្ទេរ​មក​ចូលរួម​ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី។ ក្រោយ​ពេល​ធ្វើ​ដំណើរ​មក​ដល់​រាជធានី ញ៉ែម ស្លៃម៉ាន ដណ្តើម​បាន​ឱកាស​ជាប់​ជម្រើស​១១​នាក់​ដំបូង ប្រចាំ​ក្រុម​តែ​ម្តង ស្រប​ពេល​ដែល​ម្ចាស់​ស្រោមដៃមាស​ឆ្នាំ​ចាស់ ស៊ុប អះម៉ាត់ ស្ថិត​នៅ​កៅអី​បម្រុង​វិញ។ ចំណែក​អ្នកចាំទី​ដៃ​ទី៣​របស់​ក្រុម​គឺ​កីឡាករ ម៉ាន សាន់។ ​

ឆ្លងកាត់​២០ប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ខេត្ត​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​នេះ​ឃើញ​ថា​ មាន​កីឡាករ​៥នាក់​ហើយ​អាច​រក្សា Clean Sheets បាន​ដោយ​ក្នុង​នោះ​មាន៖
១) អ្នកចាំទី ញ៉ែម ស្លៃម៉ាន ភ្នំពេញហ្គាឡាក់ស៊ី ចំនួន​២លើក
២) អ្នកចាំទី សំអាត រ៉ាវី របស់​ត្បូងឃ្មុំ ចំនួន​១លើក
៣) អ្នកចាំទី ហ៊ាង រតនៈបណ្ឌិត របស់​ឧត្តរមានជ័យ ចំនួន​១លើក
៤) អ្នកចាំទី ស៊ុន ខៃ របស់​ខេត្ត​កំពង់ឆ្នាំង ចំនួន​១លើក
៥) អ្នកចាំទី ទឿន វ៉ាឃីម របស់​ក្រុម​ឈើតុំ (ពោធិ៍សាត់) ចំនួន​១លើក​

អត្ថបទពាក់ព័ន្ធ៖អ្នកគាំទ្រ​ជាង​១ម៉ឺននាក់​ចូល​ទស្សនា​ផ្ទាល់​ក្នុង​ពាន Hun Sen Cup ថ្នាក់ខេត្ត

ប្រកួត​បន្ត​របស់​ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី ត្រូវ​បើក​ទ្វា​ទីលាន​​វិទ្យាល័យ ច្បារអំពៅ ទទួល​ក្រុម​ខេត្ត​ព្រះសីហនុ នៅ​វេលា​ម៉ោង ៣:៣០នាទី​រសៀល​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២៣។

តើ​ភ្នំពេញហ្គាឡាក់ស៊ី បន្ត​ជ័យជម្នះ​បាន​ទៀត​ដែរ​ឬទេ? ចុះញ៉ែម ស្លៃម៉ាន នឹង​បន្ត​ធ្វើ​បាន​ល្អ​ក្នុង​ប្រកួត​ទី៣​ឬ​យ៉ាងណា?

ព័ត៌មានជាច្រើនពីពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន សូមចុចអាននៅទីនេះ…

រូបថត៖Hun Sen Cup

Share.