ការប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ហើយ ដោយល្ងាច​ថ្ងៃ​អាទិត្យ នេះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ត្រូវបើកទ្វាកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវមកពីខេត្តតាកែវ គិរីវង់សុខសែនជ័យ នៅវេលាម៉ោង ៦:៣០ នាទីល្ងាច។

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន សំណូមពរឲ្យអ្នកគាំទ្រមកទស្សនាការប្រកួតផ្ទាល់៖ «ជាការពិតណាស់យើងពិតជាចង់ឲ្យអ្នកគាំទ្រមកមើលកីឡដ្ឋានថ្មីរបស់យើង គាំទ្រក្លិប គាំទ្រលីគ ព្រោះពួកគេមកកាន់តែច្រើន ក៏អាចឲ្យអ្នកឧបត្ថម្ភមកច្រើនតាមនឹងដែរ ខ្ញុំនិយាយនេះអំពីការប្រកួតជារួមព្រោះយើងមានការប្រកួតប្រជែងដ៏ល្អនៅក្នុងលីគ តាមគំនិតរបស់ខ្ញុំការប្រកួតភាគច្រើនគឺតានតឹង និងគួរចាប់អារម្មណ៍ជាងការប្រកួតសុីហ្គេមផង»។

«យើងអាចនិយាយថាការប្រកួតសុីហ្គេមសំខាន់ព្រោះជាការប្រកួតរបស់ក្រុមជម្រើសជាតិ ប៉ុន្តែបើនិយាយពីគុណភាពការប្រកួត CPL មានភាពតានតឹងជាង និងសុទ្ធតែការប្រកួតមានគុណភាពខ្ពស់​ ព្រោះតែមានកីឡាករល្អៗ​ និងបរទេសផងដែរ។ ហើយសម្រាប់ការប្រកួតវិញគឺយើងមិនអាចទាយបាននោះទេ អំពីលទ្ធផល ទាំងនេះសង្ឃឹមថាជាការជម្រុញឲ្យអ្នកគាំទ្រមកទស្សនាផ្ទាល់ឲ្យបានច្រើន ដោយសារតែកីឡដ្ឋានក៏កាន់តែស្អាតផងដែរ និងមានភាពងាយស្រួលក្នុងការទស្សនាផងដែរ»។

«ជាពិសេសគឹកីឡដ្ឋាន Smart RSN បន្ទាប់ពីកែលម្អររួចរាល់ មើលទៅគឺពិតជាស្រស់ស្អាត បើប្រៀបធៀបទៅនឹងកីឡដ្ឋានផ្សេងៗ នៅទីនេះវាពិតជាជិតនឹងកីឡាករដែលកំពុងលេង​ប្រៀបបានទៅនឹងកីឡដ្ឋាននៅប្រទេសអង់គ្លេសមួយចំនួន ពេលដែលមានមនុស្សមកទស្សនាចំនួន ១០០០នាក់​ ឬ ២០០០នាក់ គឺធ្វើឲ្យយើងមានអារម្មណ៍ប្លែក បើបធៀបទៅនឹងពហុកីឡដ្ឋានជាតិមរកតតេជោ និងអូឡាំពិច ដូច្នេះសូមអញ្ជើញមកទស្សនាការប្រកួត និងរីករាយជាមួយការប្រកួត។»

សម្រាប់ការប្រកួត​ជើងទី១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កន្លង​ទៅ​ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣ទល់និង០ នៅកីឡដ្ឋានគិរីវង់។

ខណ:ក្រុមណាហ្គាលវើល បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ ដោយត្រូវរង់ចាំ ជំនួបរវាងក្រុមភ្នំពេញក្រោន ទល់និង គិរីវង់សុខសែនជ័យ។

លទ្ធផលសរុបទាំងពីជើង៖
(ជើងទី១) ណាហ្គាវើល ១ ០ វិសាខា
(ជើងទី២) វិសាខា ០ ២ ណាហ្គាវើល៕

Share.