សិល្បៈ​ជាតិ​៖ ​ថ្មីៗ​នេះ​ភាគី​ថៃ​​បាន​​​ស្នើ​សុំ​​យ៉ាង​ទទូច​ឱ្យ​កម្ពុជា​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រះវិហារ​ឡើង​វិញ​បន្ទាប់​ពី​បាន​​បិទ​អស់រយៈ​ពេល ​១៥​ឆ្នាំ​។ ករណី​នេះ​ត្រូវ​បាន​ពល​រដ្ឋ​កម្ពុជា​គ្រប់​រូប​ផ្ដោត​ការ​ចាប់​អារម្មណ៍ ​ជា​ពិសេស​ក្នុង​នោះ​សិល្បករ​សម្ដែង​រូប​សង្ហា​បែប​ខ្មែរ​អង្គរ​ អ៊ុន សិទ្ធា ក៏​បាន​​បញ្ចេញ​មតិ​មិន​គាំទ្រ​ឱ្យ​បើក​ច្រក​ទ្វារ​ព្រំដែន​វិញ​ ព្រោះ​លោក​យល់​ថា​​ផល​ចំណេញ​​បាន​ទៅ​ថៃ​មិន​ចំណេញ​ដល់​​កម្ពុជា​យើង​នោះ​ឡើយ​។

សូមអាន៖ ​អ្នក​គាំទ្រ​និង​មហាជន​បារម្ភ​ពី​សុវត្ថិភាព​លោក​ អ៊ុន​ សិទ្ធា​ ក្រោយ​ឃើញ​លោក​បង្ហោះ​សំណេរ​បែប​នេះ​!

លើក​ឡើង​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ និង​ស្នេហា​ជាតិ​ លោក​ អ៊ុន សិទ្ធា បាន​ស្នើ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន​

«​កូន​សូម​គោរព​ជំរាបសួរ​សម្ដេច​ពុក ជា​ទីគោរព​ ថ្ងៃនេះ​កូន​សូម​ចូលរួម​ជា​មតិ​យោបល់​ដែល​ពាក់ព័ន្ធ​ទៅ​​នឹង​ប្រទេស​ថៃ​ ដែល​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បើក​ច្រក​ព្រំដែន​ព្រះវិហារ​។ ក្នុង​នាម​កូន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ កូន​សូម​មិន​គាំទ្រ​ឱ្យ​បើក​ច្រក​ព្រំដែន​ព្រះវិហារ​ទេ​។ ព្រោះ​ប្រទេស​ថៃ​មួយ​នេះ​ពិសពុល​សាហាវ​ណាស់​ ភាសា​ផ្អែម​រលួយ​តែ​ស៊ីរូង​ដល់​ក្នុង​។ បើក​ឱ្យ​ថៃ​ក៏​មិន​ចំណេញ​ដល់​ខ្មែរ​ដែរ​ ខ្មែរ​គឺ​មាន​តែ​ខាត​ប្រយោជន៍​។ ប្រជាជន​ខ្មែរ​នៅ​តំបន់​នោះ​អាច​រស់​ស៊ាំ​ទៅ​ហើយ តាំង​ពី​បិទ​ក្នុង​ឆ្នាំ​ ២០០៨ មក​ម្ល៉េះ​។ សេចក្ដី​គួរ​ពុំ​គួរ​ សូម​សម្ដេច​ពុក​ មេត្តា​ដល់​កូន​ផង​ វីរបុរស​របស់​ខ្ញុំ​»

សារ​សំណូ​ម​ពរ​របស់​លោក​ អ៊ុន សិទ្ធា​ ជូន​ចំពោះ​សម្ដេច​តេជោ​នេះ​ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​គាំទ្រ​ និង​យល់​ស្រប​ចំពោះ​អ្វី​ដែល​ជា​ការ​មើល​ឃើញ​របស់​លោក​។ ក្នុង​នោះ​មាន​ការ​លើក​ឡើង​ថា​ដូច្នេះ​៖ «​ពិតមែន​ហើយ​បងប្រុស​ ​កម្ពុជា​មិន​ចាំបាច់​អី​ត្រូវ​បើក​នោះ​ទេ​ ​សូម​បិទ​ជា​រៀង​រហូត​កុំ​បើក​អី​ ​ព្រោះ​ប្រទេស​នោះ​មិន​ដែល​មាន​គំនិត​ល្អ​មក​លើ​កម្ពុជា​ឡើយ​»

«អ្នក​សិល្បៈ​គ្រប់​រូប​មួយ​ចំនួន​ធំ​ផ្សេង​ទៀត​គួរ​តែ​យក​គំរូ​តាម​​លោក​​ ​អ៊ុន សិទ្ធា​ ​ដោយ​ហ៊ាន​និយាយ​គាំទ្រ​ជាតិ​និយម​ និង​គិត​ប្រយោជន៍​បងប្អូន​ប្រជា​ពលរដ្ឋ​ជា​ធំ​។​ ​ព្រោះ​អ្នក​សិល្បៈ​គឺ​ជា​ស្នូល​ដ៏​ធំ​ដែល​ផ្សព្វផ្សាយ​ពត៌មាន​បាន​រហ័ស​និង​​មាន​​អ្នក​​តាមដាន​ច្រើន​។​»

«​ខ្ញុំ​ ​សូម​គាំទ្រ​ ​អោយ​បិទ​រហូត​ទៅ​ដេីម្បី​​ភាព​សុខសាន្ត​របស់​ប្រទេស​ ​និង ​រាស្ត្រ​ការពារ​​ដល់​កូន​ចៅ​ជំ​នាន់​ក្រោយ ​កុំ​អោយ​ពិបាក​ ​ដោយ​សារ​​ជម្លោះ​រវាង​ប្រទេស​ជិត​ខាង​បង្ករ​អោយ​មាន​សង្រ្គាម​ថ្ងៃ​ក្រោយ​ ​ព្រោះ​ជនជាតិ​ថៃ​ប្រៀប​ដូច​សត្វ​ក្រពេី​ចឹង​ ​មិន​ដឹង​ពេល​ណា​វា​ខាំ​យេីង​ទេ​…​»

ដោយ​ឡែក ទោះ​ជា​​មាន​អ្នក​គាំទ្រ​ច្រើន​លើសលប់​ក្ដី ប៉ុន្តែ​​នៅ​មាន​មតិ​មួយ​ចំនួន​បាន​​សម្ដែង​ក្ដី​​ព្រួយ​បារម្ភ​ពី​បង​ប្អូន​ខ្មែរ​ដែល​កំពុង​រស់​នៅជាប់​ច្រក​ព្រំដែន​ព្រះ​វិហារ​ ដោយ​មាន​អ្នក​ខ្លះ​បាន​លើក​ជា​យោបល់​ដែរ​ថា​ «រឿង​នេះ​គួរ​ទុក​ឱ្យ​បងប្អូន​អ្នក​ព្រះវិហារ​មាន​មតិ ព្រោះ​យើង​នៅ​ឆ្ងាយ​មិន​បាន​ដឹង​ពី​សុខ​ទុក្ខ​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​ខាង​នោះ​ឡើយ​»

«​បង​ត្រូវ​គិត​ថា​ប្រជាជន​យេីង​ទៅ​នៅ​ធ្វេី​ការងារ​ប្រទេស​គេ​ផង​ បេី​ក​ច្រក​​​ក៏​​មាន​បងប្អូន​ប្រកប​របរ​​ មាន​ផល​ប្រយោជន៍​​ដល់​បងប្អូន​ខ្មែរ​យេីង​ ​មាន​ចំនុច​ល្អ​ ​ច្រេីន​ជាង​​ ក្រែង​រាល់​ថ្ងៃ​ ​បាន​ផលិតផល​គេ​តេី​បង​​ ចំនុច​ល្អ​ច្រេីន​ដល់​បងប្អូន​ខ្មែរ​​ ​ខ្លាច​គេ​យក​ប្រាសាទ​ព្រះ​វិហារ​មែន​? ​ប្រែ​ជា​មាន​ចំណូល​ទៅ​វិញ​ទេ​ ​គាំទ្រ​អោយ​បេីក​ច្រក​អោយ​ ​កុំ​បេីក​ជិត​ជេីង​ប្រាសាទ​អី​ចៀស​វាង​មាន​បញ្ហា​ ​សូម​បេីក​ឆ្ងាយ​ពី​នឹង​បាន​ល្អ​ ​អាណិត​ប្រជាជន​ក្រីក្រ​ផង​នៅ​តំបន់​នោះ​ខ្លះ​ ​គាត់​រក​មុខ​របរ​ខុស​ច្បាប់​ ​ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ដេីម​ ​បញ្ហា​ធំ​ច្រក​នឹង​ពិបាក​ដឹក​ជញ្ជូន​ខ្លាំង​ណាស់​ ​ភ្នំខ្ពស់​ពេក»

តប​ចំពោះ​មតិ​ដែល​ចង់​ឱ្យ​ច្រក​ព្រំដែន​ព្រះ​វិហារ​ត្រលប់​មក​បើក​ដូច​ប្រក្រតី​វិញ​លោក​ អ៊ុន សិទ្ធា បាន​ឆ្លើយ​ថា «អរគុណ​ចំពោះ​ទស្សនៈ​ដែល​បាន​លើក​ឡើង​មក​នេះ​ តែ​អ្វី​ដែល​សំខាន់​នោះ​ ថៃ​មិន​មែន​គិត​តែ​ត្រឹម​ហ្នឹង​ទេ​ យើង​បាន​តែ​មួយ​​ពី​ថៃ​ តែ​យើង​បាត់​ទាំង​មូល​ពី​ខ្មែរ។ ត្រូវ​ចាំ​ថា​ថៃ​ពូកែ​បំភ្លៃ​ការ​ពិត​ណាស់​»

តារា​សម្ដែង​រូប​នេះ​ ​បាន​បន្ត​ឆ្លើយ​តប​ចំពោះ​អ្នក​ដែល​ចង់​ឱ្យ​បើក​​ច្រក​ព្រំដែន​ទៀត​ថា​៖ «ខ្ញុំ​ដឹង​ហើយ​ក៏​យល់​ដែរ ខ្ញុំ​មាន​មិត្ត​ភក្ដិ​រស់​នៅ​ទីនោះ​ដែរ​ គាត់​ថា​ពិបាក​តាំង​ពី​បិទ​ច្រក​ព្រំដែន​មក​ តែ​គាត់​ថា​ទ្រាំ​បាន​១៥​ឆ្នាំ​ហើយ​ ដូច្នេះ​គាត់​ថា​ស៊ាំ​ហើយ​ អ្វី​ដែល​គួរ​ឱ្យ​ខ្លាចគឺថៃ​ចង់​បាន​នូវ​អ្វី​ដែល​វា​មាន​បំណង​យូរ​ហើយ​។ ថ្វី​ត្បិត​តែ​ខ្ញុំ​សួរ​មិត្តភក្ដិ​ខ្ញុំ​តែ​មួយ​ជ្រុង​ តែ​ខ្ញុំ​ក៏​យល់​ពី​ទុក្ខ​លំបាក​របស់​បងប្អូន​ដែរ​ យើង​បាន​តែ​មួយ​ពី​ថៃ​ តែ​យើង​ត្រូវ​បាត់​បង់​ទាំង​មូល​ពី​ខ្មែរ​។ ខ្ញុំ​មាន​យោបល់​ ព្រោះ​ខ្ញុំ​ក៏​ជា​ឈាម​ខ្មែរ​ ប្រជាពលរដ្ឋ​ខ្មែរ​ដែរ​។»

ទាំង​នេះ​គឺជា​ការ​លើក​ឡើង​និង​ការ​យល់​ឃើញ​មួយ​ជ្រុង​ពី​សិល្បករ និង​ ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ ចំពោះ​​ការ​សម្រេចចិត្ត​ណាមួយ​នោះ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គឺជា​អ្នក​សម្រេច​ហើយ​រាល់​ការ​សម្រេច​​ថា​នឹង​បើក​ឡើង​វិញ​ ឬ​បន្ត​បិទ​ច្រក​ព្រំដែន​ព្រះវិហារ​ ច្បាស់ណាស់​គឺ​​មាន​ការ​ពិភាក្សា​និង​ប្រឹក្សា​យោបល់​យ៉ាងល្អិតល្អន់​ ​ដើម្បី​ជា​​ប្រយោជន៍​រួម​របស់​ជនរួម​ជាតិ​ ​និង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​៕

Share.