ស្វាយរៀង ៖ បុរសចំណាស់ម្នាក់ ហេតុតែជីវភាពក្រីក្រ រស់ទាំងត្រដរ ដោយរកត្រី គ្រាន់ចិញ្ចឹមជីវិត គ្រួសារ ជាអកុសលគ្រាដែលចុះក្នុងបឹងដើម្បីទៅលើកដៃយកត្រី ស្រាប់តែលង់ស្លាប់លិចបាត់ក្នុងទឹក អស់ជាច្រើនម៉ោងទើបរកសាកសពឃើញ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅបឹងខាងត្បូងវត្តលក្ខរាជា ក្នុងភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

ជនរងគ្រោះឈ្មោះ គួង សាន់ ភេទប្រុស អាយុ៧៣ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅជាមួយកូនស្រី ក្នុងស្ថានភាពជីវភាពក្រីក្រ ក្នុងភូមិកើតហេតុខាងលើ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា នៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមគ្រួសារ កូនចៅ ជាប់រវល់ចេញទៅចូលរួមបុណ្យសពសាច់ញាតិ ចំណែកជនរងគ្រោះ នៅវេលាម៉ោង៧ព្រឹកក៏បានជិះកង់ ទៅរកមើលដៃដាក់នៅក្នុងបឹង ដើម្បីយកត្រី លុះវេលាម៉ោង១០ព្រឹក កូនចៅវិលមកដល់ផ្ទះ មិនឃើញឪពុក ក៏ដើរស្វែងរក តែមិនឃើញ មិនអស់ចិត្តនាំគ្នាទៅតាមរកមើល នៅបឹងកន្លែងជនរងគ្រោះដាក់ដៃ ស្រាប់តែឃើញកង់ និងស្បែកជើង តែមិនឃើញជនរងគ្រោះ មើលទៅកន្លែងដៃប្រទះឃើញប៊ីដុងមួយដែលជនរងគ្រោះសម្រាប់ឱបកាន់ពេលចុះទឹក បែជានៅអណ្តែតលើទឹកទៅវិញ ដាក់ការសង្ស័យជនរងគ្រោះលង់ទឹកលិចបាត់ ទើបផ្អើលឆោឡោ ពលរដ្ឋ ក្រុមគ្រួសារ បើកទ្វារទឹកបង្ហូូរទម្លាក់ចុះទៅព្រែក ដើម្បីឲ្យផ្ទៃទឹកខាងបឹងរីង ងាយស្រួលរក រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ទើបប្រទះឃើញ ជនរងគ្រោះស្លាប់បាត់ទៅហើយ ដោយសារលង់ទឹក ពេលដែលចុះទៅលើកដៃក្នុងបឹង ។

សពជនរងគ្រោះ ក្រោយសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.