ម៉ាឡេស៊ី រៀបចំ​ព្រឹត្តិការណ៍​កីឡា​វាយ​សី Malaysia Masters របស់​ខ្លួន​​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក ខណៈ​ដែល​លទ្ធផល​នៃ​ការ​ប្រកួត​បញ្ចប់​នៅ​​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៣ ថ្មីៗនេះ​ម្ចាស់​ផ្ទះ​បន្ត​របូត​ពាន​គ្រប់​វិញ្ញាសា ហើយ​ការ​របូត​​នេះ​គឺ​បន្ត​ច្រំដែល​គិត​ចាប់តាំង​ពី​ឆ្នាំ​២០១៧ មក។

វិញ្ញាសា​វាយ​គូ​នារី Pearly Tan និង Thinaah Muralitharan របស់ម៉ាឡេស៊ី

ព្រឹត្តិការណ៍​វាយ​សី​អន្តរជាតិ​នេះ​បើក​ឱ្យ​ប្រកួត​ចំនួន​៥​វិញ្ញាសា ស្រប​ពេល​ដែល​ឆ្នាំ​២០២៣ នេះ​វិញ្ញាសា៖
-ឯកត្តជន​នារី៖ Prannoy H. S (ឥណ្ឌា)
-ឯកត្តជន​បុរស៖ Akane Yamaguchi (ជប៉ុន)
-វាយ​គូ​បុរស៖ Kang Min-hyuk និង Seo Seung-jae (កូរ៉េខាងត្បូង)
-វាយគូ​នារី៖ Baek Ha-na និង Lee So-hee (កូរ៉េខាងត្បូង)
-វាយ​គូ​ចម្រុះ៖ Dechapol Puavaranukroh និង Sapsiree Taerattanachai (ថៃ)

តាម​ពិត​ទៅ​សមាជិក​របស់​ក្រុម​ម៉ាឡេស៊ី បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​២វិញ្ញាសា ប៉ុន្តែ​ត្រូវ​បរាជ័យ​ទាំង​អស់​គឺ​ក្នុង​វិញ្ញាសា​វាយ​គូ​នារី Pearly Tan និង Thinaah Muralitharan ចាញ់​ក្រុម​របស់​កូរ៉េខាងត្បូង ២​សិត​ទល់១សិត ហើយ​វាយ​គូ​បុរស​ Man Wei Chong និង​ Tee Kai Wun ចាញ់​ក្រុម​កូរ៉េខាងត្បូង ដែរ​ដោយ​លទ្ធផល​២​សិត​ទល់១​សិត​ដូចគ្នា។

ក្នុង​ចំណោម​៥​វិញ្ញាសា ខាង​លើ​នេះ​កីឡាករ Tan Kian Meng និង​កីឡា​ការិនី Lai Pei Jingជា​សមាជិក​​របស់​ម៉ាឡេស៊ី ចុង​ក្រោយ​គេ​ដែល​ឈ្នះ​ជើង​ឯក​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ ក្នុង​ឆ្នាំ​២០១៧ ខណៈ​គិត​ពី​ពេល​នោះ​មក​ក្រុម​ភ្ញៀវ​ប្រមូល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​អស់។

ព្រឹត្តិការណ៍​វាយ​សី​នេះ រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​២៣ ដល់​២៨ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​គេ​ចាត់​ទុក​ថា​ជា​កម្រិត BWF World Tour Super 500 មាន​ប្រាក់​រង្វាន់​សរុប​ប្រមាណ​៤២០០០០ ដុល្លារ​អាមេរិក ធ្វើ​ឡើង​នៅ​ទីលាន Axiata Arena ក្នុង​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។

ម្ចាស់​ជើង​ឯក​ផ្នែក​វិញ្ញាសា​ឯកត្តជន ទទួល​បាន​ប្រាក់​រង្វាន់​៣១,៥០០ដុល្លារ​អាមេរិក ហើយ​ជើង​ឯក​រង​បាន​១៥,៩៦០​ដុល្លារ​អាមេរិក ស្រប​ពេល​វិញ្ញាសា​វាយ​គូ​ម្ចាស់​ជើង​ឯក​បាន​ចំនួន​៣៣,​១៨០​ដុល្លារ​អាមេរិក ហើយ​ជើង​ឯក​រង​ទទួល​បាន​១៥,៩៦០​ដុល្លារ​អាមេរិក។

សូម​បញ្ជាក់​ថា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ឆ្នាំ​២០២៣ កន្លង​ទៅ​​លើ​ទឹកដី​នៅ​ប្រទេស​កម្ពុជា ក្រុម​ម៉ាឡេស៊ី របូត​មេដាយ​​​មាស​ដែរ ដោយ​កាល​នោះ​ឥណ្ឌូណេស៊ី ដណ្តើម​បាន​៥គ្រឿង ថៃ​២គ្រឿង និង​ម្ចាស់​ផ្ទះ​កម្ពុជា ១គ្រឿង៕

Share.