មន្ត្រីរដ្ឋាភិបាលក្នុងប្រទេសឥណ្ឌា ត្រូវបានផ្អាកពីការងាររបស់គាត់ បន្ទាប់ពីគាត់បានបញ្ជាឲ្យបូមទំនប់ទឹកមួយកន្លែងឲ្យរីង ដើម្បីស្រង់យកទូរស័ព្ទដៃរបស់គាត់ ដែលបានធ្លាក់ចូលទឹកពេលកំពុងថតរូប សែលហ្វី (Selfie)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។

កាសែត The Times of India បានរាយការណ៍ថា លោក រ៉ាចែស វីស្វាស (Rajesh Vishwas) ជាមន្រ្តីអធិការកិច្ចខាងចំណីអាហារ បានធ្វើឲ្យទូរស័ព្ទដៃរបស់លោកធ្លាក់ចូលក្នុងទំនប់ទឹក ខឺកាត់តា (Kherkatta) ក្នុងរដ្ឋ ឆាតធីសហ្កាស (Chhattisgarh) ភាគកណ្តាល ប្រទេសឥណ្ឌា កាលពីសប្តាហ៍មុន។

Indian official suspended after he drains reservoir to retrieve phone he dropped while taking selfie

ដំបូងឡើយ លោក វីស្វាស (Vishwas) បានស្នើសុំអ្នកមុជទឹកក្នុងតំបន់ឲ្យលោតចូលទៅក្នុងអាងស្តុកទឹកនោះ ដើម្បីស្វែងរកទូរស័ព្ទដៃ ដោយអះអាងថា វាមានទិន្នន័យសំខាន់ៗរបស់រដ្ឋាភិបាល។ ប៉ុន្តែ ការចុះមុជទឹកស្វែងរកទូរស័ព្ទរបស់លោកបានបរាជ័យ ទើបលោកបានស្នើសុំឲ្យប្រើម៉ាស៊ីនបូមទឹកចេញពីទំនប់ទឹកនេះតែម្ដង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ ទឹកជាង ២លានលីត្រ ត្រូវបានបូមចេញពីអាងស្តុកទឹក ដែលបរិមាណទឹកនេះគ្រប់គ្រាន់សម្រាប់ស្រោចស្រពលើផ្ទៃដីយ៉ាងហោចណាស់ ១,៥០០ហិចតា ក្នុងអំឡុងរដូវក្តៅដ៏ក្ដៅរបស់ប្រទេសឥណ្ឌា។

Chhattisgarh officer suspended, another faces paycut after dam water drained  for smartphone | 5 points - India Today

ទាក់ទិននឹងបញ្ហានេះ លោក វីស្វាស (Vishwas) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទឹកនៅក្នុងអាងនេះមិនអាចប្រើប្រាស់សម្រាប់ប្រព័ន្ធធារាសាស្រ្តបានទេ ហើយថាលោកបានទទួលការអនុញ្ញាតពីមន្ត្រីជាន់ខ្ពស់ម្នាក់ ដើម្បីបូមទឹកក្នុងទំនប់ទឹកទាំងនេះទៀតផង។

Indian official drains reservoir to find phone after dropping it while  taking selfie

ក្រោយពីបូមទឹកបានអស់មួយចំនួនធំ ទូរស័ព្ទដៃរបស់លោក វីស្វាស (Vishwas) ត្រូវបានរកឃើញ ប៉ុន្ដែវាបានខូច ព្រោះតែទឹកបានជ្រាបចូលអស់ទៅហើយ។

ចំណែកឯ លោក វីស្វាស (Vishwas) ត្រូវបានគេឃើញនៅក្នុងវីដេអូ លើបណ្ដាញសង្គមថា កំពុងអង្គុយមើលគេបូមទឹក នៅក្រោមឆត្រពណ៌ក្រហម ហើយលោកត្រូវបានគេព្យួរតំណែង ក្រោយរងការរិះគន់យ៉ាងខ្លាំងលើបណ្ដាញ ទំនាក់ទំនងសង្គមថា លោកបានខ្ជះខ្ជាយទឹកឥតប្រយោជន៍ ដែលបានបង្កផលលំបាកដល់កសិករក្នុងតំបន់។

Official orders entire reservoir drained to find phone he lost after taking  a selfie - World News - Mirror Online

សូមជម្រាបថា ប្រទេសឥណ្ឌា គឺជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានសម្ពាធទឹកខ្លាំងបំផុត ហើយសីតុណ្ហភាពប្រែប្រួលខ្លាំងបាននាំឲ្យមានការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានការខាតបង់ផលដំណាំ ភ្លើងឆេះព្រៃ និង ការដាច់ចរន្តអគ្គិសនីជាដើម៕

ប្រភព៖ CNA

Share.