ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីកើតមានទំនាស់ក្នុងវង់ផឹកសុី រហូតដល់ជនដៃដល់ជិះម៉ូតូទៅយកកូនកាំបិតចុងស្រួច មកចាក់ចំដើមទ្រូងជាច្រើនកាំបិត ហើយរត់គេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ជួល តាមផ្លូវបេតុង ក្រុមទី១ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ គឹម ប្រាក់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។

ចំណែកជនដៃដល់មានឈ្មោះ ប៉ុន វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។

បើតាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា ជនរងគ្រោះនិងក្រុមគ្រួសារ ទើបតែទៅជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុបាន១៨ថ្ងៃ ស្រាប់តែកើររឿងរ៉ាវបែបនេះ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យជាមនុស្សស្គាល់គ្នា ហើយមុនកើតហេតុ ទាំងជនរងគ្រោះនិងជនសង្ស័យ រួមទាំងស្ត្រីជាប្រពន្ធជនរងគ្រោះ សរុប៤នាក់ នាំគ្នាផឹកសុីក្នុងបន្ទប់ជួល លុះដល់វេលាម៉ោងខាងលើ ជនសង្ស័យបានយកធុងបាសដាក់បញ្ចាំ២មុឺនរៀល តែប្រពន្ធជនរងគ្រោះប្រាប់ថាអត់មានលុយទេ មួយសន្ទុះជនសង្ស័យងើបសុំទៅផ្ទះមុន ស្រាប់តែប្រពន្ធជនរងគ្រោះស្រែកថាបាត់លុយចំនួន១០មុឺនរៀល ដោយចោទទៅលើជនសង្ស័យជាអ្នកលួច ទើបកើតជារឿងឈ្លោះប្រកែកគ្នា រហូតដល់ជនសង្ស័យជេរប្រមាថ ប្រើពាក្យ កូនស្រី ត្រូវបានរូបគេនាំទៅដេកច្រើនដងមកហើយ ធ្វើឲ្យជនរងគ្រោះនិងប្រពន្ធទ្រាំមិនបាន កាន់កំណាត់ឈើដេញវាយ ហើយជនសង្ស័យជិះម៉ូតូគេចទៅបាត់ អស់មួយសន្ទុះ ស្រាប់តែលេចមុខជនសង្ស័យវិលមកកន្លែងកើតហេតុវិញ ស្រែកជេរប្រមាថ ដដែលៗទៅលើក្រុមគ្រួសារជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះអត់ទ្រាំមិនបានស្ទុះទៅប្រតាយប្រតប់គ្នា ជនសង្ស័យដកកូនកាំបិតចុងស្រួចចាក់ចំដើមទ្រូងជនរងគ្រោះចំនួន៤កាំបិត បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម រត់គេចខ្លួនបាត់ស្រមោល ចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4317 ជាមធ្យោបាយរបស់ជនសង្ស័យ និងកាំបិតចុងស្រួចមួយដើម ។

ក្រោយពីផ្ទុះរឿងហឹង្សាបណ្តាលឲ្យមនុស្សស្លាប់ខាងលើ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ធ្វើការពិនិត្យ កោសល្យវិច័យ សាកសួរ រួចសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូរបស់ជនសង្ស័យ កូនកាំបិត សមត្ថកិច្ចប្រមូលយករក្សាទុក ដើម្បីបន្តស្រាវជ្រាវ តាមចាប់ខ្លួនជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.