សិល្បៈជាតិ៖ អ្នកនាង យុគ ចិន្តា ទទួលស្គាល់ថា មួយរយៈនេះ អ្នកនាងពិតជាបានដកឃ្លាពីសិល្បៈ ដោយអ្នកនាងផ្ដោតការងារសំខាន់លើការពង្រីកមុខរបរផ្ទាល់ខ្លួន។ ប៉ុន្តែ​ត្រឡប់​មក​សិល្បៈ​លើក​នេះ​ អ្នកនាង​ យុគ ចិន្តា ​បានលើកឡើងថា នឹងត្រួសត្រាយផ្លូវ​ឱ្យ​កូន​ស្រី​ចូល​ប្រឡូក​សិល្បៈ​។

បើទោះបីជាត្រូវបំពេញបំណងកូនស្រីដែលចិត្តវិស័យសិល្បៈក៏ពិតមែន តែអ្នកនាង យុគ ចិន្តា នៅតែអះអាងថា លុះត្រាណាទាល់តែកូនស្រីបញ្ចប់ការសិក្សាឱ្យបានជាក់លាក់សិន ទើបអ្នកនាងមិនហាមឃាត់កូនស្រីបន្តទៅទៀត។

កូនស្រីរបស់អ្នកនាង យុគ ចិន្តា មានឈ្មោះ អម បានសិក្សាទៅលើជំនាញខាងរបាំ ភ្លេង និងច្រៀងនៅសាលាស្រណោះតន្ត្រី។ ដោយឡែកបើសួរថា កូនស្រីមានទេពកោសល្យជាពិធីការិនីដូចអ្នកនាងដែរឬទេនោះ អ្នកនាងហ៊ានអះអាងថា គឺពិតជាមាន ក៏ប៉ុន្តែបំណងចិត្តរបស់អ្នកនាងផ្ទាល់ គឺចង់ឱ្យកូនស្រីក្លាយទៅជាអ្នកជំនួញវិញ ។

រីឯកូនស្រីវិញ បាននិយាយនៅចំពោះមុខអ្នកសារព័ត៌មាន ខ្លួនអាចនឹងចូលប្រឡូកសិល្បៈ ស្របតាមជំនាញដែលខ្លួនកំពុងរៀន ហើយខ្លួនក៏មិនខឹងម្ដាយដែលឃាំងឃាត់មិនឱ្យចូលប្រឡូកសិល្បៈនៅកំពុងពេញវ័យសិក្សាផងដែរ។ ក្រៅពីសិក្សា ស្រីអម ក៏ឆ្លៀតពេលជួយលើការងារម្ដាយដូចជា ការ Live នៅលើហ្វេសប៊ុកប្រាប់អតិថិជនអំពីសេវាកម្មរបស់ហាងអម និងស្លឹកឈូកផងដែរ។

សូមជម្រាបថា សព្វថ្ងៃនេះ អ្នកនាង យុគ ចិន្តា មានអាជីវកម្មធំៗដូចជា ហាងកាត់ដេរសម្លៀកបំពាក់ អម និងភោជ្ជនីយដ្ឋាន ស្លឹកឈូក និងមុខជំនួញផ្សេងៗទៀតដែលអ្នកនាងកាន់កាប់ដោយផ្ទាល់ដៃផងដែរ៕

Share.