ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់គ្រាដែលរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូត្រៃបើកបុកគ្នាជាមួយម៉ូតូហុងដាឌ្រីម ច្រាសទុសគ្នា។ កាលពិវេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងមុខវង្តភ្នៀត ក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ភាគីម៉ូតូត្រៃ អត់ស្លាកលេខ ជិះដោយឈ្មោះ សំ ករុណា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មន្ត្រីនគរបាល បានស្លាប់បន្ទាប់ពីរថយន្តគ្លីនិកឯកជនដឹកយកទៅ ។ ចំណែកភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-2977 ជិះដោយឈ្មោះ គង់ សុវត្តិឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រងរបួសធ្ងន់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុភាគីម៉ូតូត្រៃជិះពីលិចទៅកើត ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង ដល់ចំណុចកើតហេតុ បុកជាមួយភាគីម៉ូតូហុងដាឌ្រីមច្រាសទិស បណ្តាលឲ្យរងរបួសធ្ងន់សងខាង ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ជាអកុសលភាគីខាងម៉ូតូត្រៃបានស្លាប់ ។

ក្រោយកើតហេតុ ម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.