ភ្នំពេញ ៖ រថយន្តបែនមួយគ្រឿង ដឹកថ្មពេញទ្រុង បើកជាន់បែកផុងគម្របលូ បណ្តាលឲ្យក្រឡាប់បះជើងច្រូង ចាក់ថ្មចោលពេញផ្លូវ សំណាងល្អមិនបង្កដល់អ្នកដទៃ។

ហេតុការណ៍ខាងល់កើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវលំចូលរោងចក្រអង្ក កែងនឹងមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-4281 បែនដឹកថ្ម ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុរថយន្តបើកតាមផ្លូវលំពីលិចទៅកើត ដល់ចំណុចកើតហេតុជាន់កិនពីលើគម្របលូ បណ្តាលឲ្យបែកផុង ក្រឡាប់រថយន្តតែម្តង ចាក់ថ្មចោលពេញផ្លូវ សំណាងល្អមិនបង្កដល់អ្នកដទៃ ហើយក៏មិនបង្កឲ្យរបួសដល់មនុស្សដែរ ។

ក្រោយកើតហេតុ ម្ចាស់ហៅរថយន្តស្ទូចលើកយករថយន្តទៅជួសជុល និងចេញសងថ្លៃខូចបែកគម្របលូចំនួន ២០០ដុល្លារទៅខាងអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.