កំពង់ឆ្នាំង ៖ រថយន្តសាំយ៉ុងដឹកសិស្ស សាលាអន្តរជាតិប្រាយវ៉េ បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តLAND CRUISERបើកបុកប៉ើងធ្លាក់ផ្លូវ របួសក្មេងសិស្សសាលាប្រុសស្រី៥នាក់ រថយន្តទាំង២គ្រឿងរងខូចខាតធ្ងន់ កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ចំណុចទំនាបអំពិល ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៧-៥៨ ស្ថិតក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1849 បើកបរដោយឈ្មោះ សែន អានីន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន) មានទីលំនៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដឹកសិស្សសាលាអន្តរជាតិប្រាយវ៉េ ចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ ។ ចំណែកភាគីខាងរថយន្ត LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-27778 បើកបរដោយ ឈ្មោះ អៀង ណារា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុរថយន្តសាំយ៉ុង បើកពីជើងទៅត្បូង ដឹកសិស្សដាក់តាមផ្ទះ លុះដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ ត្រូវបានរថយន្តLAND CRUISER បើកតាមបណ្តោយផ្លូវជាតិលេខ៥ពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ជ្រុលបុកប៉ើងធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួសក្មេងសិស្សសាលាចំនួន៤នាក់ និងអ្នកបើកបរ១នាក់ សរុបរបួសធ្ងន់ស្រាល៥នាក់ រថយន្តរងខូចខាតទាំង២គ្រឿង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅឃាត់ខ្លួនអ្នកបើកបររថយន្តដឹកសិស្ស ចំណែកក្មេងសិស្សសាលាចំនួន៤នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ។ រីឯរថយន្តទាំង២គ្រឿងត្រូវបានត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.