ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីគាស់ទម្លុះទម្លាយចូលក្នុងផ្ទះមួយកន្លែងដែលម្ចាស់ចាក់សោទុកចោល រើកកាយលួចយកទ្រព្យសម្បត្តិ ពលរដ្ឋឃើញប្រាប់ ហៅម្ចាស់ផ្ទះ ឃើញជាក់ស្តែងនាំគ្នាចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះលេខសេ៧ ផ្លូវបេតុង ក្រុមទី៣ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ខន ខេន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ រាជ លក្ខិណា ហៅ គង់ ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះមួយកន្លែងទៀតក្បែរផ្ទះកើតហេតុ ។

តាមប្រភពបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ពលរដ្ឋក្នុងភូមិឃើញផ្ទះខាងលើ ចំហរទ្វារ ដើរទៅអើតមើលស្រាប់តែឃើញជនសង្ស័យកំពុងលួចដោះម៉ាសុីនត្រជាក់ រើកកាយលួចយករបស់របរ ក៏បានទៅហៅប្រាប់ម្ចាស់ផ្ទះឲ្យទៅមើល ឃើញជាក់ស្តែង រួមជាមួយប្រជាការពារ មេភូមិ ឃាត់ខ្លួនជនសង្ស័យប្រគល់សមត្ថកិច្ច ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.