យោងតាមគណនី Twitter របស់មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហោះថា «ខ្ញុំបានទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា @PeacePalaceKH ។ ខ្ញុំបានអរគុណគាត់ចំពោះគោលជំហរជាគោលការណ៍ក្នុងការគាំទ្រអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់អ៊ុយក្រែន។ ខ្ញុំបានកត់សម្គាល់ឃើញ ការបណ្ដុះបណ្ដាលរបស់ប្រទេសកម្ពុជា លើអ្នកជំនាញដោះមីនអ៊ុយក្រែន ហើយខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងបន្ដ។ ខ្ញុំក៏បាននិយាយអំពីរូបមន្ដសន្ដិភាព និង បានអញ្ជើញកម្ពុជាឲ្យចូលរួមក្នុងវិធានការជាក់ស្ដែងឆ្ពោះទៅរកការអនុវត្តន៍»។

នេះមិនមែនជាលើកទី១ទេ ដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានទាក់ទងជាមួយសម្ដេចតេជោ ហ៊ុន សែន តាមរយៈទូរស័ព្ទដៃ។ កាលពីខែ វិច្ចិកា ឆ្នាំ២០២២ លោក Zelenskyy បានជួបពិភាក្សាគ្នាជាមួយសម្ដេចតាមប្រព័ន្ធទូរស័ព្ទ ដែលសកម្មភាពនេះបានធ្វើឡើងតែ ១សប្ដាហ៍ប៉ុណ្ណោះ មុនពេលដែលកម្ពុជា ត្រៀមដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ។

សូមជម្រាបថា កិច្ចសន្ទនានាពេលនោះ ប្រទេសទាំង២ បានសម្ដែងនូវកាយវិការការទូតដាក់គ្នាទៅវិញទៅមក ដោយក្នុងនោះ លោក Zelenskyy បានអរគុណកម្ពុជា និង អាស៊ាន ដែលបានគាំទ្រអ៊ុយក្រែន ហើយថ្កោលទោសរុស្ស៊ីនៅក្នុងសង្រ្គាមឈ្លានពាន។ ក្រៅពីនោះ ភាគីទាំង២ ក៏បានពិភាក្សាគ្នា អំពីចំណាប់អារម្មណ៍ និង ត្រៀមបញ្ជូនក្រុមដោះមីនទៅអ៊ុយក្រែន រួមទាំងមានការស្នើឲ្យមានការតែងតាំង និង ផ្លាស់ប្ដូរអ្នកកាទូតគ្នាទៅវិញទៅមកផងដែរ៕

ប្រភព៖ Twitter Володимир Зеленський

Share.