កីឡាករ-កីឡាការិនីកាយសម្ព័ន្ធវ័យក្មេងកម្ពុជា ២រូប បានទទួលចំណាត់ថ្នាក់លេខ២ ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​ 2021 Korea Open Aerobic Competition លើកទី៦ នៅសាធារណៈរដ្ឋកូរ៉េ។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។

លោក ណយ ផាណា បានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ បានធ្វើការប្រកួតតាម​អនឡាញ​រយៈពេល​ ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីមកពី ៣០​ប្រទេស ស្មើនឹង ៣១០ក្រុម និងមានកីឡាករ-កីឡាការិនីចូលរួមសរុប ៥៣៨នាក់ ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាករ-កីឡាការិនីកម្ពុជា ២រូបដែរ គឺកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ។

កីឡាករ-កីឡាការិនីថ្នាលកីឡាកាយសម្ព័ន្ធកម្ពុជានេះ បានចូលរួមប្រកួតលើវិញ្ញាសា​គូរអាយុក្រោម ១៨ឆ្នាំ ​(Mixed Pair-Age Group II) ដែល​មានបេក្ខភាពប្រកួតប្រជែង ៣ប្រទេសទៀត​ គឺប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​ម៉ុងហ្គោលី។ ជា​លទ្ធផល ហាស់ សុខហ៊ និង ម៉ូ ស្រីពៅ ដណ្ដើម​បានចំណាត់​ថ្នាក់លេខ២ ខណៈលេខ១ បាន​ទៅម្ចាស់​ផ្ទះកូរ៉េខាងត្បូង និងលេខ៣ បានទៅជប៉ុន។

តាមរយៈ​លទ្ធផលនេះ អគ្គលេខាធិការសហព័ន្ធខាងលើ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ដែលបាន​បង្ហាញនូវ​ភាពរីក​ចម្រើន​ទាំង​សមត្ថភាព និងបច្ចេកទេស ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ និង​បិទទ្វារ​ហ្វឹកហាត់​លក្ខណៈស្វ័យបុគ្កលក៏ដោយ។ លោកបានចាត់ទុកនេះជាសញ្ញាណដ៏ល្អ ដើម្បី​ត្រៀម​ការ​ប្រកួត​អន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ណយ ផាន់ណា បានបញ្ជាក់ថា នេះជាលើកទី២ ហើយ ​ដែលសហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី​ចូលរួមព្រឹត្តិការណ៍ Korea Open Aerobic Competition ប៉ុន្ដែដោយសារវិបត្តិកូវីដ-១៩ ឆ្នាំនេះ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីតែ ២រូបប៉ុណ្ណោះចូលរួម។ លើសពីនេះ សហព័ន្ធក៏បានបញ្ជូនអាជ្ញាកណ្ដាលអន្ដរជាតិ ២រូប ចូលរួមកាត់សេចក្ដីក្នុងការប្រកួតដ៏ធំនេះផងដែរ គឺលោក សោ សុផេង និងលោក វាស សារិទ្ធ៕

Telegram-Troryorng
Share.