ក្មួយប្រសារចិត្តឆៅបានយកពូថៅមកកាប់ឪពុកមារ១ពូថៅ ចំក្រោមដងកាំបិតខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រឿងផឹកស៊ីជាមួយគ្នាហើយបានឈ្លោះប្រកែកគ្នាពីបញ្ហាព្រំដី។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី 12 កក្កដា ឆ្នាំ 2021 នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ករណីឃាតកម្មបង្ករដោយជនសង្ស័យ ជាក្មួយប្រសារ ឈ្មោះ មិត ពុធ ភេទប្រុស អាយុ 40ឆ្នាំ ។ មានទីលំនៅភូមិ ឃុំកើតហេតុ (ផ្ទះជាប់របងជាមួយជនរងគ្រោះ) បានយកពូថៅកាប់ជនរងគ្រោះជាឪពុកមារសាច់ថ្លៃឈ្មោះ ឃន ស៊ន ភេទប្រុស អាយុ64ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ  ចំក្រោមដងកាំបិតខាងឆ្វេង01កន្លែង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ(ផ្ទះជនរងគ្រោះ)។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោងប្រហែល19 ជនរងគ្រោះ និងជនសង្ស័យ រួមនិងមិត្តភក្ត័ពីរនាក់ទៀតបាននាំគ្នាផឹកស្រា ស នៅក្រោមផ្ទះជនរនរងគ្រោះរហូតស្រវឹងរៀងៗខ្លួន ហើយក៏កើតជាទំនាស់ពាក្យសំដីរឿងព្រំដី រវាងជនសង្ស័យនិងជនរងគ្រោះ។

ក្រោយមកជនសង្ស័យ បានយកកែវស្រាគប់លើជនរងគ្រោះ និងបានរត់ទៅផ្ទះរបស់ខ្លួនយកពូថៅមកកាប់ជនរងគ្រោះចំក្រោមឆ្អឹងជំនីខាងឆ្វេង បណ្តាលឲ្យស្លាប់នៅកន្លែងហេតុ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់។ ក្រោយទទួលបានព័ត៌មាន អធិការនគរបាល ស្រុកស្ទោងបានដឹកនាំកម្លាំង សហការជាមួយប្រជាការពារបានតាមចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចម្ងាយប្រមាណ ជា150ម៉ែត្រ ទិសខាងជើងកន្លែងកើតហេតុ ដែលសំងំលាក់ខ្លួនក្រោមជង្រុកស្រូវឪពុកបង្កើត ។

សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តកំពង់ធំតាមនីតិវិធីខណៈសាកសពជនរងគ្រោះសាច់ញាត្តិបានយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ភ្នាក់ងារខេត្តកំពង់ធំ

Share.