ការប្រកួត ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ២០២៣ (Korean Ambassador’s Cup Taekwondo Competition 2023) កាលពី​ថ្ងៃពុធ ទី១៤ ខែ​មិថុនា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់​តេក្វាន់​ដូប៊ូយ៉ុង-ខ្មែរ ដោយ​មាន​ការ​ចូល​រួម​ពីឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង​ប្រធានខេមរាសហព័ន្ធតេក្វាន់ដូ។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ជួន ណារ៉ុន បាន​មាន​ប្រសាសន៍​ថា៖ «ក្នុងនាម​ខេមរ​សហព័ន្ធ​តេក្វាន់​ដូ និងខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់​គណៈ​កម្មាធិការ​ប្រតិ​បត្តិសហព័ន្ធ និងបណ្ឌិត្យសភាតក្វាន់ដូកម្ពុជា ដែលបាន រៀបចំការប្រកួត Korean Ambassador’s Cup Taekwondo Competition 2023 ប្រកបដោយ ភាពជោគជ័យ និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​រក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម ក៏​សូម​អរគុណ​ដល់​ក្មួយៗ​កីឡា​ករ-កីឡាការិនីទាំងអស់ ដែលបានគោរពនូវបទបញ្ហាប្រកួតបានយ៉ាង​ល្អ​ប្រសើរ»។

ឯកឧត្តម​បណ្ឌិត បានថ្លែងអំណរគុណដល់ ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រ និង​ផ្តល់ឱកាស ដល់ប្រភេទកីឡាតេក្វាន់ដូWT ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូច​ជាការ ផ្តល់ឱកាសដល់ក្មួយៗកីឡាករកីឡាការិនីកីឡាតេក្វាន់ដូWT កម្ពុជា បាន​ប្រកួត​បង្ហាញ​នូវ​សមត្ថភាព បច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ពីការប្រកួត Korean Amhassador’s Cup Taekwondo Competition 2023 គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសបន្ថែម ដល់កីឡាករ កីឡាការិនី​ទាំងអស់ ត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូជាលក្ខណៈអន្តរជាតិនានា និងត្រៀម ឆ្ពោះ​ទៅ​ការ​ប្រកួត​កីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នាឆ្នាំ២០២៩ ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះខាងមុខ។

កីឡាករ សំ យូដេត ដែល​បាន​រួម​ប្រកួត​ក្នុង​ពាន់​រង្វាន់​នេះ​បាន​លើកឡើង​ថា៖ «ការ​ប្រកួតតេក្វាន់​ដូ​ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារ​ណរដ្ឋ​កូរ៉េ ប្រចាំ ឆ្នាំ ២០២៣ ល្អ​ជាង​ឆ្នាំមុនៗ​ច្រើន​ដោយ​មាន​កីឡាករ​ចូល​រួម​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន ដោយ​ការ​ប្រកួត​នេះ​គឺ​មាន​ការ​ជម្រុះ​ចេញ​ពី​ក្លិប​នៅ​តាម​បណ្ដាល​ខេត្ត​ទើប​ឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​នេះ។ យូដេត លើកឡើង​បន្ថែម​ថា ចង់​ឲ្យ​មាន​ការ​ប្រកួត​បែប​នេះ​កាន់​តែ​ច្រើន និង​ការ​ចូល​រួម​លើកទឹក​ចិត្ត​ដល់​កីឡាករ​ដើម្បី​ឲ្យ​ពួក​គាត់​មាន​កម្លាំង​ចិត្ត​ហ្វឹក​ហាត់​ដើម្បី​ឲ្យ​មាន​សម្ថភាព​កាន់​តែ​ខ្ពស់​ជាង​មុន»។

យោងតាម​របាយការណ៍ស្តីពីការ​ប្រកួតតក្វាន់​ដូ​ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារ​ណរដ្ឋ​កូរ៉េ ប្រចាំ ឆ្នាំ ២០២៣ មាន​ប្រតិភូគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ៣៣៥នាក់ ក្នុងនោះមាន៖ ប្រតិភូគ្រូបង្វឹក ២៥នាក់, កីឡាករ ១៧៣នាក់, កីឡាការិនី ១៣៧នាក់។

ខណ: ក្លិបចូលរួមប្រកួតសរុបចំនួន ២៥ក្លិប មកពីរាជធានី-ខេត្ត ចំនួន ០៤ មាន​ដូច​ជា៖ ភ្នំពេញ ២១ក្លឹប សរុប ២៩៦នាក់, កណ្តាល ០២ក្លិប សរុប ២៧នាក់, បាត់ដំបង ០១ ក្លិប សរុប ០៨នាក់ សៀមរាប ០១ក្លិប សរុប ០៤នាក់៕

Share.