នៅ​ចុង​សប្ដាហ៍​នេះ​ ​រង្វង់​សិល្បៈ​ជប៉ុន​មាន​រឿង​អាស្រូវ​បាន​កើត​ឡើង​ជា​ច្រើន​ដោយ​ក្នុង​នោះ​​​​មាន​ករណូី​មួយ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ព្រោះ​តែ​តារា​សម្ដែង​រូប​សង្ហា​ Kento Najayama ​វ័យ​ ​៣៤​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​ក្នុង​ទីក្រុង​តូក្យូ ​ក្រោយ​សង្ស័យ​ថា​ ​តារា​រូប​នេះ​មាន​ស្តុក​និង​ប្រើ​ប្រាស់​កញ្ឆា​។​

ប៉ូលិស​បាន​សំរុក​ចូលទៅ​ក្នុង ​Apartment ​របស់​ Kento ​រួច​នាំ​ខ្លួន​តារា​រូប​នេះ​ទៅ​ស្នង​ការ​ដ្ឋាន​ប៉ូលិស​ថ្នាក់​កណ្ដាល​ ប៉ុន្តែ​មិន​ទាន់​ទម្លាយ​ព័ត៌មាន​លម្អិត​ថា​បាន​រក​ឃើញ​មាន​កញ្ឆា​នៅ​កន្លែង​កើតហេតុ​ឬ​អត់​នោះ​ទេ​។​ ប៉ុន្តែ​សមត្ថកិច្ច​នឹង​ដំណើរការ​​តាម​នីតិវិធី​ដើម្បី​ស៊ើបអង្កេត​ទាក់ទង​នឹង​ការ​ប្រើប្រាស់​និង​ស្តុក​ទុក​កញ្ឆា​របស់​តារា​រូប​នេះ​ជា​បន្ត​ទៀត​។​

គួរ​ដឹង​ថា​បុរស​សង្ហា​ Kento Najayama ​បាន​ប្រឡូក​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ​ ​២០០៧ ​តាមរយៈ​ការ​សម្ដែង​រឿង​ភាគ​ ហើយ​ឈ្នះ​ពាន​រង្វាន់​ ​តារា​សម្ដែង​ផ្កាយ​ព្រឹក​ ​Rising Star ​ពី​កម្មវិធី​ Japan Academy Awards ពី​ភាពយន្ត​ «Soft Boy» ​ដែល​ជា​រឿង​ដំបូង​គេ​សម្ដែង​ជា​តួអង្គ​ឯក​។​

​ខណៈ​ដែល​លោក​កំពុង​ជាប់​ឃុំឃាំង​ភាពយន្ត​រឿង​ ​«Tokyo Revengers 2» ​ដែល​លោក​សម្ដែង​ក៏​កំពុង​តែ​ត្រៀម​នឹង​​ចាក់​បញ្ចាំង​នៅ​លើ​រោង​ភាពយន្ត​នា​ថ្ងៃ​ទី​៣០​ ខែ​​មិថុនា​ ​ខាង​មុខ​នេះ​ផង​ដែរ​៕​

Share.