សិល្បៈ​អន្តរជាតិ​៖ សារព័ត៌មាន​ Yonhap នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា​ បាន​ផ្សាយ​​ឱ្យ​ដឹង​ថា​ Choi Sung Bong ម្ចាស់​​តំណែង​​​លំដាប់​រង​ទីពីរ​​កម្មវិធី​ «Korea’ Got Talent» បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ឯង​​នៅ​ត្រឹម​​អាយុ​៣៣ឆ្នាំ​​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ប៉ូលិស​។

ប៉ូលិស​បាន​រក​ឃើញ​សព​របស់​លោក​នៅ​ក្នុង​ផ្ទះ​ក្នុង​សង្កាត់​ Yeoksam-Dong នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុង​សេអ៊ូល​នៅ​​កាល​ពី​ថ្ងៃ​អង្គារ​វេលា​ម៉ោង​៩​ព្រឹក​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​និង​ភ្នាក់ងារ​ពន្លត់​អគ្គីភ័យ​។ តារា​ចម្រៀង​ប៉ុប​រូប​នេះ​​​ត្រូវ​បាន​សាធារណជន​ចាប់​អារម្មណ៍​ច្រើន​ក្រោយ​លោក​ឈ្នះ​តំណែង​លំដាប់​រង​ទីមួយ​នៃ​កម្មវិធី​ Korea’s Got Talent ​របស់​ទូរទស្សន៍​ TVN កាល​ពី​ឆ្នាំ​២០១១ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​និង​វត្តមាន​របស់​តារា​រូប​នេះ​បាន​បាត់​ចេញ​ពី​ក្រសែ​ភ្នែក​មហាជន​កាល​ពី​ឆ្នាំ​២០២១ ក្រោយ​លោក​បាន​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ បោក​ប្រាស់​ទំនុក​ចិត្ត​មហាជន​ថា​ខ្លួន​កើត​ជំងឺ​មហារីក​និង​ត្រូវ​ការ​ប្រាក់​ព្យាបាល​យ៉ាង​ច្រើន​ ​ដែល​ក្រោយ​មក​លោក​​ទទួល​បាន​​ទឹក​ប្រាក់​បរិច្ចាគ​យ៉ាង​ច្រើន​មហាសាល​​ ប៉ុន្តែ​លោក​​បាន​ចេញ​មក​សារ​ភាព​និង​ទទួល​ស្គាល់​​កំហុស​ ចំពោះ​ទង្វើ​បោក​ប្រាស់​របស់​ខ្លួន ដោយ​សន្យា​ថា​នឹង​វេរ​ប្រាក់​ដែល​ទទួល​បាន​ទាំង​អស់​ទៅ​ម្ចាស់​ដើម​វិញ​។

សមត្ថកិច្ច​បាន​សន្មត​ថា​អតីត​តារា​ចម្រៀង​រូប​នេះ​ធ្វើ​អត្តឃាត​ដោយ​សារ​តែ​បញ្ហា​ដែល​លោក​កំពុង​ប្រឈម​ ដោយ​សារ​តែ​មុន​នឹង​សម្រេច​ចិត្ត​សម្លាប់​ខ្លួន​លោក​បាន​បង្ហោះ​វីដេអូ​​សុំ​ទោស​ចុង​ក្រោយ​​​នៅ​លើ​ឆាណែល​ Youtube របស់​លោក។​

វីដេអូ​នោះ​បាន​​អត្ថន័យ​ថា​៖ «ខ្ញុំ​ពិត​ជា​សុំ​ទោស​អស់​ពី​ដួង​ចិត្ត​ចំពោះ​បងប្អូន​ដែល​​រង​នូវ​ការ​ឈឺចាប់​ដោយ​សារ​តែ​កំហុស​ដ៏​ល្ងង់​ខ្លៅ​របស់​ខ្ញុំ​» ព្រម​ទាំង​បញ្ជាក់​ថា​ប្រាក់​បរិច្ចាគ​ទាំង​អស់​នឹង​ត្រូវ​វេរ​ទៅ​ម្ចាស់​ដើម​វិញ​។

នេះ​មិន​មែន​ជា​ករណី​ទីមួយ​ឡើយ​ ដែល​តារា​កូរ៉េ​បាន​ប្រើ​ប្រាស់​វិធី​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ដើម្បី​គេចវេស​ពី​បញ្ហា ឬ​កើត​​ជំងឺ​ Depression ដែល​ខ្លួន​កំពុង​​ប្រឈម​​ ព្រោះ​មា​ន​តារា​កូរ៉េ​ជា​ច្រើន​​រូប​ហើយ​បាន​ជ្រើស​រើស​យក​វិធី​​បែប​នេះ​មក​ដោះ​ស្រាយ​បញ្ហា​ ​ទាំង​ដែល​វិធី​នេះ​មិន​ត្រឹម​តែ​មិន​អាច​ជួយ​អ្វី​បាន​ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ មិត្ត​ភក្ដិ ​សាច់​ញាតិ​និង​​អ្នក​​ដែល​ស្រលាញ់​គាំទ្រ​ខ្លួន​ត្រូវ​ទ្រាំ​រស់​នៅ​ទាំង​​ឈឺចាប់ វេទនា​​ កើត​ទុក្ខ​ ព្រោះ​​បាត់បង់​មនុស្ស​​ជា​ទី​ស្រលាញ់​ក្នុង​គ្រួសារ​៕

ប្រភព៖ yna

Share.