តារា​កំប្លែង​​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព​ អ្នក​នាង​ «ស្រី​ខ្ញុង​» កាល​ពី​រាត្រី​ម្សិលមិញ​នេះ​ (ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១) បាន​ចេញ​មក​បញ្ចេញ​កំហឹង​យ៉ាង​ពុះ​កញ្ជ្រោល​តាម​រយៈ​ការ​ Live លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​សារ​តែ​មាន​អ្នក​ចូល​មក​ជេរ​ប្រមាថ​ និង មើល​ងាយ​រឿង​អ្នក​នាង​បាន​ប្រកាស​លា​ឈប់​ពី​សិល្បៈ​នា​ពេល​កន្លង​មក​។​

មហាជន​ប្រហែល​ជា​បាន​ជ្រាប​ហើយ​ថា​អ្នក​នាង​ខ្ញុង​ ធ្លាប់​បាន​ប្រកាស​​ថា​អ្នក​នាង​នឹង​លាលែង​ចេញ​ពី​សិល្បៈ​​តាម​រយៈ​ការ​ Live វីដេអូ​មួយ​កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ដោយ​ក្នុង​​វីដេអូ​នោះ​មាន​ចំណុច​ខ្លះ​អ្នក​នាង​រំជួល​ចិត្ត​ខ្លាំង​រហូត​ដល់​បង្ហូរ​ទឹក​ភ្នែក​ខណៈ​ពេល​រៀបរាប់​​ផង​ដែរ​។​​

សូម​ចុច​អាន​ អ្នក​គាំទ្រ​ហែគ្នា​​លើក​ទឹក​ចិត្ត​ ក្រោយ​អ្នក​នាង​ខ្ញុង​ ​ប្រកាស​ចាក​​ចេញ​​ពី​សិល្បៈទាំង​ទឹក​ភ្នែក​!​

នៅ​ក្នុង​វីដេអូ​ឡាយ​ថ្មី​មួយ​នេះ​ អ្នក​នាង​ស្រី​ខ្ញុង ខឹង​ឆេះ​ដុំ​ខ្លាំង​ព្រោះ​តែ​មាន​អ្នក​ចូល​មក​ ខម​មិន​ មួយ​ចំនួន​បាន​ប្រើ​ពាក្យ​ពេចន៍​ជេរ​ប្រមាថ​ទៅ​លើ​អ្នកនាង​ថា​ «ជា​ក្រពើ​វង្វេង​បឹង ជា​មនុស្ស​អត់​កំណើត​ ជា​មនុស្ស​បាត​សង្គម ជា​មនុស្ស​ភ្លេច​កំណើត​​ ​ជា​ដើម​។ល។» អ្នក​នាង​បាន​សង្កត់​ធ្ងន់​ថា​វីដេអូ​ដែល​អ្នក​នាង​កំពុង​តែ​ Live នេះ​គឺ​ផ្ញើ​ទៅ​កាន់​អ្នក​ដែល​បាន​ចូល​មក​ជេរ​ប្រមាថ​អ្នក​នាង​ទាំង​មិន​បាន​ដឹង​រឿង​ច្បាស់​ ពី​រឿងរ៉ាវ​ពិត​ ថែម​ទាំង​អ្នក​នាង​បាន​តបត​ទៅ​កាន់​អ្នក​ដែល​ចូល​មក​ខមមិន​វិញ​ថា​​ជា​មនុស្ស​ខ្វះ​ការ​អប់រំ ឬ​មាន​ការ​អប់រំ​ទាប​ អ្នក​នាង​ក៏​បាន​បញ្ជាក់​ដែរ​ថា​អ្នក​នាង​ទទួល​ស្គាល់​ថា​ខ្លួន​ជា​មនុស្ស​របស់​មហាជន​ តែ​បើមហាជន​ណា​មិនគោរព​ មិន​ស្រលាញ់​ និង​ ឱ្យ​តម្លៃ​អ្នក​នាង​ទេ​ អ្នក​នាង​ក៏​មិនគោរព​ស្រលាញ់​និង​ឱ្យ​តម្លៃ​ដូច​គ្នា​ដែរ​។

«ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទីមួយ​ទី​ប្រាំ​ពីរ​ ខ្ញុំ​រៀន​មិន​ពូកែ​ទេ ខ្ញុំ​កើត​ក្នុង​ត្រកូល​អ្នក​ក្រ ឪពុក​ខ្ញុំ​ធ្វើ​សំណង់​ ម្ដាយ​ខ្ញុំ​ស្លាប់​ចោល​ខ្ញុំ​តាំងពី​ខ្ញុំ​អាយុ​បាន​ប្រាំ​ឆ្នាំ​ ខ្ញុំ​តស៊ូ​ចិញ្ចឹម​បង​ប្អូន​ខ្ញុំ​បី​បួន​នាក់​ រហូត​ដល់​ខ្ញុំ​មាន​ប្ដី​មាន​គ្រួសារ បែក​បាក់​គ្នា​ បន្សល់​ទុក​កូន​មួយ​គ្រាប់​ រហូត​ខ្ញុំ​មាន​គ្រួសារ​ក្រោយ​និង​មាន​កូន​ម្នាក់​ទៀត​ តែ​ខ្ញុំ​នៅ​តែ​តស៊ូ​រក​ស៊ី​ដោយ​សុចរិត​ ដូច្នេះ​​កុំ​ជេរ​ប្រមាថ​លើ​ខ្ញុំ​ឱ្យ​សោះ​ព្រោះ​អ្នក​មិន​បាន​ដឹង​ពី​រឿង​រ៉ាវ​ក្នុង​ចិត្ត​ខ្ញុំ​ទេ​។ ខ្ញុំ​មិន​ដែល​ពោល​ម្ដង​ណា​ឡើយ​ថា​ខ្ញុំ​មិន​​មាន​បាន​ មាន​គេ​ស្គាល់​ដោយ​សារតែ​សិល្បៈ​ ខ្ញុំ​មិន​ដែល​និយាយ​ចេញ​ពី​មាត់​ខ្ញុំ​ទេ មួយ​ទៀត»

​នៅ​ក្នុង​វីដេអូ​នៃ​ការ​រៀបរាប់​របស់​អ្នក​នាង​មាន​​​ខ្ញុង ក្រៅ​ពី​រឿង​ជះ​​កំហឹង​ដែល​ត្រូវ​គេ​ជេរ​ប្រមាថ ក៏​នៅ​មាន​​ចំណុច​មួយ​ចំនួន​​ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មរណ៍ខ្លាំង​​ដែរ​ ​ព្រោះ​អ្នក​នាង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​អ្នក​នាង​មាន​វិបត្តិ​ទោះ​មិន​បាន​បញ្ជាក់​ថា​ជា​ក្ដី​ទុក្ខ​សោក​រឿង​អ្វី​ ថែម​ទាំង​បង្ហើប​ថែម​ទៀត​ថា​​អ្នក​នាង​មាន​ជំងឺ​បាក់ទឹក​ចិត្ត​ថែម​ទៀត​ផង​។​

« ចង្កៀង​ផ្ទះ​ខ្ញុំ​អ្នក​ក៏​មិន​បាន​ដឹង​ វិបត្តិ​ក្នុង​ចិត្ត​ខ្ញុំ​ ជំងឺ​បាក់ទឹក​ចិត្ត​ រហូត​ដល់​ធ្វើ​ឱ្យ​​ខ្ញុំ​ភ័យ​ខ្លាច​មិន​ហ៊ាន​ធ្វើ​ការងារ​ក៏​មិន​មាន​អ្នក​ណា​​បាន​ដឹង​ដែរ​»​

នៅ​ក្នុង​វីដេអូ​នោះ​ដែរ​ ក៏​នៅ​មានអ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​ចូល​មក​ខមមិន​ភាសា​មិន​សមរម្យ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​ឆ្លើយ​ក្ដៅ​គគុក​រវាង​អ្នក​នាង​និ​លេង​បណ្ដាញ​សង្គម​ ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូង​ចម្រាស់​រឿង​អ្នក​នាង​ចាកចេញ​ពី​សិល្បៈ​និង​រឿង​ដែល​អ្នក​នាង​លាឈប់​ពី​ស្ថានីយ​ទូរទស្សន៍​ CTN។

អ្នក​នាង​ខ្ញុង​ក៏​បាន​ពន្យល់​ចុង​បញ្ចប់​ដែរ​ថា​ ការ​ដែល​អ្នក​នាង​លើក​ឡើង​ថា​ «បើសិន​ខ្ញុំ​ឈប់​ពី​សិល្បៈ​នៅ​គាំទ្រ​ខ្ញុំ​ទៀត​ឬ​អត់​នោះ» ការ​ពិត​គឺ​អ្នក​នាង​មាន​បំណង​ចង់​លា​ឈប់​ពី​ស្ថាប័ន​ CTN ជា​បុគ្គលិក​ពេញ​សិទ្ធិ​ ហើយ​មក​ធ្វើ​ការ​ជា​បុគ្គ​លិក​ទទួល​កម្រៃ​តាម​ Show វិញ​ ព្រោះ​អ្នក​នាង​មាន​អារម្មណ៍​រអៀស​ខ្លួនដោយ​ខ្លួន​ឯង​ដែល​មិន​អាច​បំពេញ​ការងារ​បាន​ល្អ​ បើសិន​ជា​នៅជា​បុគ្គលិក​​បំរើ​ការងារ​ពេញ​ម៉ោង។

ចុង​ក្រោយ​អ្នក​នាង​ខ្ញុង​ បាន​ផ្ដាំ​ថា​តទៅ​នៅ​ពេល​ដែល​អ្នក​នាង​ឡាយ​លក់​ផលិតផល​សូម​កុំ​ចូល​មក​សាកសួរ​អ្នក​នាង​ពី​រឿង​រ៉ាវ​ទាំង​អស់​នេះ​ទៀត​ បើ​មាន​អ្វី​មិន​យល់​ឬ​ឆ្ងល់​សូម Inbox ទៅ​អ្នក​នាង​ អ្នក​នាង​ពន្យល់​ឱ្យ​បាន​យល់​ច្បាស់​ ចំណែក​វីដេអូ​មួយ​ដែល​អ្នក​ Live នេះ​គឺ​ផ្ញើ​ទៅ​កាន់​អ្នក​តែ​ស្ករ​៕​

Telegram-Troryorng
Share.