សិល្បៈ​ជាតិ​៖ ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​មែនទែន​ នៅ​ពេល​ដែល​តារា​សម្ដែង​ ព្រីន​ ធ្លាប់​តែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រឹង​ខ្លួន​ញញឹម​បិទមាត់​មិន​ជិត​ពេល​មើល​ការ​សម្ដែង​របស់​លោក​ក្នុង​ឈុត​ស្នេហា​ជាមួយ​កញ្ញា​ រចនា​ រ៉ាវ៉ាឌី​ ប៉ុន្តែ​ពេល​ថ្មី​ៗ​នេះ​លោក​បែប​ជា​ប្ដូរ​មុខមាត់​ថ្មី​ រសជាតិ​ថ្មី​ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ស្លុង​អារម្មណ៍​តាម​រយៈ​បទចម្រៀង​បែប​ Hip-Hop​ ចាប់​ដៃគូ​ជាមួយ​ Rapper​ Billy​ ទើប​តែ​បញ្ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា​ «អញ្ជើញ​ចូល​ចុះ​បើ​ស្រឡាញ់​»។

ជឿ​ថា​អ្នក​គ្រប់​គ្នា​ធ្លាប់​តែ​ស្ដាប់​បទ​ «អញ្ជើញ​ចូល​ចុះ​បើ​ស្រឡាញ់​» របស់​លោក​ស្រី​ សុង​ សេងហ៊ន​ ជា​ការ​បកស្រាយ​បែប​មនោសញ្ចេតនា​ស៊ី​អារម្មណ៍​ដែល​មនុស្ស​ស្រី​និយាយ​ទៅ​កាន់​បុរស​។ យ៉ាង​ណា​មិញ​ បទ​នេះ​ក៏​ត្រូវ​បាន​តារា​សិល្បៈ​មួយ​ចំនួន​ធំ​ លើក​យក​មក​ផលិត​ឡើង​វិញមាន​ Version ​ខុសៗ​គ្នា​ ហើយ​តារា​សម្ដែង​ ព្រីន​ និង​Rapper​ Billy​ ក៏​បាន​ចាប់ដៃ​គ្នា​ផលិត​បទ​នេះ​ឱ្យ​មាន​ចង្វាក់​បែប​ Remix​ Hip-Hop​ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ស្ដាប់​ទៅ​ប្លែក​អារម្មណ៍​ម្យ៉ាង​ដែរ​។​

មួយ​ទៀត​សោត​ បទ​«អញ្ជើញ​ចូល​ចុះ​បើ​ស្រឡាញ់»​ បែប ​Hip-​Hop​ ថ្មីនេះ​ ក៏​មាន​ការ​ចូល​រួម​សម្ដែង​ MV​ ពី​សំណាក់​ស្រី​ស្អាត​ជា​ច្រើន​នាក់​ ស្លៀកពាក់​បង្ហាញ​សាច់​តិច​ៗ​ រាំ​កៀង​ៗ​ជាមួយ​នឹង​លោក ​ព្រីន​ និង​Rapper​ Billy​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទាក់​ចិត្ត​មិន​ចង់​ដក​ភ្នែក​។ បទ​នេះ​បាន​បញ្ចេញ​នៅ​លើ​ហ្វេសប៊ុក ​និង​យូធូប​នៅ​ថ្ងៃទី​ ២៤​ ខែ​កក្កដា​ ឆ្នាំ ​២០២៣​នេះ​ ហើយ​ក៏​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ TikTok ​ផង​ដែរ​។

សម្រាប់​ New ​Look ​ដែល​លោក​ ព្រីន​ ចេញ​មក​ Surprise​ ដល់​ហ្វេន​អ្នកគាំទ្រ​នេះ​ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ត្រយង​ថា​ មែនទែន​ទៅ​ គឺ​លោក​ស្រឡាញ់​ប្រភេទ​បទចម្រៀង​បែប​ RnB​ ,Hip-Hop​ និង ​Rap ​ជា​ដើម​ លោក​តែងតែ​មាន​ក្ដី​ស្រមៃថា ​នឹង​ធ្វើ​ឱ្យ​មហាជន​ស្គាល់​លោក​ជា​តារាចម្រៀង​ Rap​ មួយ​រូប​ បន្ទាប់​ពី​អាជីព​សម្ដែង​ ដែល​នេះ​គឺ​ជា​ Color​ ពិត​របស់​លោក​ចង់​បង្ហាញ​ទៅ​អ្នក​គាំទ្រ​។ ព្រីន​ បន្តថា​ មួយ​បទ​នេះ​ គឺ​លោក​ចំណាយ​ថវិកា​ផ្ទាល់​ក្នុង​ការ​ផលិត ​និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ ក្រុម​ការងារ​ផ្សេង​ទៀត​ដែល​មិន​ចំណុះ​ផលិតកម្ម​។​

ចុង​ក្រោយ​ តារា​សម្ដែង​ ព្រីន​ ប្រាប់​មក​ត្រយង​ទៀត​ថា​ លោក​នៅ​មាន​ស្នាដៃ​ជា​ច្រើន​បទ​ទៀត​ ដែល​សុទ្ធសឹងតែ​ជា​បទ​ RnB​ ,Hip-Hop​ និង​ Rap​ ដែល​ត្រៀម​បញ្ចេញ​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ​។ លោក​រំពឹង​ថា ​ក្ដី​ស្រមៃ​ជា​តារា​ចម្រៀង​ Rap​ ដែល​ជា​សុបិន​លោក​បាន​ប្រាថ្នា​នោះ​ នឹង​ក្លាយ​ជា​ការ​ពិត​ ហើយ​កាន់​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ទៅ​មុខ​កាន់​តែ​ខ្លាំង​។ ព្រីន ​ចង់​ឱ្យ​អ្នកគាំទ្រ​ទទួលយករូបលោក​​ជា​អ្នកចម្រៀង Hip-Hop ម្នាក់​ក្នុង​ចិត្ត​ពួក​គេ​ និង​ជា​អ្នកច្រៀងRap ​ម្នាក់ដែល​ត្រៀម​អុកឡុក​វិស័យ​ចម្រៀង​ Hip-Hop នៅ​កម្ពុជា​ផង​ដែរ​។

សូម​ជម្រាប​ថា​ នៅក្នុង​វិស័យ​សិល្បៈ​ លោក ​ព្រីន​ មាន​ហ្វេន​អ្នក​គាំទ្រ​ជា​យុវវ័យ​លើក​ពោល​សរសើរ​ពី​ សមត្ថភាព​ ទេពកោសល្យ​នៃ​ការ​សម្ដែង​ ព្រមទាំង​មាន​រូបរាង​ស្រស់​សង្ហា​ មុខ​មាត់​មាន​មន្ត​ស្នេហ៍​ ដែល​តែង​ក្ដោប​បាន​តំណែង​ជា​តួឯក​ប្រុស​ជា​ច្រើន​រឿង​ផង​ដែរ​៕

Share.