តារា​ចម្រៀង​សំនៀង​ផ្អែម​ស្រទន់​រណ្ដំ​ដួង​ចិត្ត​ ប្រចាំ​ផលិតកម្ម​ សាន់ដេ ​កញ្ញា​ អ៊ីវ៉ា ​កាល​ពី​ ២​ម៉ោង​មុន​នេះ​បាន​ចេញ​មក​ផុស​សំណេរ​រៀបរាប់​ពី​ទុក្ខ​សោ​ក​ក្នុង​ទ្រូង​ព្រម​ទាំង​រូបភាព​យំ​របស់​ខ្លួន​ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​​និង​បារម្ភ​ខ្លាំង​​មិន​ដឹង​ថា​តារា​រូប​នេះ​កំពុង​មាន​វិបត្តិ​អ្វី?​​

នៅ​ថ្ងៃ​ពុធ​ទី​ ២១ ខែ​កក្កដា ឆ្នាំ​២០២១​ នេះ​តាម​រយៈ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​ Khin Sreyneath ដែល​ជា​​ឈ្មោះ​ដើម​កំណើត​របស់​ស្រី​ស្រស់​អ៊ីវ៉ា​ បាន​ចេញ​មក​​ថ្លែង​ត្អូញ​ត្អែរ​រៀបរាប់​រឿង​ទុក្ខ​សោក​ដែល​កប់​ក្នុង​ទ្រូង​មួយ​ចំនួន​ រួម​ជាមួយនឹ​ង​រូប​ថត​មួយ​សន្លឹក​របស់​កញ្ញា​ដែល​ជា​រូប​សម្រក់​ទឹក​ភ្នែក​។

នៅ​ក្នុង​សំណេរ​នោះ​ ម្ចាស់​បទ​ «​កូន​ប្រសារ​ធ្វើ​ស្រែ​ម៉ែ​មិន​ពេញ​ចិត្ត​» បាន​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​ហាក់​ទម្លាយ​រឿង​ណែន​ទ្រូង​យ៉ាង​ដូច្នេះ​ថា​​៖
«ជីវិតដែលមានកម្មទោះប្រឹងធ្វើល្អដល់ស្លាប់ លះបង់អស់ពីខ្លួនក៏នៅតែមិនអាចល្អ ពេលខ្លះនឿយហត់ណាស់ រ៉ាប់រងម្នាក់ឯងច្រើនពេកហើយ ខ្ញុំមិនមែនមនុស្សយន្តទេ ខ្ញុំចេះហត់ ខ្ញុំចេះឈឺ ខ្ញុំចេះខឹង ខ្ញុំចេះពិបាកចិត្ត ខ្ញុំចេះយំ .. ខ្ញុំខំណាស់ ខ្ញុំប្រឹងណាស់ មិនបានជួយរំលែកខ្ញុំ កុំដាក់សំពាធលើខ្ញុំច្រើនពេក ព្រោះខ្ញុំរងមកយូរហើយ មិនចង់បានអ្វីទេ សុំត្រឹមការលើកទឹកចិត្តគ្រប់គ្រាន់ហើយ»។

ក្រោយ​តារា​ចម្រៀង​សំណព្វ​ចិត្ត​ផុស​សំណេរ​រៀបរាប់​ខាង​លើ​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូលមក​លើក​ទឹក​ចិត្ត​​ឱ្យ​កញ្ញា​មាន​ការ​តស៊ូ​ជា​បន្ត​ទៀត​ អ្នក​ខ្លះ​ក៏​ចូល​មក​សួរ​ទៀត​ថា​ តើ​មាន​​រឿង​អ្វី​កើត​ឡើង​? តែ​ក្នុង​នោះ​ក៏​មាន​អ្នក​ចូលមក​ខមមិន​ថា​បាន​ស្ដាប់​ហើយ​បទ​ថ្មី​នេះ ​កម្សត់​ណាស់​ហើយ​ក៏​ពី​រោះ​ដែរ​ ចំណែក​អ្នក​មួយ​ចំនួន​ទៀត​ក៏​បាន​លើក​ដែរ​ថា​មួយ​បទ​នេះ​សេដ​ពេក​ហើយ​អាយដល​អើយ​។

គួរ​ដែរ​ដឹង​ថា​ការ​ពិត​ផុស​​របស់​កញ្ញា​ អ៊ីវ៉ា​ គឺ​ជា​ការ​ដក​ស្រង់​យក ​រូប​ភាព​ និង​ ​ខ្លឹម​សារ​នៃ​បទ​ចម្រៀង​ថ្មី​​របស់​ខ្លួន​ដែល​បាន​ចេញ​នៅ​​ក្នុង​ផលិតកម្ម​​ចម្រៀង​ សាន់ដេ (Sunday Production) ដែល​មាន​ចំណង​ជើង​ថា​ «ពេល​គ្មាន​ខ្ញុំ​»​ ប៉ុន្តែ​ពាក្យ​មួយ​ម៉ាត់​របស់​អ្នក​​នាង​នៅ​តែ​បង្កប់​ជា​មន្ទិល​សង្ស័យ​សម្រាប់​អ្នក​គាំទ្រ​ដដែល​ព្រោះ​អ្នក​នាង​បាន​សរសេរ​ថា​ «ក្នុង​ចម្រៀង​ក៏យំ​ ពេល​នេះ​ក៏​យំ​»។ មិន​ថា​តារា​ចម្រៀង​រូប​នេះ​មាន​បញ្ហា​អ្វី​​ឱ្យ​ពិត​ប្រាកដ​នោះ​ទេ​ អ្នក​គាំទ្រ​នៅ​តែ​ស្រុះ​គ្នា​លើក​ទឹក​ចិត្ត​និង​ផ្ដល់កម្លាំង​ចិត្ត​ឱ្យ​កញ្ញា​ឆ្លង​ផុត​ពេល​វេលា​ដ៏​​លំបាក​ជា​និច្ច​៕

Telegram-Troryorng
Share.