បន្ទាប់​ពី​ផ្ទុះ​ដំណឹង​កក្រើក​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ករណី​អាស្រូវ​លក់​ដី​ខ្យល់​ឱ្យ​អតិថិជន​ អតីត​តារា​សម្ដែង​ជើង​ចាស់​ដ៏​ល្បី​គឺ​លោក​ យុត្ថារា ឆានី ​បាន​ចេញ​មក​ឆ្លើយ​តប​យ៉ាង​ខ្លី​​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវ​ច្បាប់​។

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Seng Kim បាន​ចេញ​មក​ទម្លាយ​រឿង​ខ្លួន​នាំ​បង​ស្រី​ទៅ​ទិញ​ដី​អស់​ជាង​ ២​ម៉ឺន​ ដុល្លារ​ អាស្រ័យ​ដោយ​ក្ដី​ស្រលាញ់​និង​ទុក​ចិត្ត​អាយដល (សំដៅ​ដល់​លោក យុត្ថារា ឆានី) ប៉ុន្តែ​បែរ​ជា​មិន​បាន​ដី​ទៅវិញ​។ «ខំទុក​ចិត្ត​ និង​ស្រលាញ់​ Idol តាំង​ពី​ក្មេង​ ក៏​នាំ​បងស្រី​ទៅ​ទិញដី​របស់​ Idol បង់​រំលស់​បាន​ជាង​២ ម៉ឺន​ដុល្លារ​ ប៉ុន្តែ​បែរ​ជា​អត់​មាន​ដី​ទៅវិញ​ ដី​ដែល​បាន​បង់​នោះ​ ត្រូវ​គេ​ព័ទ្ធ​របង​យក​ទៅវិញ​ ចាំ​ Idol ដោះ​ស្រាយ​ក៏​មិន​ឃើញ​ សុំ​តែ​លុយ​ដើម​វិញ​ ឬ​ដូរ​ដី​ផ្សេង​ក៏​បាន​» ​​បាន​ទាំង​នេះ​គឺជា​ការ​លើក​ឡើង​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លើ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ «​នៅ​មាន​ជន​រងគ្រោះ​ច្រើន​នាក់​ទៀត​ដែល​បាន​ឆាត​មក​ខ្ញុំ​ ដើម្បី​រួប​រួម​គ្នា​ទៅ​ជួប​លោក​ពូ​ យុត្ថារា ឆានី បងប្អូន​ជួយ​ស៊ែរ​ម្នាក់​១​ផង​។ ពួក​ខ្ញុំ​ទាំង​អស់​គ្នា​គ្រាន់​តែ​ចង់​បាន​ដំណោះ​ស្រាយ​មួយ​ ដែល​យុត្តិធម៌ សំរាប់​ពួក​ខ្ញុំ​តែ​ប៉ុណ្ណោះ​ មិន​ចង់​ល្បី​ មិន​ចង់​មាន​រឿង​ដែរ​ សុំ​ត្រឹម​លុយ​ដើម​ឬ​ក៏​ដូរ​ដី​ផ្សេង​ក៏​បាន​»

ក្រោយ​មាន​ការ​ចែក​រំលែក​រឿង​នេះ​យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​បណ្ដាញ​សង្គម​ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា​ម្សិលមិញ​ ​តារា​សម្ដែង​ជើង​ចាស់​ដែល​​​កំពុង​តែ​ក្លាយ​​ជា​ប្រធាន​បទ​ក្ដៅ​នៃ​ការ​ជជែក​វែក​ញែក​នោះ​ ​ បាន​ចេញ​មក​​ប្រតិកម្ម​ឆ្លើយ​តប​ខ្លី​​ថា​៖ «ខ្ញុំ​បាទ​ យុត្ថារា ឆានី​ សូម​បដិសេធ​​រាល់​ការ​ចុះ​ផ្សាយ​​ព័ត៌មាន​មិន​ពិត​។ ប្រទេស​មាន​ច្បាប់​ បើ​យល់​ថា​ខ្ញុំ​ខុស​ សូម​ធ្វើ​តាម​ច្បាប់​រៀង​ខ្លួន​»។

ជាមួយ​នឹង​ការ​ឆ្លើយ​តប​ខ្លី​នេះ​ភាគី​ម្ចាស់​គណនី​ខាង​លើ​បាន​​លើក​ឡើង​ដូច​គ្នា​ដែរ​ថា៖ «​អ្នក​ក្រ​ដូច​ពួក​ខ្ញុំ​ ប្ដឹង​លោក​ពូ​ មិន​រង្គើ​ទេ​ ព្រោះ​ប្រហែល​ជា​លោក​មាន​ខ្សែ​ធំ​ហើយ​មើល​ទៅ​បាន​ជា​មិន​ខ្លាច​អើពើ​និង​ច្បាប់​បន្តិច​សោះ​។ ប៉ុន្តែ​ពួក​ខ្ញុំ​ដែល​ជា​ជន​រងគ្រោះ​ទាំងអស់​គ្នា​ នឹង​រួបរួម​គ្នា​ដើម្បី​ឱ្យ​មេធាវី​ សម្ដេច​ជួយ​ ជឿជាក់​ថា​ ​ប្រទស​មាន​​ច្បាប់​ ទោះ​មុខមាត់​ខ្សែ​ធំ​ យ៉ាង​ណា​ក៏​ គេច​មិន​ផុត​ដែរ​។ ម្នាក់ៗ​ខំ​ធ្វើ​ការ​តត្រុក​រាល់​ថ្ងៃ​ មិន​ហ៊ាន​ស៊ី​មិន​ហ៊ាន​ចាយ​ សន្សំ​ដល់​ខែ​បង់​ឱ្យ​លោក​ពូ​ មិន​ហ៊ាន​សូម្បី​១​ថ្ងៃ​ ហេតុអ្វី​ដាច់​ចិត្ត​ធ្វើ​ចឹង​ទៅ​កើត​លោក​អើយ​។ បន្តិច​ទៀត​ខ្ញុំ​នឹង​បញ្ចេញ​ ក្រដាស​កោះ​ហៅ​ពី​មេធាវី​ និង​វីដេអូ​ជាក់​ស្ដែង​។»

ឈាន​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា​ នេះ​ នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ឬ​ដំណោះ​ស្រាយ​ណា​មួយ​នៅ​ឡើយ​ចំពោះ​ករណី​ចម្រូងចម្រាស​ខាង​លើ​នេះ​ ប្រសិន​បើ​មាន​ដំណឹង​អ្វី​បន្ថែម​ទៀត​សារព័ត៌មាន​ត្រយង​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​រឿង​រ៉ាវ​នេះ​ជម្រាប​ជូន​ជា​បន្ត​បន្ទាប់​ទៀត​៕

Share.