មនុស្ស៣នាក់រងរបួស ក្នុងនោះមាន២នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹង ម្នាក់រងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរ ជិះម៉ូតូ ឌុបគ្នារវល់តែងាក មិនបានមើលមុខ លឿនជ្រុលទៅបុកពីក្រោយរថយន្តសារ៉ែន របស់យោធា។

ក្នុងហេតុការណ៍នោះ ម៉ូតូដាច់បាក់តួជា២កំណាត់ កាលពីវេលាម៉ោង១នង៥៥នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់ ត្រូវជាមីងក្មួយនឹងគ្នា ទី១ ឈ្មោះ សុខ ប៉ាទ្រីហ្សា ភេទស្រី អាយុ៤៣ឆ្នាំ រងរបួសធ្ងន់ សន្លប់ ឈឹង ត្រូវជា ម្តាយមីង ។ ទី២ ឈ្មោះ សំណាង ចាន់វត្តី ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាក្មួយ រងរបួសស្រាល ។ ទី៣ ឈ្មោះ សំណាង បូរមី ភេទស្រី អាយុ៣ឆ្នាំ រងរបួសធ្ងន់ សន្លប់ឈឹង ត្រូវជាកូនរបស់ជនរងគ្រោះ ឈ្មោះ សំណាង ចាន់វត្តី ។  ជនរងគ្រោះទាំង៣នាក់ មានទីលំនៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ម៉ាក I Con ពណ៌លឿង ពាក់ ស្លាកលេខ ភ្នំពេញ 1AR-9239 បើកដោយស្ត្រីឈ្មោះ សុខ ប៉ាទ្រហ្សា ក្នុងល្បឿនលឿន ពីត្បូងទៅជើង រវល់តែ ងាកជជែកគ្នា មិនប្រយ័ត្ន ជ្រុលទៅ បុកពីក្រោយ រថយន្តសារ៉ែន របស់យោធា ម៉ាក CHEVROLET ពណ៌ត្រេអ៊ី កំពុងធ្វើដំណើរពីត្បូងទៅជើង បណ្តាលឲ្យរង របួស ធ្ងន់ស្រាល៣នាក់មីងក្មួយ ម៉ូតូបាក់ដាច់តួជា២កំណាត់ រថយន្តកំពិតកាងក្រោយ ។

ស្ត្រីរងគ្រោះ ឈ្មោះ សំណាង ចាន់វត្តី បានឲ្យដឹងថា មុនកើតហេតុ ពួកគាត់ទើបវិលត្រឡប់មកពីលេងផ្ទះបងប្អូន នៅផ្សារទឹកថ្លា សង្កាត់ក្រាំងពង្រ ជិះឌុបគ្នាគោលបំណងឆ្ពោះទៅផ្ទះនៅសង្កាត់ច្បារអំពៅវិញ ធ្វើដំណើរឌុបគ្នា តាមផ្លូវជាតិលេខ៣ ពីត្បូង ទៅជើង ជិះបណ្តើរ និយាយជាមួយម្តាយមីងបណ្តើរក៏ជ្រុលបុកពីក្រោយរថយន្តតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់បានហៅម៉ូតូកង់បី ទៅពេទ្យព្រះកុសុមៈដោយខ្លួនឯង។ ចំណែកមធ្យោបាយទាំង២ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញ ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ ៕

Share.