សិល្បៈ​ជាតិ៖ ​រឿង​រ៉ាវ​អតីត​តារា​សម្ដែង​ VJ ANO ដាច់​ចិត្ត​យក​កាំបិត​ចាក់​ពោះ​បញ្ចប់​ជីវិត​ខ្លួន​ ​គឺជា​រឿង​មួយ​ដែលធ្វើ​ឱ្យ​សាធារណជន​ មាន​ការ​ចាប់​អារម្មណ៍ជា​ខ្លាំង​ព្រោះ​គ្មាន​អ្នក​ណា​នឹក​​ស្មាន​​ដល់​ថា​ជីវិត​របស់​អ្នក​នាង​រង​សម្ពាធ​ធ្ងន់ធ្ងរ​រហូត​ដល់​គិត​ខ្លី​​សម្លាប់​ខ្លួន​ សុខ​ចិត្ត​ទុក​កូន​ឱ្យ​ប្អូនស្រី​​​ជួយ​ចិញ្ចឹម​​ជំនួស​សោះ​។​ ​ងាក​មក​អ្នក​នាង​ ព្រីម លីហ្សា ឯណោះ​វិញ​ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៥ ខែសីហា បាន​ចេញ​មក​ចែក​រំលែក​​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​កំពុង​រសើបគឺ​​រឿង​អ្នក​នាង​ VJ ANO ធ្វើ​អត្តឃាត​ដោយ​យក​កាំបិត​ចាក់ពោះ។ ​

ក្រោយ​មើល​​ឃើញ​អតីត​មិត្ត​រួម​អាជីព​សិល្បៈ​​ធ្លាក់​ក្នុង​សភាព​​ដុន​ដាប​ និង​​រង​ទុក្ខ​សោកក្រៀមក្រំ​ជា​ទម្ងន់​​ ធ្វើ​ឱ្យ​អ្នក​នាង​នឹកឃើញ​ដល់​ការ​ឈឺ​ចាប់​របស់​ខ្លួន​ឯង​ ដែល​ខំ​លះបង់​ដើម្បី​ការ​ស្រលាញ់​ចំពោះ​មនុស្ស​ប្រុស​ម្នាក់​ តែ​លទ្ធផល​ដែល​ទទួល​បាន​ គឺ​មាន​តែ​ការ​ឈឺ​ចាប់​មិន​អាច​បំភ្លេច​បាន​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​​អ្នក​នាង ព្រីម លីហ្សា ​បាន​លើក​ឡើង​ដែរ​ថា​ការ​ឈឺចាប់​ បាន​ធ្វើ​ឱ្យ​អ្នក​នាង​ក្លាយ​ជា​ Single Mom ឬ​​អ្នក​ម្ដាយ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​យ៉ាង​រឹងមាំ​ម្នាក់​ ព្រម​ទាំង​ជូន​ពរ​ឱ្យ​អ្នក​នាង​ សួន ភក្ដី​ ហៅ VJ Ano ឆាប់​មាន​សុខភាព​ល្អ និង​រឹងមាំ​ឡើងវិញ​ហើយ​បន្ត​ជីវិត​ទៅ​មុខដើម្បី​កូន​។

ខាង​ក្រោម​នេះ​គឺជា​ការ​លើករបស់​អ្នក​នាង​ ព្រីម លីហ្សា ​ទាំង​ស្រុង​៖ «ឃើញ​រឿង​របស់​បងស្រី​Vj Anoធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​អារម្មណ៍​មួយ​អារម្មណ៍​ដែល​លះបង់​ការ​ស្រលាញ់​យ៉ាង​ធំធេង​ទៅ​កាន់​មនុស្ស​ប្រុស​ម្នាក់​ដោយ​មិន​ខ្វល់​អំពី​អ្វី​ទាំងអស់​មាន​តែ​ពាក្យ​មួយ​គត់​គឺ​ក្តី​ស្រឡាញ់​តែ​ទី​បំផុត​ទទួល​ត្រឡប់​មក​វិញ​ជា​ការ​ឈឺចាប់​យ៉ាង​មិន​នឹក​ស្មាន​ដល់​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ជីវិត​។​អ្វី​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ទាំងអស់​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​​ក្លាយ​ទៅ​ជា​​single mom ​យ៉ាង​រឹងមាំ​ម្នាក់​មាន​តែ​ពាក្យ​ជូនពរ​សម្រាប់​បង​ស្រី​ឲ្យ​គាត់​មាន​សុខភាព​ល្អ​ឡើង​វិញ​ហើយ​រឹងមាំ​បន្ត​ជីវិត​ទៅ​មុខ​ទៀត​ដើម្បី​កូន​របស់​គាត់​។​ដូច​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​»​

​ព្រីម លីហ្សា ​កន្លង​ទៅ​ធ្លាប់​បាន​បើក​ចំហ​ឥតលាក់លៀម​ ​រឿង​ដែល​ខ្លួន​គឺជា​ Single Mom និង​មាន​កូន​ប្រុស​ម្នាក់​​ក្នុង​បន្ទុក។ អ្នក​នាង​គឺជា​តារា​សម្ដែង​ និង​តារាបង្ហាញ​ម៉ូដ សិចស៊ី​មួយ​ដួង​ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​និង​ស្ថិត​​នៅ​​ជួរ​មុខក្នុង​រង្វង់​សិល្បៈ​ ជាពិសេស​អ្នក​គាំទ្រ​មិន​ភ្លេច​នោះ​ឡើយ​នូវ​ការ​សម្ដែង​របស់​អ្នក​នាង​ក្នុង​បទ​ចម្រៀង​«ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត» បទ​ចម្រៀង​ដ៏ល្បី​របស់​លោក​ ឆាយ វីរៈយុទ្ធ​ មុន​នឹង​បាត់​មុខ​ពី​ការ​សម្ដែង​​​​មិន​ទាន់​​ឃើញ​​មាន​សមិទ្ធិផល​ថ្មី​នៅ​ឡើយ​៕

Share.