កាលពីព្រឹកថ្ងៃទី ២១ កក្កដានេះ រដ្ឋាភិបាលហៃទី បានតែងតាំងលោក អារៀល ហេនរី (Ariel Henry) ជានាយករដ្ឋមន្រ្តីថ្មីជាផ្លូវការ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ស្ដីទីផុតអាណត្តិ​​ លោក ក្លូដ ចូសីព (Claude Joseph) ទៅធ្វើជារដ្ឋមន្ត្រីការបរទេសវិញ។

ការគ្រប់គ្រងរដ្ឋាភិបាលថ្មី ដោយលោក Ariel Henry គឺធ្វើឡើងបន្ទាប់ពី អតីតប្រធានាធិបតីប្រទេស ហៃទី លោក Jovenel Moise (ចូវីណែល ម៉ូអ៊ីស) ត្រូវបានគេធ្វើឃាត ដោយខ្មាន់កាំភ្លើងចំនួន ២៨នាក់ នៅគេហដ្ឋានរបស់លោកស្ថិតនៅជាយរដ្ឋធានី ព័រអូព្រីន ជិត ២សប្ដាហ៍កន្លងមក ក្រោមហេតុផលនយោបាយ ដែលមានមន្រ្តីក្នុងជួររដ្ឋាភិបាកហៃទីម្នាក់នៅពីក្រោយខ្នង។

លោក អារៀល ហេនរី  (Ariel Henry) ទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហៃទី រូបនេះបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចំនួន ១៤ថ្ងៃ រួមទាំងប្រកាសកាន់ទុក្ខអតីតប្រធានាធិបតីផងដែរ។

លោក អារៀល ហេនរី បានសន្យាពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងប្រទេសនេះឲ្យរឹងមាំឡើងវិញ ខណៈដែលប្រទេសដ៏ក្រីក្រនេះ កំពុងជួបវិបត្តិអសន្តិសុខ ដោយក្មេងទំនើង។ ចំណែកអតីតនាយករដ្ឋមន្រ្តី ក្លូដ ចូសីព (Claude Joseph) ដែលផុតអាណត្តិ បាននិយាយថា ការតែងតាំងលោក Henry គឺមានគោលបំណងជួយសម្រួលដល់ការបោះឆ្នោត ដែលត្រូវបានរៀបចំឡើងកាលពីឆ្នាំ ២០១៦ ហើយលោកក៏បានព្រមានពីកិច្ចការដ៏លំបាកមួយចំនួន នៅពេលខាងមុខដែរ។

លោក ក្លូដ ចូសីព និងលោក អារៀល ហេនរី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលហៃទី ចាំបាច់ត្រូវស្តារសណ្តាប់ធ្នាប់ និងសន្តិសុខ ក៏ដូចជាការងារដើម្បីពង្រឹងសេដ្ឋកិច្ចដែលត្រូវបានបំផ្លាញដោយឧក្រិដ្ឋកម្ម និងមេរោគរាតត្បាតឲ្យបានប្រសើរឡើងវិញ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.