​ក្រុម Chelsea របស់​អង់គ្លេស ក្រុម​ Paris Saint-Germain (PSG) របស់​បារាំង ក្រុម​Real Madrid របស់​អេស្ប៉ាញ និង​ក្រុមManchester City របស់​អង់គ្លេស សុទ្ធ​តែ​ឈ្នះ​ដូចគ្នា​​ជើង​ទី១ ​នៃ​វគ្គ​៨ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2020–21 UEFA Champions League។

នៅ​យប់​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០២១ ក្រុម Porto បាន​​បើក​ទ្វា​កីឡដ្ឋាន​Ramón Sánchez Pizjuán ក្នុង​ទីក្រុង​ Seville ប្រទេស​អេស្ប៉ាញ ដែល​ជា​ទឹកដី​កណ្ដាល បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Chelsea របស់​អង់គ្លេស ២ទល់០ ក្រោម​ការ​កាត់សេចក្តី​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល Slavko Vinčić​ ជនជាតិ​ស្លូវ៉ាគី។ កីឡាករ Mount និង Chilwell បាន​រក​គ្រាប់​បាល់​ម្នាក់១គ្រាប់​ឱ្យ​ Chelsea ស្ពាយ​ជ័យជម្នះ​ត្រឡប់​ទៅ​ទីក្រុង​ឡុងដុង វិញ។

ចំណែក​ក្រុម PSG វិញ​​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ Bayern Munich ដោយ​លទ្ធផល​៣ទល់២ លើ​ទីលាន​កីឡដ្ឋាន​Allianz Arena ក្នុង​ទីក្រុង Munich ដែល​កាត់​សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល Antonio Mateu Lahoz ជនជាតិ​អេស្ប៉ាញ។ គ្រាប់​របស់​ម្ចាស់​ផ្ទះ រក​បាន​ដោយ​កីឡាករ Choupo-Moting និង​ Müller ខណៈ​៣គ្រាប់​របស់​ភ្ញៀវ​រក​បាន​ដោយ​កីឡាករ Mbappé ២គ្រាប់​ម្នាក់​ឯង និង​កីឡាករ Marquinhos ១គ្រាប់។

ប្រកួត​ជើង​ទី១​ដូចគ្នា​​​នៅ​យប់​ថ្ងៃ​ទី​៧ ខែ​មេសា​ឆ្នាំ​២០២១ កន្លង​ទៅ​នេះ​ក្រុម​បាល់ទាត់ Manchester City របស់​អង់គ្លេស បាន​យក​ឈ្នះ​លើ​ក្រុមBorussia Dortmund ​របស់​អាល្លឺម៉ង់ ដោយ​លទ្ធផល​ ២ទល់១ លើ​ទីលាន​កីឡដ្ឋាន Etihad Stadium ក្នុង​ទីក្រុង Manchester របស់​ខ្លួន។ ប្រកួត​នេះ​កាន់​កញ្ចែ​ដោយ​លោក​អាជ្ញាកណ្ដាល​ Ovidiu Hațeganជនជាតិ​រ៉ូម៉ានី។ ខ្សែ​បម្រើ​ជនជាតិ​ប៊ែលហ្សិក​ De Bruyne និង Foden បាន​រក​គ្រាប់​ជ័យជម្នះ​ឱ្យ​ Man City ស្រប​ពេល​កីឡាករ Reul វាយ​បក​ឱ្យ​ភ្ញៀវ​បាន​១​គ្រាប់​វិញ។

មួយ​គូ​ទៀត​ក្រុម​ Real Madrid របស់​អេស្ប៉ាញ​បាន​យក​ឈ្នះ​លើ​ក្រុម​ Liverpool របស់​អង់គ្លេស ៣ទល់១ លើ​ទីលាន​កីឡដ្ឋាន Estadio Alfredo Di Stéfano ក្នុង​ទីក្រុង​ម៉ាឌីត ខណៈ​លោកFelix Brych ជនជាតិ​អាល្លឺម៉ង់ ជា​អាជ្ញាកណ្ដាល។ ៣គ្រាប់​របស់ Real Madrid រក​បាន​ដោយ​កីឡាករ Vinícius ២គ្រាប់​ម្នាក់​ឯង និង​កីឡាករ Asensio ១គ្រាប់ ស្រប​ពេល Salah រក​គ្រាប់​បាល់​ឱ្យ Liverpool។

សម្រាប់​ប្រកួត​ជើង​ទី២ ​ក្រុម​ទាំង​៤គូ​នេះ​ត្រូវ​ប្តូរ​ទឹកដី​ប្រកួត​ ដោយ​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២១ ក្រុម​ Borissia Dortmund ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​ Westfalenstadionទទួល​ក្រុម Man City វិញ​ម្តង ហើយ​ក្រុម​ Liverpool ទទួល​ក្រុម Real Madrid លើ​ទីលាន​កីឡដ្ឋាន Anfield របស់​ខ្លួន។ នៅ​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​២០២១ ក្រុម PSG ត្រូវ​ទទួល​ក្រុម Bayern Munich លើ​ទីលានParc des Princes និង​ក្រុម Chelsea ប្រើប្រាស់​កីឡដ្ឋាន Ramón Sánchez Pizjuán ជា​ទឹកដី​កណ្ដាល​ដដែល​ប្រកួត​ជាមួយ Porto។

សូម​បញ្ជាក់​ថា​ក្រុម​ដែល​ទទួល​ជើង​ឯក នឹង​​បាន​ពានរង្វាន់​១ មេដាយ​​មាស​ចំនួន​៤០និង​ប្រាក់​រង្វាន់​១៩​លាន​ផោន។ ទទួល​សិទ្ធិ​តំណាង​ទ្វីប​អឺរ៉ុប ចូលរួម​ប្រកួត​ក្នុង​ពាន​ពិភពលោក 2021 FIFA Club World Cup នៅ​ប្រទេស​ជប៉ុន​ ក្នុង​ខែ​ធ្នូ ចុងឆ្នាំ។ ទទួល​សិទ្ធ​ប្រកួត​ក្នុង​ពាន 2021 UEFA Super Cupជាមួយ​ក្រុម​ជើង​ឯក​មក​ពី​ពាន 2020–21 UEFA Europa League នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​Windsor Parkក្នុង​ទីក្រុង Belfast​ប្រទេស​អៀរឡង់ខាងជើង៕

Share.