ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ 2020 Summer Olympics នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នឹង​​រៀបចំ​ពិធី​បើក​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ហើយ ក្រោម​​ព្រះរាជា​ធិបតី​ភាព​​ព្រះមហាក្សត្រ ​Naruhito ខណៈ​ប្រតិភូ​​ទៅ​ពី​គ្រប់​ប្រទេស​នឹង​​ធ្វើ​ដំណើរ​បង្ហាញ​ខ្លួន​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ Olympic Stadium នៅ​ក្នុង​ពិធី​នេះ​ដែរ។

ចំពោះ​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម វ៉ាត់ ចំរើន ជា​នាយ​បេសកកម្ម ខណៈ​​កីឡា​ការិនី ឃឿន ប៊ុនពេជ្រមរកត និង​​កីឡាករ ប៉ែន សុគង់ ត្រូវ​បាន​ចុច​ឈ្មោះ​ឱ្យ​កាន់​ទង់ជាតិ​របស់​កម្ពុជា នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​នេះ។ កន្លង​មក​គណៈកម្មការ​កំណត់​យក​អត្តពលិក​តែ​១រូប​ប៉ុណ្ណោះ ដើម្បី​កាន់​ទង់ជាតិ ដង្ហែ ប៉ុន្តែ​ក្នុង​សម័យ​កូវីដ-១៩ នេះ​​មាន​ការ​ចុច​ឈ្មោះ​អត្តពលិក​ដល់​ទៅ​២នាក់​ដើម្បី​ត្រៀម។ ពិធី​បើក​នឹង​ចាប់​ផ្ដើម​ឡើង​ពី​ម៉ោង​៤រសៀល (ម៉ោង​នៅ​កម្ពុជា) តទៅ។

សូម​បញ្ជាក់​ថា​កម្ពុជា បញ្ជូន​​អត្តពលិក​៣​រូប​​ទៅ​ចូលរួម​ប្រកួត រួម​មាន កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត ហែល​ក្នុង​វិញ្ញាសា​ហែល​ទឹក​៥០ម៉ែត្រ​សេរី​នារី។ កីឡាករ​ហែលទឹក ហែម ប៉ុច ក្នុង​វិញ្ញាសា​ហែល​ទឹក​​៥០ម៉ែត្រ​សេរី​បុរស។ កីឡាករ​អត្តពលកម្ម ប៉ែន សុគង់ នឹង​រត់​​ល្បឿន​​ចម្ងាយ​១០០ម៉ែត្រ​បុរស។

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​ជា​​១១,០០០​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១។ ការ​ប្រកួត​នេះ​បាន​លើក​ពេល​ពី​ឆ្នាំ​២០២០ កន្លង​មក​ដោយ​សារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ជុំ​វិញ​ពិភពលោក៕

Telegram-Troryorng
Share.