ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា វ៉ាក់សាំង Pfizer និង Moderna ដែលប្រើបច្ចេកវិទ្យា mRNA ហាក់ដូចជាមានប្រសិទ្ធភាពជាងវ៉ាក់សាំង Johnson & Johnson  ។ វ៉ាក់សាំងប្រឆាំង នឹងមេរោគឆ្លង គឺផ្អែកលើបច្ចេកវិទ្យា២ប្រភេទផ្សេងគ្នា។ មន្ទីរពិសោធន៍ BioRxiv បានពិនិត្យសំណាកឈាមរបស់អ្នកចាក់រួច នៅកន្លែងពិសោធន៍ដើម្បីធ្វើការស្រាវជ្រាវពីការដុះអង់ទីគ័រជាថ្មីម្ដងទៀត។ 

ការសិក្សាខាងលើនេះបានបង្ហាញថា ការចាក់វ៉ាក់សាំង Johnson & Johnson ចំនួន ១ដូស មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបម្លែងថ្មី Delta ត្រឹមតែ ៣៣ភាគរយ ប៉ុន្ដែប្រសិនបើចាក់ ២ដូស គឺមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគនេះចំនួន  ៦០ភាគរយ ខណៈប្រជាជននៅសហរដ្ឋអាមេរិកចំនួន ១៣លាននាក់ បានចាក់វ៉ាក់សាំង Johnson & Johnson តែ១ដូស ហើយពួកគេប្រហែលជាត្រូវចាក់វ៉ាក់សាំងនេះជាលើកទី២។​ 

គួរជម្រាបថា វ៉ាក់សាំង Johnson & Johnson ត្រូវបានមន្ត្រីសុខាភិបាលនៅអាមេរិកអះអាងថា អនុញ្ញាត្តឲ្យចាក់តែ ១ដូសប៉ុណ្ណោះ ខុសពីវ៉ាក់សាំងដទៃទៀតដែលតម្រូវឲ្យចាក់ ២ដូស។ ប៉ុន្ដែអ្នកស្រាវជ្រាវផ្សេងៗទៀតបានអះអាងថា ការចាក់វ៉ាក់សាំងតែ ១ដូស គឺមិនគ្រប់គ្រាន់ក្នុងការប្រឆាំងមេរោគបម្លែងថ្មី Delta នោះទេ ខណៈដែលវ៉ាក់សាំងជាច្រើនប្រភេទទៀតក៏មិនទាន់មានប្រសិទ្ធភាពប្រឆាំងនិងមេរោគនេះបាន ១០០ដែរ៕ 

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.