បុរស​សង្ហា​លោក​នីកូ​ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ដែល​ទើប​តែ​ចេញ​បទ​ចម្រៀង​បែប​យុវវ័យ​ថ្មី​ចង្វាក់​សប្បាយ​ៗ​ប៉ុន្តែ​បាន​ច្នៃ​បង្កាប់​នូវ​ព្រលឹង​សិល្បៈ​និង​វប្បធម៌​ជាតិ​ខ្មែរ​ទៅ​ក្នុង​នោះ​គួរ​ឱ្យ​សរសើរ​។ ក្រោយ​ពី​មើល​ឃើញ​ពី​សន្ទុះ​នៃ​ការ​គាំទ្រ​និង​កោត​សរសើរ​បទ​តាក់ទូង​របស់​លោក​នីកូ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​ហើយ​នោះ​ក្រុមការងារ​សិល្បៈ​កម្សាន្ត​ត្រយង​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​កាន់​លោក​ដើម្បី​ធ្វើ​ការ​សម្ភាសន៍​ពី​ចំណាប់​អារម្មណ៍​របស់​តារា​ចម្រៀង​រូប​នេះ​។

លោក​នី​កូ​បាន​ឱ្យ​ដឹង​ថា​បទ​តាក់ទូង​នេះ​លោក​បាន​និពន្ធ​តាំង​ពី​៥​ខែ​មុន​មក​ម្ល៉េះ​ដើម្បី​ត្រៀម​ចូល​ឆ្នាំ​ខ្មែរ​។ ចំណែក​ការ​រៀបចំ​ថត​វិញ​លោក​បាន​ថត​នេះ​ចប់​រួច​រាល់​ជាង​២​ខែ​មក​ហើយ​ដោយ​សារ​តែ​បទ​នេះ​ប្រើ​ប្រាស់​​ប្លង់​ច្រើន​ Prop ច្រើន ចំណែក​ឈុត​វិញ​រហូត​ដល់​២០​ឈុត​ ​ដើម្បី​សម្រិត​សម្រាំង​ឲ្យ​បាន​ស្នាដៃ​ល្អ​មួយ ​លោក​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ​៣​ថ្ងៃ​ទម្រាំ​ថត​ចប់​ចម្រៀង​មួយ​នេះ​។​

អ្នក​កំលោះ​វ័យ​ក្មេង​មាន​សមត្ថភាព​ពហុ​ជំនាញ​រូប​នេះ​បាន​ឱ្យ​ដឹង​ដែរ​ថា​បទ​ចម្រៀង​ថ្មី​របស់​លោក​ក្រៅ​ក្នុង​នោះ​ក៏​មាន​បញ្ចូល​នៅ​រូបភាព​ជា​ច្រើន​ដូច​ជា​ស្គរ​ខ្មែរ​ជា​ច្រើន​​ប្រភេទ​ ដូច​ជា​​ ​ស្គរជ័យ​ ​ស្គរធំ​ ស្គរ​សម្ភោរ​ ​ស្គរដៃ​ ស្គរ​ឆៃយ៉ាំ​ និង​ស្គរយីកេ ​ក្នុង​នោះ​ក៏​មាន​នាគ​ខ្មែរ​​ តំណាង​ស្ថាបត្យកម្ម​និង​សំណង់​ដែល​ជា​ជំនឿ​របស់​ដូនតា​ខ្មែរ​ ស្លឹកត្នោត និង​មួក​ត្នោត​ គោម​ខ្មែរ​ font​អក្សរ​ខ្មែរ​ លំនាំ​ពី​ ​ស្លឹករឹត​ ឈុត​ក្រមា​ ​ឈុត​ហូល​ ​ការ​បញ្ចុះ​សន្លឹក​មាស​ ​ត្បូងកណ្តៀង​ ​ជាដើម។

​នៅ​ពេល​អ្នក​សារព័ត៌មាន​សាកសួរ​ពាក់​ព័ន្ធ​នឹង​មតិ​រិះ​គន់​មួយ​ចំនួន​ដែល​អាច​នឹង​កើត​មាន​ឡើង​ដោយ​សារ​តែ​លោក​ Mix បញ្ចូល​បទ​ចម្រៀង​ញាក់​ជាមួយ​នឹង​សិល្បៈ​វប្បធម៌​បុរាណ​ ម្ចាស់​បទ​តាក់​ទូង​ក៏​បាន​បញ្ជាក់​ដែរ​ថា​លោក​បទ​ចម្រៀង​របស់​លោក​ទាំង​អស់​ មិន​ថាបទ​ញាក់​ បទ​ស្លូ​លោក​តែងតែ​បញ្ចូល​នៅ​រូបភាព​ជា​ប្រយោជន៍​​ មិន​តិច​ក៏​ច្រើន​ដែរ​ សំខាន់​ត្រង់​​ការ​គោរព​អោយ​តម្លៃ​និង​មិន​ធ្វើអ្វី​មួយ​អោយ​លើសលួស​​។​មួយ​វិញ​ទៀត​​​គ្រួសារ​លោក​សុទ្ធសឹង​ជា​អ្នកសិល្បៈ​ផ្នែក​វប្បធម៌​ អញ្ចឹង​ហើយ​មុន​ពេល​សំរេច​បញ្ចូល​អ្វី​មួយ​ តែង​មាន​ការ​ពិភាក្សា​ពី​ក្រុម​គ្រួសារ​ ​សាស្រ្តាចារ្យ​ និង​អ្នកជំនាញ​ជានិច្ច​។​

ក្នុង​នាម​ជា​សិល្បករ​រៀម​ច្បង​ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ក្នុង​រង្វង់សិល្បៈ​លោក​ នីកូ​ក៏​បាន​ចែក​រំលែក​នូវ​គំនិត​ដល់​ប្អូនៗ​ជំនាន់​ក្រោយ​ដែល​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ដូច​លោក​ថា​ « ​មុន​ចង់​ក្លាយ​ជា​ អ្នក​សិល្បះ​ត្រូវ​ស្គាល់​ខ្លួន​ឯង​អោយ​ច្បាស់​ ​វិន័យ​ការ​គោរព​ជា​រឿង​សំខាន់​ »​​​

ជា​ចុង​ក្រោយ​លោក នីកូ ក៏​បានបួងសួង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ក្ដី​សុខ​សុវត្ថិភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ព្រោះ​ថា​ជំងឺ​នេះ​ ងាយ​នឹង​ឆ្លង​ សូម​បងប្អូន​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​ប្រទេស​និង​ពិភពលោក​ត្រលប់​ទៅ​រក​ភាព​ស្រស់ស្អាត​ឡើង​វិញ​។​

​​

Share.