កាលពីម៉ោង១០និង២០នាទីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រួសារឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានចេញមកច្រានចោលទាំងស្រុងចំពោះដំណឹងក្លែងក្លាយដែលបានបំផ្លើសការពិតហើយផ្សាយកាឡៃថាឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។
បើតាមការបញ្ជាក់ពីភាគីខាងក្រុមគ្រួសារបានឱ្យដឹងថាស្ថានភាពជំងឺឯកឧត្តម ម៉ៅ អាយុទ្ធមកដល់នឹងពេលនេះគឺមានសភាពនឹងនរដោយឯកឧត្តមនៅដឹងខ្លួននិងអាចទទួលទានអាហារតាមការណែនាំរបស់ក្រុមគ្រូពេទ្យជាធម្មតា ហើយក្រុមគ្រូពេទ្យក៏កំពុងតែតាមដានអាការៈជំងឺរបស់ឯកឧត្តមជាបន្តបន្ទាប់ទៀតដែរ។
ដូច្នេះក្រុមគ្រួសារសុំបញ្ជាក់ថាឯកឧត្តមមិនបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដូចដែលបណ្ដាញសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ។



សូមរំលឹកឡើងវិញថាឯកឧត្តមម៉ៅ អាយុទ្ធគឺជាអ្នកដឹកនាំរឿងនិងផលិតករដ៏ជំនាញនិងមានភាពល្បីល្បាញខ្លាំងតាមរយៈស្នាដៃជាច្រើនដូចជារឿងហ្លួងព្រះស្ដេចកនជាដើម។ ឯកឧត្តមបានឆ្លងជំងឺកូវីដ១៩ និង បានចូលទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀតកាលពីថ្ងៃទី០៧ ខែមេសាម្សិលមិញនេះ៕