សារព័ត៌មាន Chanel News Asia បានឲ្យដឹងថា អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ហារី រ៉ូក (Harry Roque) បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីន បានហាមឃាត់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលមកពីប្រទេសម៉ាឡេស៊ី និងថៃចូលមកកាន់ប្រទេសរបស់ខ្លួន ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសម្ថតភាពចម្លងលឿនរហ័ស និងងាយបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ឬ រហូតដល់បាត់បង់ជីវិតយ៉ាងឆាប់រហ័ស។

លោក Harry Roque បានថ្លែងនៅក្នុងសុន្ទរកថាមួយថា ការរឹតត្បិតលើការធ្វើដំណើរខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ កាលពីកន្លងមកនេះ ប្រទេសហ្វីលីពីនក៏ធ្លាប់បានហាមឃាត់ អ្នកធ្វើដំណើរមកពីប្រទេសចំនួន ០៨ ក្នុងនោះរួមទាំងប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌាផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ការឆ្លងរាតត្បាត COVID-19 ក្នុងប្រទេសហ្វីលីពីន នៅតែកំពុងស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ​ ដោយគិតត្រឹមថ្ងៃសុក្រនេះ ប្រទេសហ្វីលីពីន មានចំនួនអ្នកឆ្លងមេរោគកូវីដសរុបរហូតដល់ ១លាន៥៣ម៉ឺននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦,៩៨១នាក់ និងអ្នកជាសះស្បើយជាង ១.៤៥លាននាក់៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.