បុរស​អេស្ប៉ាញ Xavier Hernández Creus ដែល​អ្នក​គាំទ្រ​ស្គាល់​ថា Xavi ជា​អ្នក​ចាត់ការ​ទូទៅ​ក្រុម​បាល់ទាត់ Al Sadd នៅ​លីគ​កំពូល​កាតារ បាន​សម្រេច​ចិត្ត​នាំ​យក​​ខ្សែ​​បម្រើ​​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ហ្គាណា ធ្លាប់​ប្រកប​អាជីព​នៅ​លីគ​កំពូល​អង់គ្លេស មក​រួម​ក្រុម​ត្រៀម​ប្រកួត​រដូវកាល​ថ្មី។

កីឡាករ​រូប​នោះ​គឺ André Ayew វ័យ​៣១​ឆ្នាំ​​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ទាំង​នៅ​ទ្វីប​អាហ្រ្វិក និង​ពានរង្វាន់​កម្រិត​អន្តរជាតិ​នានា។ កីឡាករ​ឈុត​យុវជន​ថ្នាល​ 1860 Munich , Nania និង Marseille បាន​ចុះ​កិច្ចសន្យា​អាជីព​ជាមួយ​ក្លិប​ Marseille របស់​លីគ​កំពូល​បារាំង ចន្លោះ​ឆ្នាំ​២០០៧ ដល់​២០១៥ ខណៈ​នៅ​ឆ្នាំ​២០១៥-១៦ រូប​គេ​បាន​ផ្ទេរ​ទៅ​លីគ​អង់គ្លេស ដោយ​ចូលរួម​ជាមួយ​ក្រុម​ Swansea City ហើយ​ចន្លោះ​ឆ្នាំ​២០១៦-២០១៨ បាន​ចូលរួម​ក្រុម​ West Ham United និង​ចាប់​ពី​ឆ្នាំ​២០១៨ ដល់​២០២១ ត្រឡប់​ទៅ​កាន់Swansea City វិញ។

អត្ថបទពាក់ព័ន្ធ៖Xavi Hernandez បន្ត​កិច្ចសន្យា​ដឹកនាំ​ក្លិប​នៅ​កាតារ​ដល់​ឆ្នាំ​២០២៣

Xavi បាន​ដឹកនាំ​ក្រុម Al Sadd មិន​ដែល​ចាញ់​ទាល់​តែ​សោះ​​ ហើយ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីគ​កំពូល​ប្រទេស​កាតារ លើ​ទី១៥ ក្នុង​រដូវកាល​ឆ្នាំ​២០២១ ខណៈ​ក្រុម​នេះ​​ទើប​តែ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​នៃ​រង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី 2021 AFC Champions League កាល​ពី​ពេល​ថ្មីៗ។

កីឡាករ André Ayew ជា​កីឡាករ​បរទេស​ទី៥​ហើយ​ដែល​​ក្លិបAl Sadd បាន​ចុះ​បញ្ជី​នៅ​រដូវកាល​នេះ​បន្ទាប់​ពី​ខ្សែ​បម្រើ Jung Woo-Young របស់​កូរ៉េខាងត្បូង, ខ្សែ​ប្រយុទ្ធ Baghdad Bounedjah របស់​អាល់ហ្សេរី, ខ្សែ​បម្រើ​ប្រេស៊ីល Guiherme និង​ខ្សែ​បម្រើ​អេស្ប៉ាញ Santi Cazorla៕

Telegram-Troryorng
Share.