សិល្បៈជាតិ៖ តារាសម្ដែង អូនផ្កាយ ឬមានឈ្មោះពិតថា ហាស់ ឌីជូលីន បានចេញមុខមក Live នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ១០ កញ្ញា ២០២៣ ដោយយំសស្រាក់ស្ទើរទាស់សរសៃ ក្រោយត្រូវកម្មវិធីបែបរន្ធត់ព្រឺសម្បុរមួយ ទម្លាយរឿងឈឺចាប់របស់នាងធ្លាប់លោតពីលើខុសដូរធ្វើអត្តឃាតកាលពីឆ្នាំ ២០១៧ ។


តារាសម្ដែងស្រីរូបនេះ បានប្រាប់ទៅកាន់មហាជនថា តើកម្មវិធីដែលយករឿងនាងមកនិយាយរៀបរាប់នេះ ចង់បានអ្វីឱ្យពិតប្រាកដ? ព្រោះនាងក៏មិនធ្លាប់បដិសេធ ឬ និយាយមិនពិតពីអតីតកាលរបស់ខ្លួននោះដែរ។ ហេតុអ្វីក៏មិនចាំឱ្យនាងសម្រាលកូនបាន កន្លះឆ្នាំសិនចាំនិយាយពីរឿងក៏គ្មានបញ្ហាដែរ ប៉ុន្តែនេះនាងសម្រាលកូនបាន ១ សប្ដាហ៍ប៉ុណ្ណោះ ហើយត្រូវមកជួបរឿងឈឺចាប់បែបនេះទៀត។
គួររំលឹកដែរថា តារាសម្ដែង អូនផ្កាយ គឺអតីតកញ្ញាឯក Bridgestone បានជួបសម្រោលអតីតកាលដ៏ឈឺចាប់កាលពីឆ្នាំ ២០១៧ ក្រោយជួបហេតុការណ៍លោតទម្លាក់ខ្លួនពីលើខុនដូរជាន់ទី១២មកជាន់ផ្ទាល់ដី រហូតធ្វើឱ្យនាងមានរបួសធ្ងន់ និងបានផ្អាកការងារសិល្បៈអស់រយៈជាច្រើនខែ ។ រាងកាយនាងត្រូវខ្ទេចខ្ទាំ បាក់ឆ្អឹងជាច្រើនកំណាត់ ហើយក៏ព្រោះតែហេតុការណ៍មួយនេះបានធ្វើឱ្យនាងមានបញ្ហាផ្លូវចិត្ត និងរងទង្កិចការនិន្ទាពីអ្នកលេងបណ្ដាញសង្គមជាច្រើនទៀត ។ សម្រោលឈឺចាប់ពីអតីតកាលនេះ នៅតែលងបន្លាចនាង ដល់សព្វថ្ងៃ ហើយធ្វើឱ្យនាងពិបាកប្រឈមមុខក្នុងចង្កោមសិល្បៈ រហូតដល់សម្រេចថាប្ដូរឈ្មោះថ្មី សាងប្រវត្តិថ្មីក្នុងវិថីសិល្បៈម្ដងទៅ៕
ដើម្បីជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
