សិល្បៈជាតិ៖ ករណីឃាត់ខ្លួនតារាចម្រៀង ប៊ុត សីហា ជាលើកទីពីរពាក់ព័ន្ធជាមួយគ្រឿងញៀន ត្រូវបានចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់មហាជនអ្នកគាំទ្រ រួមទាំងអ្នកសិល្បៈមួយចំនួនសម្ដែងអារម្មណ៍ហួសចិត្ត ដែលនឹកស្មានមិនដល់ថា ប៊ុត សីហា មិនអាចកែប្រែខ្លួនឱ្យឆ្ងាយពីគ្រឿងញៀនបានឡើយ។


ក្នុងនោះដែរ លោក ឃុន វុត្ថា ដែលជាតារាចម្រៀង និងជាមិត្តរួមជំនាន់ប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ១ បានបង្ហាញអារម្មណ៍សោកស្ដាយ និងអស់សង្ឃឹមយ៉ាងខ្លាំងចំពោះ ប៊ុត សីហា ដែលមិនអាចកែខ្លួនបាននៅពេលត្រឡប់មកប្រឡូកសិល្បៈជាថ្មីម្ដងទៀត។
លោក ឃុន វុត្ថា រៀបរាប់ថា ៖ «សោកស្ដាយពេលដែលបានដឹងដំណឹងមិនល្អអំពីអ្នក សង្ឃឹមថាពេលត្រលប់មកវិញនឹងកែប្រែខ្លួនឯងឡេីងវិញ មិត្តរួមជំនាន់. ប៊ុត សីហា » ។
ជាមួយគ្នានោះដែរ ពិធីករក្នុងនៅកម្មវិធី The Voice Cambodia រដូវកាលទី ៣ គឺលោក សុខ រ៉ាស៊ី ក៏បានសម្ដែងនូវអារម្មណ៍ហួស នៅពេលបានឃើញម្ចាស់ពានរដូវកាលទី ១ នៅតែបន្តប្រឡូកប្រលាក់ជាមួយគ្រឿងញៀន រហូតឈានដល់ការឃាត់ខ្លួនបែបនេះ។
លោក សុខ រ៉ាស៊ី បង្ហោះអារម្មណ៍ហួសចិត្តថា ៖ «ហេតុអី អូន មិនព្រមកែខ្លួន? បានត្រឹមអាណិត ព្រោះរាល់ថ្ងៃ អ្នកមាន សមត្ថភាពច្រើន កំពុងខិតខំទាំងយប់ ទាំងថ្ងៃ ក្រែងមាន វាសនា និង សំណាងក្លាយជាម្ជាស់ពានដូចអូន គ្រឿងញៀនបំផ្លាញអនាគត! »។
យ៉ាងណាមិញ នៅមានមហាជនជាច្រើននាក់ទៀតដែលបានចូលរួម Comment ចំពោះដំណឹងឃាត់ខ្លួនលោក ប៊ុត សីហា ដែលពួកគេលើកឡើងស្រដៀងៗគ្នាថា៖ «អ្នកខ្លះគេរកឱកាសមិនបានផងតែនេះប្រឹងបានហេីយហេតុអ្វីបំផ្លាញខ្លួនឯងបែបនេះទៅវិញ គ្រឿងញឿនមិនបានធ្វេីឲ្យអ្នកសុខស្រួលឡេីយ សូមជៀសឲ្យឆ្ងាយទាំងអស់គ្នាណា » ។ និងមានខ្លះទៀតថា ៖ « អស់កែហើយ» «ស្ដាយសមត្ថភាព» «អស់ឱកាសហើយ» ជាដើម។
សូមជម្រាបដែរថា ការឃាត់ខ្លួនលោក ប៊ុត សីហា បានធ្វើឡើងនៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕
