សិល្បៈជាតិ៖ លោកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុន ដាណា ទ្រី កន្លងមកបាន ជួយយិតយោង និង ផ្ដល់ការងារដល់ តារាចម្រៀង ប៊ុត សីហា ដោយសង្ឃឹមថាតារាចម្រៀងរូបនេះ ត្រលប់មកកសាងខ្លួនល្អវិញ ព្រោះតារាចម្រៀងរូបនេះបានសន្យានឹងលោកស្រីថានឹងកែប្រែខ្លួន ហើយកសាងជីវិតជាថ្មី។
យ៉ាងណាមិញអ្វីដែលជាការសន្យារបស់ ប៊ុត សីហា គ្រាន់តែជាសន្យាខ្យល់ ព្រោះលោកនៅតែមិនព្រមកែប្រែខ្លួន រហូតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់ថ្នាំញៀន កាលពីម៉ោង៤និង១០នាទី ថ្ងៃទី១២ ខែកញ្ញា ម្សិលមិញនេះ។


ករណីនេះបាន ធ្វើឱ្យសាធារណជនមានការហួសចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាតារាចម្រៀងរូបនេះមិនកែចរិត ហើយនៅតែបន្តប្រព្រឹត្តិសកម្មភាពដដែលជាដដែល បើទោះជាកន្លងមកធ្លាប់ទទួលបានឱកាសកែខ្លួនយ៉ាងណាក្ដី។ នៅក្នុងចំណោមអ្នកដែលផ្ដល់ឱកាសកែខ្លួន និងជួយយិតយោង ប៊ុត សីហា គេអាចនិយាយបានថាជំទាវ ឧកញ៉ា ទ្រី ដាណា គឺជាបុគ្គលដែលលេចធ្លោជាងគេ ព្រោះអ្នកនាង បានផ្ដល់ទាំងថវិកា និងផ្ដល់ឱកាសការងារ ដើម្បីឱ្យតារារូបនេះអាចវិលត្រលប់មកក្រោកឈរនិងរឹងគោលជំហរឡើងវិញ។ ប៉ុន្តែទីបំផុត ប៊ុត សីហា បែរជាបំផ្លាញទឹកចិត្ត និងសេចក្ដីទុកចិត្តអាណិតអាសូររបស់លោកជំទាវខ្ទេចគ្មានសល់ ប៉ុន្តែទោះជាយ៉ាងនេះ លោកជំទាវនៅតែលើកឡើងថា លោកជំទាវមិនស្ដាយលុយជិត១០ម៉ឺនដុល្លារ ដែលបានចាយទៅលើ ប៊ុត សីហា នោះឡើយ តែអ្នកនាងស្ដាយមនុស្សមានសមត្ថភាព។
លោកជំទាវឧកញ៉ាបានលើកឡើងពីទំហំទឹកចិត្តរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ថា៖ ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយ និងផ្ដល់អោយ ប៊ុត សីហា តែគួរស្ដាយ គាត់មិនអាចកែបាន ហើយម្សិលមិញក៏ឃើញសមត្ថកិច្ចឃាត់ខ្លួន រឿងគ្រឿងញៀន។ សម្រាប់ខ្ញុំ ចូលចិត្តផ្ដល់ឱកាសអោយគេណាស់ ហើយសម្រាប់ ប៊ុត សីហា ពេលមកជួបខ្ញុំដំបូង សន្យាថាកែខ្លួន សុំការងារ និងសុំកសាងជីវិតថ្មី ដោយពេលនោះថតវីដេអូ និងឡាយមុខបងប្អូនជាសាធារណៈ។


ខ្ញុំបានផ្ដល់លុយសុទ្ធគាត់ ៦ម៉ឺនដុល្លារ ទិញឡាន ទិញផ្ទះ ហើយជួយចេញលុយអោយគាត់ផលិតបទចម្រៀងជាច្រើនបទដោយផ្ដល់ប្រាក់ខែអោយជាប្រចាំខ្ទង់ពាន់ដុល្លារ។ តែមួយរយៈខ្លី ក៏លឺថាលក់ឡាន លក់របស់អស់ ចាយលុយអស់ ដើរលេង ទាក់ទងលែងបាន លែងថតបទចម្រៀង។ សម្រាប់ខ្ញុំ ជួយគេមិនដែលចង់បានអីមកវិញ ក៏មិនដែលរំឮកដែរ វាជាបុណ្យរបស់ខ្ញុំ តែខ្ញុំស្ដាយសមត្ថភាព។ យ៉ាងណាក៏ហួសអស់ហើយ រឿងបន្តទៀត មានតែខ្លួនគាត់ប៉ុណ្ណោះ ព្រោះជីវិតមនុស្ស មិនអាចមានឱកាសច្រើនដងទេ។
ការលើកឡើងរបស់លោកជំទាវឧកញ៉ា បានសបញ្ជាក់ថាលោកជំទាវ ទំនងជានឹងមិនផ្ដល់ឱកាសដល់ ប៊ុត សីហា ម្ដងទៀតនោះឡើយ។ ឧកញ៉ា ទ្រី ដាណា ជាច្រើនលើកច្រើនសារ ត្រូវបានសាធារណមតិ យល់ស្រប និងចាត់ទុកថាជាស្ត្រីចិត្តធម៌ និងមានគុណធម៌ ព្រោះទីណាដែលមានទុក្ខ ទីណាដែលមានបញ្ហារមែងមានវត្តមានរបស់លោកជំទាវឧកញ៉ាជានិច្ច៕
