Monday, September 25 Login

សិល្បៈ​ជាតិ​៖ តារា​សម្ដែង​ អូន​ បូរមី​ ដែល​ធ្លាប់​បាន​បង្ហាញ​មុខ​ក្នុង​ខ្សែភាពយន្ត​ខ្មែរ​បែប​កំប្លែង​ និង​ធ្លាប់​បង្ហាញ​មុខ​ចូល​រួម​កម្មវិធី​ទូរទស្សន៍​នានា​ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​មហាជន​នោះ​ ថ្មីៗ​នេះ​ សារព័ត៌មាន​ត្រយង​ទទួល​ដំណឹង​មក​ថា​ កញ្ញា​កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺ​សន្លាក់​ធ្ងន់ធ្ងរ​ និង​ប្រេះឆ្អឹង​ គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​។

កញ្ញា​ អូន​ បូរមី​ បាន​ប្រាប់​មហាជន​អ្នកគាំទ្រ​ឱ្យ​ដឹង​តាម​ហ្វេសប៊ុក​ថា គ្រូ​ពេទ្យ​បាន​ប្រាប់​កញ្ញា​ថា​ខ្លួន​មាន​ជំងឺ​ពិស​ ក៏​ប៉ុន្តែ​ដោយសារ​តែ​ភាព​ធ្វេស​ប្រហែស​ខ្លួន​មួយ​ពេល​ ទើប​កញ្ញា​មិន​ចាប់​អារម្មណ៍​ព្យាបាល​ជំងឺ​នេះ​ឱ្យ​ជា​សះស្បើយ​ទាន់​ពេល​វេលា ហើយ​ថែមទាំង​​​បណ្ដែត​បណ្ដោយរហូត​ជំងឺ​កាច​សាហាវ​នេះ​បាន​ធ្វើ​ឱ្យ​កញ្ញា​កើត​ជំងឺ​រលាក​សន្លាក់​ជង្គង់​ធ្ងន់ធ្ងរ​ និង​ក្រោយ​នេះ​វាវិវឌ្ឍន៍​ទៅ​រកសភាព​ប្រេះ​ឆ្អឹង​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្បាល​ជង្គង់​របស់​កញ្ញា​មាន​សភាព​ហើម​ខ្លាំង​ មើល​ទៅ​ដូច​ជា​មាន​ទឹកដក់​នៅ​ក្នុង​ស្បែក​អីចឹង​។​

កញ្ញា​ អូន​ បូរមី​ បាន​សម្រក់​ទឹក​ភ្នែក​រៀបរាប់​ប្រាប់​មហាជន​នៅ​ក្នុង​ការ​ Live​ របស់​ខ្លួន​ថា​ នេះ​ត្រឹមតែ​មួយ​ប៉ប្រិច​ភ្នែក​សោះ​ ជីវិត​កញ្ញា​ត្រូវ​ប្រែប្រួល​អស់​រលីង​ ត្រូវបង់​រូបបង់​ឆោម​ សូម្បី​តែ​ក្រោក​ដើរ​ក៏​ពិបាក​ ហើយ​មិន​អាច​ត្រឡប់​មក​ធ្វើការងារ​សម្ដែង​សិល្បៈ​បាន​ដូច​មុន​ឡើយ ​និង​ត្រូវ​ចំណាយ​លុយជា​ប្រចាំថ្ងៃ​ ដើម្បី​ដេក​សម្រាក​ព្យាបាល​ជំងឺ​ដែល​នៅមួយ​កន្លែង​នៅ​លើគ្រែ​ថែមទៀត។ ​យ៉ាងណាមិញ ​កញ្ញា​ អូន ​បូរមី​ ក៏​បាន​ដង្ហើប​ប្រាប់​ទៅ​អ្នក​ដែល​ជំពាក់​បំណុល​ខ្លួនដែរថា​ ពេល​នេះ​កញ្ញា​ក៏​ត្រូវ​ការ​លុយ​សម្រាប់​ព្យាបាល​ខ្លួន​ផង​ដែរ​។​

មហាជន​អ្នកគាំទ្រ​ពិត​ជា​បារម្ភខ្លាំង​ចំពោះ​សភាព​សុខភាព​របស់​តារាសម្ដែង​ស្រីរូបនេះ​នា​ពេល​សព្វ​ថ្ងៃ​ ព្រោះ​មើល​ទៅ​កញ្ញា​ អូន​ បូរមី​ គឺ​មាន​សម្ពាធ​ផ្លូវចិត្ត​រាល់​ថ្ងៃ​ ដោយសារ​តែ​កញ្ញា​ពិបាក​ចិត្ត​ខ្លាំង​ពេក​ ហើយ​ពិបាក​ទទួល​យក​ស្ថានភាព​នា​ពេល​នេះ​បាន​។​ កញ្ញា​ អូន បូរមី បាន​ក្រើន​រំលឹក​ទៅ​កាន់​មហាជន​ថា​ ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខភាព​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​មិន​អាច​មើល​រំលង​ និង​ធ្វេស​ប្រហែល​បាន​ឡើយ​ ព្រោះ​កញ្ញា​មិន​ចង់​ឱ្យ​គ្រប់គ្នា​ជួប​បញ្ហា​ដូច​​កញ្ញា​ដូច​នា​ពេល​នេះ​អីចឹង​៕

Share.

Leave A Reply