Monday, September 25 Login

សិល្បៈ​ជាតិ​៖ ភាពយន្ត​ចិន​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា ​No ​More​ Bets​ ត្រូវ​បាន​លាតត្រដាង​ពី​ ការ​ប្រព្រឹត្តិ​ល្បែង​ស៊ីសង​នៅ​លើ​អនឡាញន៍​ ដោយ​មាន​គ្រប់​រូបភាព​ដូចជា​ ការ​បោកប្រាស់​តាម​ប្រព័ន្ធអនឡាញ​ ការ​ជួញ​ដូរ​មនុស្ស​ និង​ ការ​ចាប់​ជំរិត​ ជា​ដើម​។ រហូត​ធ្វើ​ឱ្យ​អ្នក​លេង​បញ្ដាញសង្គម​យល់​ឃើញ​ថា​ ភាយន្ត​ចិន​នេះ​កំពុង​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​កាន់​តែ​យ៉ាប់យឺន​ឡើង​។

ដោយ​ឡែក​ ការ​ផ្សព្វផ្សាយ​ភាពយន្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្ដញសង្គម​នានា​ និង​រោងកុន​មួយ​ចំនួន​ ដែល​ភាពយន្ត​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ចាក់​បញ្ចាំង​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ភូមិ​ភាគ​អាស៊ីអាគ្នេយ៍​ ។

មួយ​វិញ​ទៀត​ ការ​ផ្សព្វផ្សាយ​ភាពយន្ត​នេះ​ដោយ​បង្ហាញ​ពី​ព្យញ្ជនៈ​ភាសា​ខ្មែរ​ ដែល​បាន​ឃើញ​នៅ​លើ​អាវ​របស់​តួ​សម្ដែង​មួយ​ក្រុម​ដែល​ចូល​ទៅ​ប្រតិបត្តិ​ការ​លេង​ល្បែង​ដោយ​មាន​ការ​ភ្នាល់​ដល់​ជីវិត​ក៏​មាន​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​នោះ​គឺ​ ភាគ​ច្រើន​ជនជាតិចិន​ដែល​ចូល​មក​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពួក​គេ​មិន​ចេះ​ភាសា​ខ្មែរ​នោះ​ទេ​ ពួក​គេ​អាច​នឹង​ប្រើប្រាស់​ការ​បកប្រែ​ពី​សំណេរ​ភាសា​ចិន​ មក​ជា​ភាសាខ្មែរ​តាមរយៈ​ Google​ Translate​ ដែល​ពាក្យ​ពេចន៍​ភាសា​ខ្មែរ​នៅ​លើ​អាវ​របស់​តួសម្ដែង​នោះ ​ទំនង​ជា​មាន​អត្ថន័យ​ថា​ «រោងចក្រ​ពន្លត់​អគ្គីភ័យ​» តែ​ប៉ុណ្ណោះ​។ តើ​ចេតនា​របស់​ភាពយន្ត​នេះ​ អាច​នឹង​ធ្វើ​ឱ្យ​អ្នកទស្សនា​មាន​ការ​ភ័ន្តច្រឡំ​ និង​ខ្លាច​រអា​ប្រទេស​កម្ពុជា​ឬ​យ៉ាង​ណា?​ ហើយ​ភាពយន្តនេះ​អាច​នឹង​ធ្វើ​ឱ្យ​អ្នកទស្សនា​យល់​ខុស​ថា​ តើ​ប្រទេស​ជាតិ​របស់​យើង​គឺជា​ចំណុច​ស្នូល​មួយ​ដែល​មាន​ឧក្រិដ្ឋកម្ម​អស់​ទាំង​នោះ​?​

ហ្វេសប៊ុកផេកមួយ​ដែល​មាន​អ្នកគាំទ្រ​ច្រើន​ឈ្មោះថា​ បុរាណាចារ្យ​ បាន​លើក​ឡើង​ថា​ ៖ «មោទនភាព​ជាតិ​ខ្មែរ​អក្សរ​ខ្មែរ​បាន​ស្ថិត​លើ​ឆុតឆាក​ភាពយន្ត​ដ៏​ល្បីល្បាញ​របស់​ចិន​ ភាពយន្ត​ខ្នាត​ធំ ​孤注一掷 ​ឬ ​No More​ Bets​ ជា​ភាពយន្តខ្នាត​ធំ​ និង​ ល្បីល្បាញ​បំផុត​របស់​ចិន​នា​វេលា​នេះ​។ ភាពយន្ត​នេះ​ផង​ដែរ​ បាន​និយាយ​ពី ​online ​scammers​ ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​ ការ​ជួញដូរ​មនុស្ស​ និង​ ការ​ចាប់​ជំរិត​ ដែល​ជនជាតិ​ចិន​ រង​គ្រោះ​ នៅ​ប្រទេស​នានា​នៅ​អាស៊ីអាគ្នេយ៍​ ។ គេ​រំពឹង​ផង​ដែរ​ថា​ បន្ទាប់​ពី​បញ្ជាំង​ភាពយន្ត​នេះ​ហើយ​ ជនជាតិចិន​ជា​ច្រើន​ខ្លាច​រអា​មិន​ហ៊ាន​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​ ជា​ពិសេស​ ប្រទេស​មីយ៉ាន់ម៉ា​ និង​ ប្រទេស​….ស្អី១​នោះ​ ដែល​ជា​ចំនុច​កណ្តាល​ online​ scam ​នៅ​អាស៊ាន​យើង​នេះ។​ មតិ​ប្រជាជន​មីយ៉ាន់ម៉ា​ជា​ច្រើន​ បាន​ប្រតិកម្ម​ចំពោះ​ភាពយន្ត​ ព្រោះ​ online​ scam ​គឺ​ ត្រូវ​បាន​នាំ​ចូល​មក​ដោយ​ជនជាតិ​ចិន​សោះ​ តែ​ចុងក្រោយ​ប្រទេស​មីយ៉ាន់ម៉ា​ទាំង​មូល​ក្លាយ​ជា​ផ្ទាំង​ស៊ីប​តែ​ឯកឯង​។ ចំណែក​ប្រជាជន​កម្ពុជា​វិញ​ មិន​ទាន់​បាន​ដឹង​ឮ​ឬ​មាន​យោបល់​អ្វី​ទេ​។»

យ៉ាងណាមិញ​ នៅ​មាន​ហ្វេសប៊ុក​ផេក​មួយ​ទៀត​បាន​ចូល​រួមជា​មតិ​ត្រិះរិះពិចារណា​ដែរ​ថា៖   «មូលហេតុ​ផ្សេង​ៗ​ ដែល​ទេសចរ​ខ្លាច​រអា​មិន​ហ៊ាន​មក​ស្រុក​យើង! សម្រាប់​ប្រជាពលរដ្ន​រំដួល​ ដែល​តែង​ក្រអើតក្រទម​ គិតថា​យើង​មានប្រាសាទ យើងមានឆ្នេរស្អាតបំផុត យើងមានធម្មជាតិដ៏ល្អ តែមិនសូវអានព័ត៌មានបរទេស តើប្រទេសដទៃគេស្គាល់យើងកំរិតណា? មិនបាច់ប្រទេសឆ្ងាយៗទេ ត្រឹម Singapore Malaysia គេ​ខ្លាច​ខ្មែរ​ គេថាអត់ហ៊ានមកទេ ស្រុកខ្មែរ ចាប់ជំរិត ចាប់វះក្រលៀនលក់ជាដើម ត្រឹម​មិត្ត​រួម​ថ្នាក់​អេតមីន​ជនជាតិ​Singapore​ មាន​Business​ Trip​ មក​ខ្មែរ​ ឆាត​មក​សួរ​ ស្រុក​ខ្មែរ​ សុវត្តិភាព​ទេ?​ ព្រម​ទាំង​ផ្ញើរ​Link​ ព័ត៌មាន​ពី​ស្រុក​គេ​មក​ ឯង​នេះ​ធ្លាក់​ថ្លើម​ គេថា​បើ​គេមក​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ស្រុក​ណាមួយ​ បើ​គេ​បាត់​ខ្លួន​ដោយ​ប្រការ​ណាមួយ​ បងប្អូន​គេដឹងថា​ទាក់ទង​អ្នកណា​……»។

ប្រភពដដែលនេះ បានលើកឡើជាច្រើនទៀតថា ភាពយន្ត No more Bets របស់ចិននេះ មិន​ដឹង​គេ​និយាយ​មិន​ល្អ​ពី​អាស៊ីអាគ្នេយ៍យ៉ាងណាខ្លះទេ ជាពិសេសខ្មែរតែម្តង គឺប្រទេសកម្ពុជាគឺគ្មានសុវត្តិភាព និង​ធ្វើ​ឱ្យ​ទេសចរណ៍​ញញើត​មិន​ហ៊ាន​ចូល​មក​កម្ពុជា​។

ដោយឡែក អ្នកលេងបណ្ដាញសង្គម ដែលនិយមចូលចិត្តវិភាគក៏បានលើកជាមតិយោបល់គួរត្រិះរិះពិចារណាដែរថា  ក្រសួងទេសចរណ៍ គួរ​គិត​គូរ​ផង​ដែរ​ពី​ការផ្សព្វផ្សាយ ធានាឲ្យពួកគេមានជំនឿចំពោះសុខសុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើរ​មក​លេង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ឱ្យសមនឹងអ្វីដែលកំពូលតារាសម្ដែង លំដាប់ហូលីវូដ Angelina Jolie ក្ដី តារាសម្ដែងមីយ៉ាន់ម៉ា Paing Takhon ក្ដី បានលើកឡើងពីសន្តិសុខ និង សុវត្ថិភាព ពេញ​បរិបូរណ៍​ នៅ​ក្នុង​ប្រទេស​យើង​។ ប្រសិនបើមិនមានការឆ្លើយតបណាមួយទេ នោះ អ្នកទស្សនា ភាពយន្តនេះ ទាំង​សាសន៍​ចិន​ ដែល​ជា​អ្នកផលិត​ និង​ សាសន៍​ ដទៃ​ ប្រាកដជាយល់ឃើញថាកម្ពុជា មិន​មែន​ជា​កន្លែង​មាន​សុវត្ថិភាព​ ដោយសារគេគិតថាមុននឹងផលិត មាតិកា ឬភាពយន្ត ផ្នែក​សិក្សា​ស្រាវជ្រាវ​នៃ​ផលិតម្ម​ច្បាស់​ជា​ប្រមូល​ផ្ដុំ​ទិន្នន័យ​ច្បាស់​ណាស់ ទើបហ៊ានផលិតចេញ។

យ៉ាងណា​ក៏​ដោយ​ អ្នកលេង​បណ្ដាញ​សង្គម​នៅ​រង់ចាំ​មើល​ពី​ចំណាត់ការ​របស់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ ថា​តើ​នឹង​មាន​ដំណោះ​ស្រាយ​ដូចម្តេច​ខ្លះ​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ ដើម្បី​ស្ដា​ឱ្យ​វិស័យទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​អាច​ក្រោក​ឡើង​វិញ​បាន​យ៉ាងល្អ​ប្រសើរ​៕

Share.

Leave A Reply