លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្ដែងការអបអរសាទរនិងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation ។ ចំណែកផលិតផលជលផលដែលនាំចេញមាន២ប្រភេទគឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០ តោន។

បើតាមលោកជំទាវ អ៊ឹម រចនា ការនាំចេញជើងដំបូងនេះ គឺជាជោគជ័យមួយជំហាន និងថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ។

ការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។

ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។

នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។
តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

Share.