សិល្បៈជាតិ៖ តាមការលើកឡើងនិងដំណឹងរសើបខ្សឹបខ្សៀវគ្នាសាយភាយពេញបណ្ដាញសង្គមពីសំណាក់ក្រុមអ្នកគាំទ្របានឱ្យដឹងថា ផលិតកម្មហង្សមាស-រស្មីហង្សមាស ដែលជាផលិតកម្មធំឈានមុខគេនៅប្រទេសកម្ពុជា ត្រៀមនឹងបញ្ចេញបុត្រសម្ព័ន្ធថ្មីរបស់ខ្លួនមួយទៀត ដើម្បីមកកញ្ជ្រោកវិស័យចម្រៀង Rap និង HipHop នៅកម្ពុជា។ ផលិតកម្មថ្មី ដែលផ្ដោតលើតន្ត្រីបែប Rap-Hiphop នេះមានឈ្មោះថា GenMusix។

ជាមួយការត្រៀមបញ្ចេញផលិតកម្ម GenMusix ដ៏ថ្មីសន្លាងនេះ ហ្វេនអ្នកគាំទ្រជាច្រើនលើកឡើងថា «Wow, that’s awesome ប្រហែលជារចនាសម្ព័ន្ធនៃតន្ត្រីបែបថ្មី តន្ត្រីយុវវ័យ Acoustic music, hip hop, mix rock muzic, ប្រហែលជា top 4 team, Tep Piseth hip hop….,» ។ ហើយខ្លះទៀតនិយាយថា «New music label of RHM with hip hop and khPop maybe» ដែលមានន័យថា ផលិតម្មថ្មីរបស់រស្មីហង្សមាស នឹងជូនដល់អ្នកគាំទ្រខ្លួននូវចម្រៀងបែបហ៊ីបហប និង khPop ក៏ថាបាន ។
ជាការពិតណាស់ គេមើលឃើញថា សព្វថ្ងៃនេះ ផលិតកម្មចាស់វស្សាដូចជាហង្សមាស នៅមិនទាន់ជោគជ័យក្នុងការប្រកួតប្រជែងបទចម្រៀង Rap និង HipHop ដែលឱ្យទាក់ចិត្តមិត្តយុវវ័យអ្នកគាំទ្របាននៅឡើយទេ បើទោះបីជាកន្លងមកធ្លាប់ជា Legendary ព្រោះមានការចូលរួមពីតារាចម្រៀងជើងចាស់ក្នុងវិស័យនេះដូចជាំ Dj ល្បីៗចូលរួមផលិតដូចជា Dj ស្ដី Dj ខេក និង DJ ក្ដឹបក្ដី។ ប៉ុន្តែយុគសម័យយុវវ័យជំនាន់ថ្មីនេះ ឬហៅថា Genz គឺពួកគេចូលចិត្តស្ដាប់បទចម្រៀងប្លែកៗ និងឱ្យតម្លៃទៅលើស្នាដៃនិពន្ធថ្មីៗចេញពីគំនិត។
ជាក់ស្ដែងជាដូចជាផលិតកម្ម បារមី ដែលកំពុងទទួលបានការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ននេះ ព្រោះថា ផលិតកម្មនេះមានទស្សនៈវិស័យលើកកម្ពស់តន្ដ្រី Rap និង HipHop និងសិល្បៈវប្បធម៌ខ្មែរទៅឆាកអន្តរជាតិ ដែលក្នុងនោះយុវវ័យភាគច្រើនទទួលស្គាល់ទៅលើសមត្ថភាពរបស់ វណ្ណដា និងសិល្បករដទៃទៀតក្នុងផលិតកម្ម។
មិនមែនថាស្រុកខ្មែរមានផលិតកម្មចម្រៀង Rap និងHipHop តែបារមីនោះទេ ក្នុងនោះក៏មានផលិតកម្មផ្សេងៗទៀតដូចជា klapyahandz និងផលិតកម្ម Galaxy Navatra ដែលបានផលិតចម្រៀងផ្ដោតលើបទបែប Rap និង HipHop នេះ។ ដូច្នេះដើម្បីឱ្យដើរទាន់ទីផ្សារចម្រៀងនាពេលសព្វថ្ងៃ ហង្សមាស អាចនឹងមានគម្រោងបញ្ចេញផលិតកម្មថ្មី GenMusix មកប្រកួតប្រជែងដូចការលើកឡើងរបស់ហ្វេនក៏ថាបាន។ ព្រោះខណៈនេះផលិតកម្មបារមី បានដើរមុខគេមួយជំហាន ដោយការទិញសិទ្ធិផលិតកម្មវិធីប្រកួតចម្រៀង Rap ដើម្បីប្រមូលក្ដោបយកយុវជន និងយុវនារីមានសមត្ថភាពផ្នែកនេះ មកក្លាយជាតារាកុងត្រារបស់ផលិតកម្មខ្លួន។
យ៉ាងណាមិញ យើងនឹងចាំមើលថា GenMusix ដែលជាផលិតកម្មថ្មីត្រៀមនឹងសម្ពោធបើកដំណើរការជាផ្លូវការ នៅថ្ងៃទី ១៩ ខែកញ្ញា ខាងមុខនេះ នឹងមានអ្វីថ្មីលេចឡើង ហើយតើនរណាជា Rapper បង្គោលឱ្យផលិតកម្ម? ដូច្នោះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕
