Monday, September 25 Login

សិល្បៈ​ជាតិ​ ៖ តាម​ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ​ នា​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ ជំនួប​រវាង​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ​ រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និ​ង ឯកឧត្តម​ លី​ ឈុន​ អនុរដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​ទេសចរណ៍​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិតចិន​ នៅក្នុង​អំឡុង​កិច្ច​ប្រជុំ​គណៈកម្មការ​បេតិកភណ្ឌពិភព​លោក​លើក​ទី​៤៥ ​នៅ​ទីក្រុង​រីយ៉ាត​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

នៅក្នុង​ជំនួប​នោះ​លោក​ជំទាវ​រដ្ឋមន្រ្តី​ បាន​រំលឹក​ឡើង​អំពី​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​តាំង​ពី​សម័យ​អង្គរ​ ហើយ​ត្រូវ​បាន​លើក​កម្ពស់​តាមរយៈ​ សម្តេច​ព្រះបរមរតនកោដ​ នរោត្តមសីហនុ​ និង​ក្រោយ​មក​ដោយ​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ហើយ​បាន​បន្ត​ដោយ​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រកម្ពុជា​។

ភាគី​ទាំង​ពីរ​ក៏​បាន​លើកឡើង​អំពី​ការ​ចូលរួម​របស់​ភាគី​ចិន​នៅ​ក្នុង​ការងារ​អភិរក្ស​ និង​ជួសជុល​ប្រាសាទ​ចៅ​សាយ​ទេវតា​ និង​ប្រាសាទ​តាកែវ​នៅ​តំបន់​អង្គរ​ ហើយ​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ក្នុង​គម្រោង​សិក្សា​ស្រាវជ្រាវ​រាជវាំង​នៅ​អង្គរ​ និង​គម្រោង​អភិរក្ស​ និង​ជួសជុល​គោបុរៈទី១​ ទី២​ និងទី៣​នៅ​ប្រាសាទ​ព្រះវិហារ​។

ជាមួយគ្នានោះ ភាគី​ចិន​ក៏​បាន​សន្យា​ថា​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​កម្ពុជា​លើក​កម្ពស់​ឧស្សាហកម្ម​ច្នៃប្រឌិត​វប្បធម៌​នៅ​ពេល​អនាគត​។ នៅ​ទី​បញ្ចប់​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​បង្កើត​ក្រុម​ការងារ​រួមមួយ​ដើម្បី​ជម្រុញ​ទំនាក់ទំនង​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​នៅ​ពេល​អនាគត​៕

Share.

Leave A Reply