Monday, September 25 Login

វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃភូមិភាគអាស៊ីអាគ្នេយ៍ បានដំណើរការតាមរបៀបវារៈដែលគ្រោងទុក បើគិតមកដល់ថ្ងៃទី២ នៃកម្មវិធី ពោលគឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្រុមប្រតិភូយុវជនទាំង១១សមាគមជាតិ នៃបណ្ដាប្រទេសផ្សេងៗ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើការអនុវត្តនៃសេចក្ដីថ្លែងការណ៍ នៃវេទិកាយុវជនលើកទី១ ដែលបានធ្វើឡើងនៅប្រទេសប្រ៊ុយណេ កាលពីឆ្នាំ២០២២។

នាថ្ងៃទី២ នៃកម្មវិធីវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃភូមិភាគអាស៊ីអាគ្នេយ៍ ទទួលបានលទ្ធផលល្អប្រសើរ និងចេញជាលទ្ធផលមួយចំនួនដូចជា ប្រតិភូយុវជនទាំង១១ សមាគមជាតិ ទទួលបានឱកាសក្នុងការពិនិត្យ និងពិភាក្សារួមគ្នា ទៅលើសេចក្ដីថ្លែងការណ៍រួម ដែលដាក់បានចេញកាលពីកន្លងទៅ រួមទាំងពិភាក្សាគ្នាជាក្រុម ដើម្បីស្វែងរកចំណុចណាមួយដែលទទួលបាននូវការបង្ហាញអារម្មណ៍អវិជ្ជមានច្រើនជាងគេ ហើយព្យាយាមរកហេតុផលនៅពីក្រោយភាពអវិជ្ជមាននោះ តាមការវាយតម្លៃតាមបែប SWOT Analysis ដែលមានដូចជា៖ ភាពខ្លាំង ភាពខ្សោយ ឱកាស និងភាពគំរាមកំហែង។ បន្ថែមពីនេះ ក៏មានការបែងចែកក្រុមដើម្បីពិភាក្សាទៅតាមប្រធានបទខុសៗគ្នាចំនួន៥ ផងដែរ។

ក្រុមប្រតិភូយុវជនទាំង១១ សមាគមជាតិ បានបែងចែកជា ៥ក្រុម ដើម្បីស្វែងរកនូវបញ្ហាប្រឈមណាមួយដែលជាអាទិភាព និងធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ។ ទន្ទឹមនោះ ក្រុមទាំង៥ ត្រូវរកភាពខ្លាំង ភាពខ្សោយ នៃបញ្ហាទាំងនោះ ព្រមទាំងសិក្សាពីឱកាស និងភាពគំរាមកំហែងមួយចំនួនដែលធ្វើឲ្យបញ្ហាទាំងនោះកើតមានឡើង។

ក្រុមទាំង៥ បានកំណត់យកប្រធានបទមួយចំនួនដូចជា៖

ការពិភាក្សាលើប្រធានបទ ការអភិវឌ្ឍន៍យុវជន, ការពិភាក្សាលើប្រធានបទ ការការពារ យេនឌ័រ និងបរិយាប័ន្ន, ការពិភាក្សាលើប្រធានបទ ការប្រែប្រួលអាកាសធាតុ, ការពិភាក្សាលើប្រធានបទ គ្រោះមហន្តរាយ, និងការពិភាក្សាលើប្រធានបទ សុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសាស្ត្រសង្គម។

យ៉ាងណាម៉ិញ កិច្ចពិភាក្សានៅថ្ងៃនេះ នឹងលើកយកទៅបង្ហាញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយពួកគេនឹងពិភាក្សាស៊ីជម្រៅបន្ថែមទៀត ដើម្បីកំណត់យកបញ្ហាតែមួយគត់ក្នុងចំណោម ប្រធានបទទាំង៥ខាងលើ ដើម្បីពិភាក្សាបន្ថែមរកនូវដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងដើម្បីកសាងសេចក្ដីថ្លែងការណ៍រួមថ្មីមួយ សម្រាប់វេទិកាយុវជនលើកទី២ ឆ្នាំ២០២៣។

បើតាមលោកស្រី ឌួង ទេពសុគន្ធា តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា «សេចក្ដីថ្លែងការណ៍រួមឆ្នាំ២០២៣នេះ គឺនឹងត្រូវដាក់បង្ហាញដល់ថ្នាក់ដឹកនាំសមាគមជាតិទាំង១១ នៅថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣»។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានបង្ហាញ និងពន្យល់យ៉ាងក្បាយពីកម្មវិធីដាំដើមឈើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទី៤ នៃវេទិកាយុវជនលើកទី២ ដើម្បីឱ្យមានការចូលរួមបានផុសផុលពីសំណាក់ប្រតិភូយុវជនជាតិ និងអន្តរជាតិ និងដើម្បីកម្មវិធីដាំដើមឈើដំណើរការទៅបានដោយរលូន និងជោគជ័យក្នុងការលើកកម្ពស់ការការពារបរិស្ថាន ការលើកកម្ពស់ការដាំដើមឈើដើម្បីបរិស្ថានពណ៌បៃតង និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ៕

Share.

Leave A Reply