Monday, September 25 Login

1-ឧទ្យាន​បុរាណ​វិទ្យាអង្គរ​

ឧទ្យាន​បុរាណ​វិទ្យា​អង្គរ​ ត្រូវ​បាន​អង្គការ​យូណេស្កូ​ ប្រកាស​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ វប្បធម៌​រូបី​ពិភព​លោក​នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​១៩៩២​ នៅ​ទី​ក្រុង​សាន់តាហ្វេ​ សហរដ្ឋអាម៉េរិក​។ គិត​មក​ដល់​ឆ្នាំ​ ២០២៣​នេះ​ ឧទ្យាន​បុរាណវិទ្យា​អង្គរ​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ មាន​រយៈពេល​៣១​ឆ្នាំ​ហើយ​។ តំបន់​អង្គរ​ត្រូវ​បាន​សង្រ្គោះ​ពី​ភាពគ្រោះថ្នាក់​ផ្សេងៗ​ជាច្រើន​ ជាពិសេស​ក្រោម​ការ​អភិរក្ស​ ពី​អាជ្ញាធរ​ជាតិ​អប្សរា​។

ឧទ្យាន​បុរាណ​វិទ្យា​អង្គរ​ មិនមែន​សំដៅ​តែ​ទៅ​លើ​ប្រាសាទ​អង្គរវត្ត​តែមួយ​នោះ​ទេ​ តែ​សំដៅ​លើ​រមណីយដ្ឋាន​អង្គរ​ទាំង​មូល​ ក្នុងនោះ​ រួម​បញ្ចូល​ទាំង​ប្រាសាទ​ បុរាណដ្ឋាន​ ស្ថានីយ​បុរាណ​វិទ្យា​ បរិស្ថាន​ និង​សហគមន៍​មនុស្ស​ផង​ដែរ​ ដែល​មាន​ផ្ទៃក្រឡា ​សរុប​ ៤០១​គីឡូម៉ែត្រ​ក្រឡា​។ ប្រាសាទ​អង្គរ​ គ្រាន់​តែ​ជា​ផ្នែក​មួយ​ ក្នុង​ចំណោម​ប្រាសាទ​ជិត​ ១០០​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ប៉ុណ្ណោះ​។

2- ប្រាសាទ​ព្រះវិហារ​

ប្រាសាទ​ព្រះវិហារ​ ជា​ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដងរែក​ ហើយ​ត្រូវ​អង្គការ​យូណេស្កូ​​ចុះ​បញ្ជីនៅ​ថ្ងៃទី​៧​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ នៅក្នុង​សម័យ​ប្រជុំគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣២​ នាទី​ក្រុង​កេបិច ប្រទេសកាណាដា។

សូម​ជម្រាប​ថា​ កាល​ពី​៦០​ ឆ្នាំ​កន្លង​ទៅ​ពោល​គឺ​នៅថ្ងៃ​ទី​ ១៥​ ខែ​មិថុនា​ ១៩៦២​ គឺជា​ថ្ងៃ​ដែល​តុលាការ​អន្តរជាតិ​ទី​ក្រុង​ឡាអេ ​ប្រទេស​ហូឡង់​ សម្រេច​ប្រគល់​ប្រាសាទ​ព្រះវិហារ​ឲ្យ​មក​ប្រទេសកម្ពុជាគ្រប់គ្រង​វិញ​ ក្រោយ​ពី​បារាំង​ប្រគល់​ឲ្យ​ថៃ​កាន់​កាប់។​ បន្ទាប់​មក​ប្រាសាទ​ព្រះវិហារ​បាន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​វិញ​ ដោយសារ​ព្រះរាជ​សកម្មភាពទាមទារ​របស់​ព្រះបរមរតនកោដ្ឋ​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហនុ​។

3-តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក​៖ បុរាណ​ស្ថាន​នៃ​អតីត​រាជធានី​ឦសានបុរី​

ប្រាសាទ​សម្បូរ​ព្រៃគុក​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សម្បូរ​ ឃុំ​សម្បូរ​ ស្រុក​សម្បូរ​ ខេត្ត​កំពង់​ធំ​ត្រូវ​បាន​ចុះ​ថ្ងៃ​ទី​៨​កក្កដា​ ឆ្នាំ​២០១៧ ​នៅសម័យ​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី៤១​ នាទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​។

ប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានមានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវ​នេះ​ពេល​រដូវ​វស្សា​លិច​ទឹក​ តែ​យើង​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​សំបូរ​បាន​តែ​ម្តង​។ តំបន់ប្រាសាទ​ដែលសង់លើដី រាប​ស្មើ​មាន​ទំហំ​ ៣,០០០ ​ហិកតា​ ។ រមណីដ្ឋាន​សំបូរ​ព្រៃគុក​ ជា​រាជធានី​ចាស់​ឈ្មោះ​ថា​ ឥសាន​បុរៈ​ ពី​សម័យ​នោះ​ជា​មជ្ឈមណ្ឌល​នៃ​ព្រាហ្មញ្ញសាសនា​ ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។

4-តំបន់ប្រាសាទកោះកេរ៖ បុរាណស្ថាននៃអតីតរាជធានីលិង្គបុរី ឬឆោកគគ៌្យរ

ឧទ្យានបុរាណវិទ្យា​ប្រាសាទ​កោះ​កេរ ស្ថិតនៅក្នុង​ឃុំ​ស្រយង់ ស្រុក​គូ​​លែ​ន ខេត្ត​ព្រះវិហារ​ ត្រូវ​បាន​ចុះ​ថ្ងៃទី​ ១៧​ ខែ កញ្ញា ឆ្នាំ២០២៣ នៅសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

អតីត​រាជធានី​កោះកេរិ៍្ដ​ ​មាន​ទំហំ​ផ្ទៃ​ដី​១​៦​X​១៦​គីឡូ​ម៉ែត្រ​។ ​ប្រាសាទ​នេះ​មាន​រូបរាង​ជា​ពីរ៉ាមីត​ ​មាន​​ចំនួន​ ៧​ជាន់​ ​និង​ ​មាន​កំពស់​ ​៣៥​ម៉ែត្រ​ លក្ខណៈ​ពិសេស​របស់​ប្រាសាទ​កោះកេរ​ ​គឺ​មាន​ប្រាសាទ​ពីរ៉ាមីត​ ដែល​ជា​ប្រាសាទ​ល្អ​ឯក​មួយ​ក្នុង​ប្រទេស​កម្ពុជា​។ ប្រាសាទ​កោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះឥសូរ​តាម​បែបព្រហ្មញ្ញ​សាសនា។ តាម​សិលា​ចារឹកបុរាណ​បាន​បញ្ជាក់​ថា​ ប្រាសាទ​នេះ​មាន​អាយុ​ប្រមាណ​ជាង​ ១០០០​ឆ្នាំ​មក​ហើយ​។

តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា មជ្ឈមណ្ឌល​បេ​តិក​ភ​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ បាន​បញ្ជូន​អ្នកជំនាញ​ការ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​អន្តរ​ជាតិ​ស្តីពី​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន ​(ICOMOS) មក​ធ្វើការ​វាយតម្លៃ​ដោយផ្ទាល់​នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ កាលពី​ខែកញ្ញា ឆ្នាំ ២០២១​។​រហូតដល់​ខែមីនា ឆ្នាំ​ ២០២២ ទើប​សម្រេច​ទទួលយក​សំណើ​សុំ​ចុះបញ្ជី «​រមណីយដ្ឋាន​ប្រា​សាទ​កោះ​កេរ​» ទៅ​ដាក់​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៤៥ របស់ខ្លួន នៅ​ទីក្រុង​រី​យ៉ា​ដ ​(Riyadh)​ នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​​អ៊ូ​ឌី​ត ហើយក៏​ត្រូវបាន​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក​សម្រេច​ចុះ​«​រមណីយដ្ឋាន​ប្រា​សាទ​កោះ​កេរ​»​ក្នុង​បញ្ជី​បេ​តិក​ភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣ នេះតែម្ដង៕

Share.

Leave A Reply