យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៣៦ នាក់បានស្លាប់នៅរដ្ឋមាហារ៉ាសត្រា (Maharashtra) ភាគខាងលិច នៃប្រទេសឥណ្ឌា បន្ទាប់ពីមានភ្លៀង ដោយសារខ្យល់មូសុង ដែលបង្កឲ្យមានការបាក់ដី និងភូមិជាច្រើនរងការគំរាមកំហែងពីគ្រោះធម្មជាតិ។

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងស្តារនីតិសម្បទារបស់រដ្ឋ បានប្រាប់ថា បណ្ដារដ្ឋ ស្រុកនានា នៅក្នុងប្រទេសឥណ្ឌាកំពុងតែជួបហានិភ័យពីគ្រោះទឹកជំនន់ និង ការបាក់ដីដ៏អាក្រក់នេះ ដែលធ្វើឲ្យចំនូនមនុស្សស្លាប់មានការកើនឡើងរហូតដល់ជាង ១០០នាក់នេះ ហើយរដ្ឋដែលរងគ្រោះខ្លាំងជាងគេ គឺរដ្ឋ មាហារ៉ាសត្រា (Maharashtra)។

លោក អូដហាវ ថាក់គេរ៉េ (Uddhav Thackeray) នាយករដ្ឋមន្រ្តីរដ្ឋ Maharashtra បានប្រាប់អ្នកសារព័ត៌មានថា «រដ្ឋរបស់លោកអាចជួបស្ថានភាពដ៏អាក្រក់ ដែលអាចជួបការបាក់ដីដែលបង្ករឡើងដោយជំនន់ទឹកភ្លៀង ជាច្រើនកន្លែង»​។

លោកនាយករដ្ឋមន្រ្តី កំពុងតែសម្រួលឱ្យទឹកជំនន់ទាំងនេះហូរទៅទំនប់វារីអគ្គិសនី ខណៈប្រជាជនជាង ៩ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីតំបន់ងាយរងគ្រោះ ទៅរកកន្លែងសុវត្ថិភាព ហើយទឹកទន្លេ នៅភាគខាងលិច នៃប្រទេសឥណ្ឌាឡើងកម្ពស់ ៥៩៤មីល្លីម៉ែត្រ។ លោកបន្តថា ផ្ទះសម្បែង រថយន្ត ជាច្រើន ក៏ត្រូវបានខូចខាត ហើយប្រជាជនរស់នៅតាមភូមិ និងទីប្រជុំជន រាប់រយនាក់ទៀត គ្មានអគ្គិសនីប្រើប្រាស់ និង ទឹកស្អាតផឹកទេ។

ដោយឡែកនាយកដ្ឋានឧតុនិយមឥណ្ឌា បានចេញសេចក្តីជូនដំណឹងពណ៌ក្រហមសម្រាប់ស្រុកចំនួន ៦ នៃរដ្ឋ Maharashtra ដោយបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំង រួមទាំងណែនាំឲ្យមានវិធានការបង្ការផងដែរ ខណៈស្រុក កូលហាពួ(Kolhapur) និង សាំងលី (Sangli) កំពុងស្ថិតក្នុងការប្រុងប្រយ័ត្ននៅឡើយ៕

ប្រែសម្រូលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.