សិល្បៈជាតិ ៖ នេះជាឆ្នាំទី ៦ នៃការប្រព្រឹត្តិទៅនៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ ដែលទទួលបានជោគជ័យជាច្រើនឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំទី ៦ នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ នឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅខេត្តកោះកុង ក្រោមប្រធានបទ «សំឡេងចម្រុះពណ៌»។

មហោស្រពអក្សរសិល្ប៍ខ្មែរត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ នោះ មានគោលបំណងធំៗបីគឺ ៖ ១) បណ្ដុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ ២) លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និង ៣) បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និងវិស័យបោះពុម្ព និងអក្សរសិល្ប៍។
ហួត សុជាតា សមាជិកស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមហោស្រពអក្សរសិល្ប៍ខ្មែរបានមានយោបល់ដូច្នេះថា៖ «ខ្ញុំមានមោទកភាពដែលជាតំណក់ទឹកមួយតំណក់ជួយបំពេញអាងនៃវិស័យអក្សរសិល្ប៍នៅកម្ពុជា។»
ចំណែកឯ ឥន្ទ សម៉ាណាក់ ប្រធានកម្មវិធីបានសម្ដែងចំណាប់អារម្មណ៍ថា «ឆ្នាំនេះជាឆ្នាំទី២ហើយដែលខ្ញុំបានចូលរួមរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ។ ខ្ញុំបន្តចូលរួមដោយសារខ្ញុំនឹកអនុស្សាវរីយកាលពីឆ្នាំមុនដែលឃើញអ្នកនិពន្ធ កវី អ្នកស្រឡាញ់អក្សរសិល្ប៍ គ្រូ និងសិស្សនិស្សិត បានចូលរួមយ៉ាងច្រើន និងទទួលបានបទពិសោធន៍ល្អៗពីកម្មវិធី។ ដូច្នេះ សូមនិមន្តនិងអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹង និងបង្ហាញពីការគាំទ្រដល់ផ្នែកអក្សរសិល្ប៍»។
អ្នកនិពន្ធ អ្នកចម្រៀង និងអ្នកនិពន្ធបទភ្លេង ម៉ុង ម៉ានិត ជាទូតសុច្ឆន្ទៈនៃមហោស្រពអក្សរសិល្ប៍ប្រចាំឆ្នាំ ២០២៣ បានថ្លែងថា «ខ្ញុំបាទរីករាយណាស់ ដែលបានចូលរួមចំណែកជាផ្នែកមួយនៃមហោស្រពនៅឆ្នាំនេះ។ ការចូលរួមនេះ នឹងជួយជំរុញការផ្សព្វផ្សាយអំពីមហោស្រពឱ្យសាធារណជនបានជ្រាប ក៏ដូចជាអភិវឌ្ឍន៍វិស័យអក្សរសិល្ប៍ វិស័យអំណាន ជំរុញនិងបង្កើនស្នាដៃនិពន្ធ ព្រមទាំងផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអ្នកអាន និងប្រជាជនកម្ពុជាឲ្យយល់ច្បាស់ពីសក្ដានុពលនៃអក្សរសិល្ប៍ខ្មែរ»។
មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦ នេះ មានរយៈពេល៣ថ្ងៃ ដែលមានកម្មវិធីពិសេសៗ ជាច្រើនដូចជា ពិព័រណ៍មរតកអក្សរសិល្ប៍ វេទិកាពិភាក្សាអំពីអក្សរសិល្ប៍នៃខេត្តកោះកុង សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ ទស្សនកិច្ចវប្បធម៌ វេទិកាពិភាក្សា និងបទបង្ហាញអំពីវប្បធម៌អក្សរសិល្ប៍នៃខេត្តកោះកុង កម្មវិធីកំណាព្យ បញ្ចាំងភាពយន្តឯកសារ កម្មវិធីប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ និងកម្មវិធីទស្សនីយភាព ដែលល្ខោននិយាយ «ឃុនឆាងឃុនផែន» របាំ ចម្រៀង និងចាប៉ីដងវែងផងដែរ។
ដើម្បីស្វែងយល់កាន់តែច្បាស់អំពីការប្រព្រឹត្តិទៅកម្មវិធីមហោស្រព យើងខ្ញុំសូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៤.០០នាទី រសៀល នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។សូមចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់នេះ ឬទៅកាន់ lynakourn77@gmail.com។
មហោស្រពអក្សរសិល្ប៍បានទទួលការគាំទ្រពីសហគមន៍អ្នកនិពន្ធ សមាគមអក្សរសិល្ប៍នានា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសប្បុរសជនជាច្រើននាក់ទៀត។
