នៅក្នុងយុគសម័យឌីជីថល AI បានឈានដល់កម្រិតកំពូលនៅក្នុងពិភពលោក គឺ AI មានសមត្ថភាពខ្ពស់ដើម្បីបកប្រែច្រើនភាសានោះ ឥឡូវនេះទូរទស្សន៍ជាតិកម្ពុជា និងមជ្ឍមណ្ឌលបកប្រែភាសាជនជាតិខេត្តយូណាន និងYUNNAN MOBILE DIGITAL TV នៃយូណានមេឌាគ្រុប បានបង្កើនកិច្ចហការលើការផ្សព្វផ្សាយព័ត៌មាន ហើយរំពឹងថានឹងសហការរួមគ្នាកសាងមជ្ឍមណ្ឌលបកប្រែឆ្លាតវៃ ដែលប្រើ AIរបស់ចិនដែលមានសមត្ថភាពខ្ពស់បកប្រែបានច្រើនភាសាលើរឿងភាគ ភាពយន្ត វប្បធម៌ ជាដើម។

ដំណើរកិច្ចសហការខាងលើ ធ្វើឡើងនៅកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពប្រពន្ធ័សារព័ត៌មានក្នុងប្រទេសកម្ពុជា និងខេត្តយូណាន ប្រទេសចិន បានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាសាលប្រជុំទីស្តីការក្រសួងព័ត៌មាន រវាង ឯកឧត្តម ឈាង លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកជំទាវ ZENG YAN សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែក ឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន ប្រទេសចិន។
ផ្អែកលើអនុស្សារណៈយោគយល់គ្នា និងតាមផែនការ សកម្មភាពស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ ការផ្លាស់ប្តូរទស្សនកិច្ចរវាងបណ្ដាញសារព័ត៌មានប្រទេសកម្ពុជា-ចិន និងមហាអនុតំបន់ទន្លេមេគង្គ បានគូសបញ្ចាក់ថា ភាគី ទាំងពីរនឹងលើកទឹកចិត្តទីភ្នាក់ងារព័ត៌មានផ្សេងៗរបស់ខ្លួនឲ្យបង្កើតការផ្សព្វផ្សាយព័ត៌មាន ស្តីពី ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងរួមចំណែកដល់មិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ភាគីទាំងពីរនឹងគាំទ្រដល់បណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងទីភ្នាក់ងារផ្សព្វផ្សាយ ព័ត៌មាននានានៃប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនងទៅវិញទៅមក ធ្វើកិច្ចសហប្រតិបត្តិការ នៅគ្រប់កម្រិត និងគ្រប់រូបភាព បង្កើនការធ្វើទស្សនកិច្ចទៅវិញទៅមករវាងបណ្ដាញសារព័ត៌មាននានា គាំទ្រ និងលើកទឹកចិត្តដល់ភ្នាក់ងារសារព័ត៌មានានា ឲ្យបង្កើនការិយាល័យតំណាង របស់ខ្លួននៅក្នុងប្រទេសទាំងពីរ និងបញ្ជូនអ្នកឆ្លើយ ឆ្លងព័ត៌មានទៅវិញទៅមក។ ភាគីទាំងពីរត្រូវពង្រឹង និងសម្រួលការធ្វើបទសម្ភាសន៍ និងរបាយការណ៍ជាវិជ្ជមានអំពីប្រទេសទាំងពីរ ។

ឯកឧត្តម ឈាង លាង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំការិយាល័យព័ត៌មាន នៃសាលារដ្ឋបាល ប្រជាជនខេត្តយូណាន, ការិយាល័យកិច្ចការបរទេស នៃសាលារដ្ឋបាលខេត្តយូណាន, ជាពិសេសក្រុមហ៊ុនកាសែតយូណានដេលីគ្រុប និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន ដែលបានដើរតួនាទីសំខាន់ និងរួមវិភាគទានយ៉ាងច្រើន បង្កើតបានជាស្ពានមិត្តភាពមួយសម្រាប់ជំរុញការផ្លាស់ប្ដូរវប្បធម៌អន្តរជាតិក្នុងយុគសម័យថ្មី ក៍ដូចជាចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ចំណេះដឹងពីគ្នាទៅវិញទៅមក ដើម្បីរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងទិសដៅការងារ សម្រាប់អនុវត្តបន្តឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា ឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្ដែង ដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មានឲ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តនៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីសម្រេចបានសមិទ្ឋផលថ្មីៗបន្ថែមទៀត។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថាវិស័យព័ត៌មាន និងសោតទស្សន៍របស់កម្ពុជា នៅរក្សាបានវឌ្ឍនភាពគួរជាទីមោទនភាព ដោយសារយើងបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនាពេលកន្លងមក ក្រោមម្លប់សុខសន្តិភាព ការអភិវឌ្ឍន៍ និងការលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ដែលធ្វើឲ្យក្រសួងព័ត៌មាន អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យគួរជាទីមោទនៈ ។
នៅព្រឹកថ្ងៃដដែលដែរ គណៈប្រតិភូចិន ខេត្តយូណាន ដឹកនាំដោយ លោកជំទាវ Zeng Yan សមាជិកគណៈអិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន បានអញ្ជើញទៅទស្សនកិច្ចស្វែងយល់ពីដំណើរការផ្សព្វផ្សាយរបស់ ស្ថានីយ៍ទូរទស្សនជាតិកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការជាមួយ ទូរទស្សន៍ Yunnan Mobile Digital TV បានដំណើរការរហូតមកដល់ពេលនេះរយ:ពេលជាង ១០ ឆ្នាំកន្លងមកហើយ ។
ជាមួយគ្នានោះដែរ ទូរទស្សន៍ជាតិកម្ពុជាសង្ឃឹមថា បានសហការជាមួយមជ្ឍមណ្ឌលបកប្រែភាសាជនជាតិខេត្តយូណាន និង YUNNAN MOBILE DIGITAL TV នៃយូណានមេឌាគ្រុបរួមគ្នាកសាងមជ្ឍមណ្ឌលបកប្រែឆ្លាតវៃលើរឿងភាគភាពយន្តវប្បធម៌។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) គឺជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិ ចំណុះឲ្យក្រសួងព័ត៌មាន ដែលមានតួនាទីជាអ្នកពាំនាំសារដ៏សំខាន់ពីរាជរដ្ឋាភិបាលជូនទៅប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅគ្រប់ទិសទី ទាំងក្នុង និង ក្រៅប្រទេស និងនាំត្រឡប់ទៅវិញនូវសាររបស់ប្រជាពលរដ្ឋជូនដល់រាជរដ្ឋាភិបាល៕










