សិល្បៈ​ជាតិ​ ៖ សារព័ត៌មាន​ត្រយង​ទទួល​ដំណឹង​មក​ថា​ នៅ​ព្រឹក​ថ្ងៃទី​ ២៣ ​កញ្ញា​ ២០២៣​ នេះ​ តារា​សម្ដែង​ឯក​ប្រុស​ ខាត់​ វ៉ៃហាំង​ បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ឆ្ពោះ​ទៅ​ប្រទេស​ចិន​ ដើម្បី​ចូលរួម​ជាតារាកិត្តិយស​នៅ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ ​Silk Road​ លើក​ទី​ ១០​។

លោក​ ខាត់​ វ៉ៃហាំង​ ត្រូវ​បាន​ទទួល​តំណែង​ជា​តារា​សម្ដែង​ឯក​ប្រុស​ជម្រើស​ទី១​ លើ​ឆាក​អន្តរជាតិ​ ក្នុង​ការ​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​ Silk​ Road​ International​ Film​ Festival​ លើក​ទី​ ១០​ ដែល​តំណាង​ឱ្យ​សិល្បករ​កម្ពុជា​ ចូល​រួម​ជាមួយ​សិល្បករ​ជាង​៣០​ប្រទេស​ផ្សេង​ទៀត​។

តាម​លិខិត​អញ្ជើញ​ពី​មហោស្រព​ភាពយន្ត​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​បាន​ឱ្យ​ដឹង​ថា ​លោក​ ខាត់​ វ៉ៃហាំង​ នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​បើក​មហោស្រព​ ថ្ងៃទី​ ២៧​ ខែ​កញ្ញា​ ខាង​មុខ​នេះ​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ Fuzhou​ ប្រទេស​ចិន​។ សកម្មភាព​ចូល​រួម​របស់​លោក​ ខាត់​ វ៉ៃហាំង​ ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ប្រទេស​ចិន​ជាលើកដំបូង​នេះ​ ក៏​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា​ គឺជា​ការ​បង្ហាញ​ពី​ការ​រឹតចំណង​មេត្រីភាព​យ៉ាង​ល្អ​រវាង​សិល្បករ​កម្ពុជា​ជាមួយ​ចិន​ រួម​ទាំង​បណ្ដា​ប្រទេស​ដទៃ​ផ្សេង​ទៀត​ផងដែរ​។

សូម​ជម្រាប​ថា​ តារា​សម្តែង​ ខាត់​ វ៉ៃហាំង​ គឺ​ជា​តារា​សម្ដែង​ឯក​ប្រុស​កម្ពុជា​ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្ចរខ្ចាយ​ដល់​ក្រៅ​ប្រទេស​ ដោយ​លោក​តែងតែ​ទទួល​បាន​ឱកាស​ពី​ផលិតករ​បរទេស​ដូចជា​ ផលិតករ​ថៃ​ និង​ផលិតករ​ចិន​ ដែល​ជ្រើស​ឱ្យរូប​លោក​ចូលរួម​សម្តែង​ក្នុង​តំណែង​ជា​តួសំ​ខាន់​នៅក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​មករហូត​។ ជាក់​ស្ដែង​ នៅ​ឆ្នាំ ​២០២១​ លោក​បាន​ចូលរួម​ជាមួយ​ផលិតករ​ចិន​សម្ដែង​ក្នុង​ភាពយន្ត​មួយ​ចំណង​ជើង​ថា ​«ឈោង​ចាប់​ក្តី​ស្រមៃ​»។ ហើយ​ឆ្នាំ ២០២៣ នេះ លោក​ក៏​មាន​ចំណង​ដៃ​ភាពយន្ត​លំដាប់​អន្តរជាតិ​មួយ​រឿង​ទៀត​ ដែល​មាន​ចំណងជើង​ថា ​«ប្រុស​លក់​ខ្លួន​/ Rent Boy» ត្រៀម​បញ្ចាំង​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​៕

Share.