សិល្បៈ​ជាតិ​៖ ម្សិល​មិញ​នេះ​ ( ថ្ងៃទី ​២២​ កញ្ញា ​២០២៣​ ) តារា​កំប្លែង​ ម៉ាដូណា ​ចេញ​មក​ Live​ នៅលើ​ហ្វេសប៊ុក​យ៉ាង​ក្ដៅ​គគុក​អំពី​បញ្ហា​អ្នក​ជំពាក់​បំណុល​របស់​ខ្លួន​ ដោយ​បោះ​សម្ដី​ធ្ងន់ៗ​យ៉ាង​មិន​សំចៃមាត់​ រហូត​ផ្អើល​ព្រាត​ពេញ​ហ្វេសប៊ុក​ និង​ចង្កោម​អ្នកសិល្បៈ​។ បើទោះការ Live នោះ ម៉ាដូណា ព្យាយាមមិនបញ្ចេញឈ្មោះបុគ្គលពិត ប៉ុន្តែ​អ្នកលេង​បណ្ដាញសង្គមសន្និដ្ឋានថា គឺសំដៅដល់អ្នកខ្ញុង និងស្រីអយ ដែលជាកូនបំណុលគេចវេចលុយបំណុលជាង ៤ ម៉ឺនដុល្លារ។

ម៉ាដូណា បានរៀបរាប់រឿងហួសចិត្តជាច្រើនករណីអំពីកូនបំណុលរបស់ខ្លួន ដែល​ក្នុង​នោះ​គេ​អាច​យល់​​ខ្លះ​ថា​ កូន​បំណុល​ខ្លួន​ព្យាយាម​គេចវេសមិនដោះស្រាយលុយ​រាប់​ថ្ងៃ​រាប់​ខែ​រាប់ឆ្នាំ​មកហើយ​ ដោយមានពាក្យដោះសារជាច្រើនហេតុផល និង​មាន​ពេល​ខ្លះ​ទៀត​ភូត​កុហក​ទំនុក​ចិត្ត​ថា​ «ស្អែកសង» ហើយបាត់ស្រមោល​រហូតដល់សព្វថ្ងៃនេះក៏គ្មានដំណោះស្រាយដែរ។ ម៉ាដូណា ថាខ្លួនអត់ទ្រាំនឹងការបង្វិលរបស់កូនបំណុលលែងបាន ខណៈខ្លួនជាម្ចាស់បំណុល ក៏​ចាំ​បាច់​ត្រូវ​ការ​លុយ​មក​វិញ​ដែរ​ ទើបបានជាសម្រេចចិត្តប្រើផ្លូវច្បាប់មកដោះស្រាយ បើជ្រុលជាអស់លុយខាតនឹងបំណុលហើយ ខ្លួនសុខចិត្តអស់លុយថ្លៃមេធាវីម្ដងទៀត ដើម្បី​ចាត់ការកូនបំណុលឱ្យទាល់តែបាន។

យ៉ាងណាមិញ អ្នកនាង ខ្ញុង ដែលគេដឹងថាជាកូនបំណុលនោះ ក៏បានធ្វើការឆ្លើយតបវិញភ្លាមតាមរយៈការ Live ផង និងជាសំណេរនៅលើហ្វេសប៊ុកផង។ អ្នកនាង ខ្ញុង ថា រាល់​ម្ចាស់បំណុលទាំងអស់​ដែល​បាន​បង្ហោះ​និយាយ​អាក្រក់​មក​លើ​រូប​អ្នកនាង អ្នកនាង​ក៏​មិន​ខឹង និង​មិន​តប​ត​អ្វី​ឡើយ ប៉ុន្តែ​អ្នកនាង​សុំ​ពេល​ដើម្បី​ដោះស្រាយ​ជា​ដំណាក់កាល​ មានខ្លះក៏បង់ជូនមួយខែ ៥០០ ដុល្លារ ខ្លះ ២០០ ដុល្លារ ខ្លះ ១០០ ដុល្លារ។ ហោច​ណាស់​អ្នកនាង សុំចិត្តកុំជេរប្រមា​ថ​អាយុជី​វិ​តម​កលើ​រូប​នាង​យ៉ាងធ្ងន់ធ្ងរពេក ព្រោះ​អ្នកនាង​ត្រូវ​ការ​មាន​ជីវិត​មក​ដោះស្រាយ​បំណុលបន្តទៀត។ ខ្ញុង លើកឡើងទៀតថា ​បើ​ចង់​ជេរ​ប្រមា​ថ​អ្វីនោះ គឺ​ធ្វើ​ដាក់អ្នក​នាង​ម្នាក់​បាន​ហើយ ព្រោះ​បំណុល​ទាំងអស់ គឺ​អ្នកនាង​ជា​អ្នក​សាង​ឡើង ដោយ​មិន​ពាក់ព័ន្ធ​ស្វាមី និង​កូន​របស់​ខ្លួន​នោះ​ឡើយ​។

សម្រាប់ម្ចាស់បំណុលគឺលោក ម៉ាដូណា បានចាត់ទុកការយំយែកបកស្រាយគ្រប់សព្វបែបយ៉ាងរបស់អ្នកនាង ខ្ញុង គឺជារឿង Drama នៅលើបណ្ដាញសង្គមសុំក្ដីអាណិតពីមហាជនតែប៉ុណ្ណោះ ដោយ​លោក​ប្រាប់​អ្នក​ដែល​កាន់​ជើង​កូន​បំណុល​វិញ​ថា​ បើពួកគេជាម្ចាស់បំណុលដូចរូបលោក ទើប​យល់​អារម្មណ៍​ច្បាស់​ពី​ការ​ទន្ទឹង​ចាំ​លុយ​គេ​សង​មក​វិញ​។ លោកបញ្ជាក់ថា ព្រោះបញ្ហាបំណុលតុងទីននេះ លោកបានលក់របស់ទ្រព្យខ្លួនជាច្រើនដូចជា រថយន្ត​ផ្ទាល់​ខ្លួន​ផង និងរថយន្តម្ដាយខ្លួនផង ដើម្បីដោះស្រាយលុយតុងទីនជំនួសកូនបំណុល។ លោក ម៉ាដូណា ថា ខ្លួន​ត្រូវ​បាន​កូន​បំណុល​បោកប្រាស់​ទំនុកចិត្តច្រើនដងរួចមកហើយ បើ​ទោះបី​ជា​លោក​ព្យាយាម​ទម្លាក់​ការងារ​ទៅ​ឱ្យ​កូនបំណុលដើម្បីបានចំណូលខ្លះកាត់បំណុលនោះយ៉ាងណា ក៏ចុងក្រោយរូបលោកនៅតែត្រូវរងនូវការបោកប្រាស់កុហកដដែលជាដដែល។

តែដោយឡែក សារចុងក្រោយដែលអ្នក ខ្ញុង បានបង្ហោះគឺសរសររៀបរាប់ថា ៖ «​ខ្ញុំ​រឹងមាំ​តាំង​ពី​ដើម​មក​ហើយ​បង​ប្អូន​ មិន​អី​ទេ​អរគុណ​ណាស់​ខ្ញុំ​អាច​បន្ត​ទៀត​បាន​ ជំពាក់​លុយ​សង​លុយ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ក៏​ខ្ញុំ​អាច​ទៅ​បាន​មិន​បញ្ហា​ទេ​។ តែ​ការ​ជេរប្រមាថ​មើល​ងាយ​ខ្ញុំ ​ប្រមាថ​អាយុ​ជីវិត​ប្ដី​ខ្ញុំ ខ្ញុំ​ឈឺ​»។

សម្រាប់ករណីខាងលើនេះ មានអ្នកលេងបណ្ដាញសង្គមខ្លះមានមតិគាំទ្រចំពោះចំណាត់ការរបស់ ម៉ាដូណា ហើយ​ក៏មាន​ខ្លះ​ទៀត​ យល់​ពី​ភាព​លំបាក​វេទនា​របស់​អ្នកនាង​ ខ្ញុង​ ដែល​កំពុង​ទាល់​ច្រក​ជាមួយ​បំណុល​គ្រប់​ច្រកល្ហក​។ ប៉ុន្តែគ្រប់​គ្នា​នៅ​រង់​ចាំ​មើល​ទៀត​ថា​ តើ​អ្នកនាង​ ខ្ញុង​ នឹង​មាន​ដំណោះស្រាយ​បញ្ហា​បំណុល​តុងទីន​ជាមួយ​លោក​ ម៉ាដូណា​ បែប​ណា​បន្ត​ទៀត​? ហើយ​លោក ​ម៉ាដូណា​ នឹង​បន្ត​នីតិវិធី​ច្បាប់​ជាមួយ​ក្រុម​មេធាវី​របស់​ខ្លួន​យ៉ាងណា​ទៀត​? សារព័ត៌មាន​ត្រយង​នឹង​ជម្រាប​ជូន​ប្រិយមិត្ត​ នៅ​ពេល​ខាង​មុខ​បន្ត​ទៀត​៕

Share.