អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស ប្រកាសថា អង្គការ សហប្រជាជាតិនឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យ នៅក្នុង មាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាឧត្តម ប្រយោជន៍ដល់ប្រជាជនកម្ពុជា។

ការប្រកាសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនេះធ្វើឡើងក្នុង ជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការ អង្គការ សហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងជំនួបនោះ លោកអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ សម្ដេចធិបតី និងគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេស ប្រទេសដែល មានប្រាក់ចំណូលទាប ត្រូវរៀបចំឱ្យបានច្បាស់លាស់ នូវក្របខ័ណ្ឌគោលនយោបាយ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការបន្ស៊ី ជាមួយគោលដៅអភិវឌ្ឍប្រកបចីរភាព របស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ ឯកឧត្ដមអគ្គលេខាធិការ បានវាយតម្លៃ ខ្ពស់ចំពោះកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺ យុទ្ធសាស្ត្របញ្ចកោណ ដែលបានបន្ស៊ីជាមួយគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានអរគុណដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ដែលបាន ចូលរួម និងបញ្ជូនមន្ត្រីទៅបំពេញការងារកសាងសន្តិភាព នៅតាមបណ្តាប្រទេសមួយ ចំនួន។

ក្នុងនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានលើកឡើងថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ចាំបាច់ត្រូវសម្រេចឱ្យបាន នៅក្នុងកិច្ច ដំណើរការសង្គម-សេដ្ឋកិច្ច។

សម្តេចធិបតី ក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ ថា រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំរបស់ សម្ដេចនឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយ អង្គការសហប្រជាជាតិ ដោយមិនមានការផ្លាស់ប្តូរឡើយ។ ជាក់ស្ដែង កម្ពុជាបន្តចូលរួម នៅក្នុងកិច្ចប្រតិបត្តិការថែរក្សា និងកសាងសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនមន្ត្រីជំនាញខាងដោះមីន និងជំនាញផ្សេងទៀត ទៅបំពេញបេសកកម្ម ក្រៅប្រទេស ដែលមានចំនួនប្រមាណជាង ៩.០០០ ពាន់នាក់ គិតមកដល់សព្វថ្ងៃនេះ។

ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស កម្ពុជាបន្តការកសាងសង្គមមួយ ដោយឈរលើការគោរព ច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាងនេះទៅទៀត ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតី បានចុះហត្ថលេខាបន្តសុពលភាពអាណត្តិ របស់ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការ សហប្រជាជាតិនៅកម្ពុជា ដែលនេះឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការ កែលម្អ ស្ថានភាពសិទ្ធិមនុស្ស បើទោះបីជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មិនមានប្រទេស ណា អនុញ្ញាតឱ្យមានការិយាល័យរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក៏ដោយ។ សម្តេចបញ្ជាក់ទៀតថា កម្ពុជាចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយ អង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែល កម្ពុជាកំពុងទទួលបាន និងដែលជាចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់ អង្គការសហប្រជាជាតិ៕

Share.