ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានជូនដំណឹងនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៣នេះថា មានករណីជំងឺ ហ្ស៊ីកាចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុក បារាយណ៍-សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។
បើតាមក្រសួងសុខាភិបាល កុមារីរូបនោះមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារី បានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើ តេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បន្តយកវត្ថុវិភាគ និងបានផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់មក លទ្ធផលបង្ហាញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺវិជ្ជមានវីរុសហ្ស៊ីកា។
ក្រសួងសុខាភិបាល បញ្ជាក់ថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លាដែលមានផ្ទុក វីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុន ឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះ វីរុសនេះ មាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្ដាយទៅកូនក្នុង អំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។
វីរុសហ្ស៊ីកាជាធម្មតាបណ្ដាលឱ្យមានជំងឺហ្ស៊ីកាស្រាលមិនធ្ងន់ធ្ងរទេ ដែលចេញរោគសញ្ញាពី ២ ទៅ ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំដោយសត្វមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា រោគ សញ្ញាទូទៅ មានដូចជាគ្រុនក្ដៅស្ទិញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹង មាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិត តិចតួចណាស់។ គេបានប៉ាន់ប្រមាណថា ៨០% នៃមនុស្សដែលបានឆ្លងវីរុសនេះមិនបាន បង្ហាញរោគសញ្ញាអ្វីទេ។ មានករណីតិចតួច បំផុតដែលអាចវិវត្តទៅជាទន់ដៃទន់ជើង ហើយបើកើតមានលើស្រ្តីមានផ្ទៃពោះ គឺអាចទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារកអាចតូច ជាងធម្មតា។

ជំងឺហ្ស៊ីកាមិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រនិងថែទាំ ទៅតាមរោគសញ្ញ អ្នកជំងឺ។ មនុស្សដែលមាន ជំងឺហ្ស៊ីកា គួរសម្រាកនិងពិសាទឹកឱ្យបាន ច្រើន ព្រមទាំងព្យាបាលការឈឺចាប់និងគ្រុនក្តៅ ដោយប្រើថ្នាំបញ្ចុះកំដៅធម្មតា តែមិន តម្រូវ ឱ្យប្រើថ្នាំផ្សះទេ។ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ សូមស្វែងរកការ ពិគ្រោះជំងឺជាមួយ គ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ ការធ្វើរោគវិនិច្ឆ័យគឺតាម រយៈមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា៖ មន្ទីរពិសោធន៍នៅ វិទ្យាស្ថានសុខភាពសាធារណៈ និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលអាចធ្វើតេស្តរកវីរុស ហ្ស៊ីកាបាន។ បច្ចុប្បន្នមិនមានវ៉ាក់សាំងដែលអាចប្រើសម្រាប់បង្ការជំងឺនេះនៅឡើយទេ។ ក្រសួងសុខាភិបាល ប្រកាសក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ការបង្ការ ដែលល្អបំផុត ពីជំងឺហ្ស៊ីកា គឺត្រូវអនុវត្តន៍ដូចទៅនឹងការបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក ដែរ រួមមានការពារខ្លួនកុំមូសខ្លាខាំ ស្ត្រី ដែលមានផ្ទៃពោះ ឬមានផែនការនឹងមានផ្ទៃពោះ និងដៃគូរួមភេទរបស់គាត់រឹតតែត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត។
ក្រសួងសុខភិបាលបញ្ជាក់ថា ដើម្បីការពារខ្លួនពីមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ និង ការចម្លងតាមការរួមភេទ ហើយការការពារនេះ អាចអនុវត្ត បំបាត់ជម្រកមូសខ្លា ដោយធ្វើ អនាម័យសម្អាតជុំវិញផ្ទះ ការពារកុំមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងពាង ឬ អាងស្តុកទឹក។ ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ ភាគច្រើននៃរាងកាយឱ្យជិត (សម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)។

ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃ ពោះអាចប្រើ បានដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។ សម្រាន្តក្នុងមុង រាល់ពេលសម្រាន្តនៅពេលយប់និងថ្ងៃ ព្រមទាំងបើកបង្អួចឱ្យបានធំៗ ដើម្បីឱ្យពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។
ប្រសិនជាមិនចាំបាច់ ស្ត្រីមានផ្ទៃពោះ គូស្វាមីភរិយាឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរ ឬមិនត្រូវធ្វើ ដំណើរទៅកាន់តំបន់ ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីក ហើយត្រូវ អនុវត្តការការពារខ្លួនដែលជម្រាប ជូននេះឱ្យបានខ្ជាប់ខ្ជួនបំផុត។
បុរសនិងស្ត្រីដែលត្រឡប់មកពីតំបន់ដែលមានផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្តការ រួមភេទដែលមាន សុវត្ថិភាព (ដោយប្រើប្រាស់ស្រោមអនាម័យ) ឬតមការរួមភេទយ៉ាង ហោចណាស់៦ខែ បន្ទាប់ពីការវិល ត្រឡប់មកវិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកាតាម ការរួមភេទ។
គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ ដែលផ្ទុះឬ កំពុងមានជំងឺ ហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច៦ខែមុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថា គ្មានការឆ្លងវីរុសហ្ស៊ីកាទៅ ទារកដែលនឹងបង្កកំណើត។ ស្ត្រីដែលប្រើវិធីរួមភេទ ដោយមិន ការពារ ប៉ុន្តែមិនចង់មានផ្ទៃពោះ ដោយសារតែបានឆ្លងវីរុសហ្ស៊ីកា ត្រូវ ប្រើវិធីពន្យាកំណើត ជាបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមមូលដ្ឋានសុខាភិបាល សាធារណៈ៕


អត្ថបទ៖ត្រយង