ភ្នំពេញ ៖ បុរសជាអ្នកលក់អំបុកម្នាក់ បន្ទាប់ពីបងប្អូនមិនបានឃើញងើប ក្រោកចេញទៅលក់អំបុកសោះ ចុចទូរស័ព្ទចូលតែមិនលើកទទួល មិនអស់ចិត្តគាស់បើកបង្អួចមើល ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅបន្ទប់ ជួលលេខ៩ ផ្លូវបេតុង ក្រុមទី១ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពមាន ឈ្មោះ សុខ ឡៃ ហៅសុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់អំបុក តាមម៉ូតូ ស្នាក់នៅបន្ទប់ជួលចំណុចខាងលើតែម្នាក់ឯង ចំណែកប្រពន្ធមាន ឈ្មោះ លន មុំ អាយុ៤៦ឆ្នាំ កូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ជាអ្នកមុខរបរ អ្នកបុកអំបុក នៅឯស្រុកកំណើត ភូមិពោធិ៍ម្រេញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

បើតាមបុរសម្នាក់ជាប្អូនជីដូនមួយ ជាអ្នកប្រកបរបរលក់អំបុក ស្នាក់នៅបន្ទប់ជួលក្បែរខាងគ្នា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ មិនឃើញជនរងគ្រោះ ងើបចេញទៅលក់បំបុកដូចសព្វដង ក៏បានដើរទៅគោះទ្វារហៅ ចុចទាំងទូរស័ព្ទ ចូលរោទ៍ តែមិនសូរឆ្លើយ នឹកគិតថាជនរងគ្រោះអស់កម្លាំង ដេកសម្រាកជ្រុលហើយ ទើបម៧នហ៊ានដាស់បន្តទៀត ទុកឱ្យបងប្រុសសម្រាកសិនចុះ ហើយក៏ចេញទៅលក់អំបុកបាត់ទៅ លុះដល់វេលាថ្ងៃត្រង់វិលចូលរកហូបបាយ មើលទៅបន្ទប់ជនរងគ្រោះ បិទទ្វារជាប់ដដែល មិនឃើញងើប ក៏ដើរទៅគោះទ្វារហៅម្តងទៀត ទូរស័ព្ទចុចចូល សម្លេងរោទ៍ក្នុងបន្ទប់ តែមិនលើក សង្ស័យបានទៅតាមហៅម្ចាស់ផ្ទះជួល ឱ្យជួយគាស់បើកបង្អួចមើល ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់បាត់ ទើបឆោឡោ រាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅស្រុកកំណើត រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.